en     km
en     km

អ្នកស្រី ប៉ិច រ៉ុន៖ មុខរបរដាល់អំបុកជួយទ្រទ្រង់ជីវភាពគ្រួសារនិងការសិក្សាកូនៗ

Share

ខេត្តកំពង់ធំ៖ ជាង ២០ ឆ្នាំមកហើយដែលអ្នកស្រី ប៉ិច រ៉ុន និងលោក ចាន់ថន ជាស្វាមីបានប្រកបរបរដាល់អំបុកលក់ ស្ថិតក្នុងភូមិបឹងកណ្ដាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។​

អ្នកស្រី ប៉ិច រ៉ុន កំពុងត្រៀមអំបុកយកទៅលក់នៅផ្សារ។

អ្នកស្រី ប៉ុច រ៉ុន ប្រាប់ថា ជារៀងរាល់ថ្ងៃអ្នកស្រីនិងស្វាមីចាប់ផ្តើមដាល់អំបុកនៅម៉ោង ១០ព្រឹកដល់ម៉ោងជាង៥ល្ងាច។ ចំណែកប្រភេទស្រូវដែលត្រូវយកមកធ្វើជាអំបុកមានប្រភេទស្រូវរំដួល រែងជ័យ ស្រូវដំណើប និងស្រូវសែប្រាំបួន។ អ្នកស្រីឱ្យដឹងបន្តថា ក្នុងមួយថ្ងៃអ្នកស្រីដាល់អំបុកបានពី១០០ទៅ១១០កំប៉ុង ដែលត្រូវចំណាយស្រូវដើម្បីយកមកផលិតប្រហែល ៣០ គីឡូក្រាម។

សកម្មភាពដាល់អំបុករបស់អ្នកស្រី ប៉ិច រ៉ុន និងស្វាមី។

រីឯអំបុកដាល់រួច អ្នកស្រីបានលក់បោះម៉ូយនៅក្នុងផ្សារបឹងជាប្រចាំ។ ក្រៅពីលក់អំបុកបោះម៉ូយហើយ អ្នកស្រីក៏មានរឺម៉ុកដឹកប្រហុក ផ្អក ត្រីងៀត ពងត្រី ស្ករសរ ស្ករក្រហម និងអំបុកលក់រាយ គួបផ្សំជាមួយគ្នាផងដែរ។

សម្ភារៈ និងគ្រឿងទេសមួយចំនួនរបស់អ្នកស្រី ប៉ិច រ៉ុន ដែលដាក់លើរ៉ឺម៉ក់លក់តាមភូមិស្រុក។

អំបុកដែលអ្នកស្រីបានបោះទៅអោយម៉ូយគឺក្នុង១០០កំប៉ុងមានតម្លៃ ៩ម៉ឺនរៀល បើលក់រាយខ្លួនឯងក្នុង ២កំប៉ុងតម្លៃ២៥០០រៀល។ អ្នកស្រីអាចរកប្រាក់ចំណេញបានពី ៣ ម៉ឺនទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយរដូវដែលលក់អំបុកដាច់បានច្រើនគឺរដូវបុណ្យអកអំបុក សំពះព្រះខែ។​

អ្នកស្រី ប៉ិច រ៉ុន កំពុងលីងស្រូវមុនដាក់ក្នុងត្បាលបុកចេញជាអំបុក។

អ្នកស្រី ប៉ិច រ៉ុន ​បានបញ្ជាក់ទៀតថា ដោយសារមុខរបរដាល់អំបុកនេះធ្វើឱ្យជីវភាពគ្រួសារធូធារច្រើន ហើយអាចរកប្រាក់អោយកូនគាត់រៀនសូត្រ និងអាចសងបំណុលធនាគារទៀតផង៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image