en     km
en     km

សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ប្តី​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​ស្រុក​ពញាឮ ខេត្តកណ្តាល​បាន​ហើយ

Share

(កណ្តាល) ៖ ដោយសារភ្លើងប្រច័ណ្ឌ អន់ចិត្តស្រ្តីជាប្រពន្ធមិននិយាយរកខ្លួន ជនសង្ស័យបានសម្រេចចិត្តរៀបចំគម្រោងយកសាំងចាក់ដុតសម្លាប់ប្រពន្ធខ្លួនទាំងរស់ រួចរត់គេចខ្លួនទៅសំងំនៅខេត្តកំពង់ស្ពឺ។ បច្ចប្បន្នសមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ប្តី​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​ស្រុក​ពញាឮ ខេត្តកណ្តាល​បាន​ហើយ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖

សំណុំរឿង​ឃាតកម្ម​គិតទុក​ជាមុន ប្ដី​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​ទាំង​រស់ នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន​ជនដៃដល់​បាន​ហើយ នា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ គ្រា​ដែល​ជនសង្ស័យ​កំពុង​សំងំ​រត់គេចខ្លួន​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ។​

​យោងទៅតាមការចេញផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នាថ្ងៃពុធ ទី១០ ខែមិថុនា នេះបានឲ្យដឹងថា ប្រតិ​ប​ត្ដិ​ការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​នគរបាល​ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន នៅ​ភូមិសាស្ត្រ​ចំការ​អំពៅ ក្រុមហ៊ុន​ស៊ូ​ហ្គើ ស្ថិតក្នុង​ភូមិ​ពាម​សរ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅ ជនសង្ស័យ​ឈ្មោះ ងួន ហៅ​តឿ អាយុ​៥១​ឆ្នាំ មុខរបរ​កម្មករសំណង់ បាន​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​ឈ្មោះ សរ ចាន់ អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ នៅ​ចំណុច​ភូមិ​ព្រៃ​ផ្ចឹ​ត ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ។ រឿងហេតុនេះត្រូវបានគេឲ្យដឹងថា កើតចេញពីរោគប្រច័ណ្ឌ មានទំនាស់មិននិយាយរកគ្នាជាមួយជនសង្ស័យដែលជាប្តី។

សូមជម្រាបថា ជនរងគ្រោះ និង​ជនសង្ស័យដែលបានស្លាប់នោះ បាន​មាន​ទំនាក់ទំនង​ស្នេហា និង​បានរស់នៅ​ជាមួយគ្នា​ជា​ប្តី ប្រពន្ធ​តាំងពី​ឆ្នាំ​២០១៨ ។ សមត្ថកិច្ច​បន្តថា លុះ​មកដល់​អំឡុង​ខែឧសភា ឆ្នាំ​២០២០ ជនសង្ស័យជាប្តី​បាន​ផឹកស្រា​ស្រវឹង ហើយ​បានមក​រករឿង​ជនរងគ្រោះដែលជាប្រពន្ធ ដោយ​ប្រចណ្ឌ​មកលើ​ជនរងគ្រោះ និង​ចោទថា ជនរងគ្រោះ លួច​មាន​ប្រុស​ថ្មី ដោយមិន​និយាយ​រកគ្នា​ជាង​០១​ខែ​មកហើយ។ លុះមកដល់​ថ្ងៃកើតហេតុ ជនសង្ស័យជាប្តី​បាន​សុំ​ជនរងគ្រោះជាប្រពន្ធ​ត្រូវ​គ្នា​វិញ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម ។ បន្ទាប់មក​ជនសង្ស័យ ទៅ​ដេក​លើ​គ្រែ​ក្នុងផ្ទះ​តែម្នាក់ឯង ចំណែក​ជនរង គ្រោះ​បាន​ដេក​លើ​គ្រែ​ខាងមុខ​ជាមួយ​កូនស្រី​ឈ្មោះ ចាន់ ស្រី​និ​ច អាយុ​១៩​ឆ្នាំ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ បានធ្វើសកម្មភាព​យក​សាំងចំនួន​០៤​ដប​ទឹក​បរិសុទ្ធ ដែលមួយដបមានចំណុះ​កន្លះ​លីត្រ សរុបជារួមមកស្មើនឹង​០២​លីត្រ ដោយជនសង្ស័យបានរៀបគម្រោង​ទិញ​ទុករួចជាស្រេច នៅពេលដែលជនរងគ្រោះសម្រាកលង់លក់ ជនសង្ស័យក៏បានធ្វើសកម្មភាព​យកសាំងចាក់ស្រោច​លើ​ជនរងគ្រោះជាប្រពន្ធ រួចដាក់ភ្លើងដុតទាំងរស់តែម្តង។ ដុត​រួចហើយ​ជនសង្ស័យជាប្តីបានលូន​ចេញ​តាម​ប្រឡោះ​ក្តារជញ្ជាំង​ផ្ទះ គេចខ្លួន​បាត់ទៅ​។​

​ភ្លាមនោះ​កូនស្រី​របស់​ជនរងគ្រោះ​ភ្ញាក់​ដឹងខ្លួន ឃើញ​ភ្លើង​ឆេះ​ម្តាយ ក៏​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​ពន្លត់ និង​បាន​ដឹកយក​ម្តាយ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ រហូតដល់​ម៉ោង​១១​ថ្ងៃខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ក៏​ត្រូវបាន​រថយន្តរ​បស់​មន្ទីរពេទ្យ​ដឹក​សព​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​ប្រគល់ជូន​ក្រុមគ្រួសារ។

បច្ចុប្បន្នបុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ គ្រា​ដែល​ជនសង្ស័យ​កំពុង​សំងំ​រត់គេចខ្លួន​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ។​ សំណុំរឿងជនសង្ស័យត្រូវបានចោទពីបទឃាតកម្មគិតទុកជាមុន ក្រោមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ដែលមានន័យសេចក្តីថា ឃាតកម្មគិតទុកជាមុន គឺជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលង្កើតឡើងមុនអំពើបៀតបៀន ទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលណាមួយរយៈដើម្បីប្រព្រឹត្តអំពើបៀតបៀនលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុនត្រូវផ្តន្ទាទោសដោក់ពន្ធធនាគារអស់មួយជីវិត។

នេះអាចមេរៀនមួយសម្រាប់សង្គមរស់នៅបច្ចប្បន្ន កំហឹងមួយពេលខាតប្រយោជន៍មួយជីវិត កំហឹងមិនគិតបាត់មនុស្សជាទីស្រឡាញ់។ បើមិនអាចរស់នៅជាមួយគ្នាបានទេ គួរតែបញ្ឈប់ចែកផ្លូវរាងខ្លួន កសាងអនាគតសារជាថ្មី មុននឹងកើតរឿងសោកដកម្មណាមួយ៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

ព័ត៌មានទាក់ទង

Image