en     km
en     km

អ្នកនាំពាក្យក្រសួងមហាផ្ទៃថាលោក វ៉ាន់ឆាឡឺម បានបាត់ដំណឹងពីកម្ពុជាតាំងពីឆ្នាំ២០១៧

Share

(ភ្នំពេញ)៖ និស្សិតថៃឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា កាលពីឆ្នាំ២០១៤។ បន្ទាប់ពីមានការភ្ងាក់ផ្អើល និងផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋថៃប្រមាណ១០០នាក់ នៅមុខស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ។ នៅពេលនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃខ្មែរបានលើកឡើងថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មិនមែនទើបតែបាត់ខ្លួនទេ ពោលគឺបាត់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍ពីព័ត៌មាននេះ៖

បន្ទាប់ពីមានការភ្ងាក់ផ្អើល និងផ្ទុះការតវ៉ាទាក់ទិនទៅនឹងការបាត់ខ្លួនរបស់សកម្មជននយោបាយក្រុមអាវក្រហមថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ។ កាលពីប៉ុន្មានថ្ងៃនេះ រឿងនេះបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយចំពោះការបាត់ខ្លួនរបស់សកម្មជននយោបាយដែលត្រូវបានគេលើកឡើងថា បានរត់ភៀសខ្លួនពីប្រទេសថៃមកស្នាក់អាស្រ័យនៅកម្ពុជាកាលពីឆ្នាំ២០១៤។ ក៏ប៉ុន្តែនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ  ពលរដ្ឋថៃប្រមាណ១០០នាក់ បានបាតុកម្ម ​លើក​បដា​តវ៉ា​ នៅមុខស្ថានទូតខ្មែរប្រចាំប្រទេសថៃទាមទារឲ្យមានការស៊ើបអង្កេតករណី​ចាប់​ជំរិត​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៤ មិថុនា។ ក្រុមបាតុករថៃទាំងនោះបានសម្តែងនូវការខកចិត្តជាខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមិនបានយកចិត្តទុកដាក់ និងធានាសុវត្ថិភាពដល់ជនរងគ្រោះ។ ក្រុម​បាតុករ​បាន​អះអាង​ថា ពួកគេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​ធ្វើ​ឲ្យរាជ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ប្រកែក​បាន។ ពួកគេ​បាន​ស្នើ​សុំ​ឲ្យរាជ​រដ្ឋាភិបាល​កម្ពុជា តាម​ចាប់​ខ្លួន​ជនល្មើស និង​សុំ​ឲ្យ​សារ​ព័ត៌មាន​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ជួយ​តាមដាន​ករណី​នេះ​។ ប្រសិន​បើ​លោកវ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ​បាន​បាត់បង់​ជីវិត​ហើយនោះ ក៏សូម​ឲ្យ​ប្រគល់​សាកសព​របស់​លោក​មក​ប្រទេស​ថៃ​វិញ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។

ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានលើកឡើងថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជនក្រុមអាវក្រហម បានបាត់ដំណឹងឈឹងពីកម្ពុជា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រោយពេលដែលលោកបានសុំពន្យារពេលទិដ្ឋាការស្នាក់នៅបាន២ឆ្នាំ។ នេះបើយោងទៅតាមសារព័ត៌មានស្និតនឹងរាជរដ្ឋាភិបាលFresh News។

លោក ខៀវ សុភ័គ បានសង្កត់ធ្ងន់ថា ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅក្នុងប្រព័ន្ធចេញចូលរបស់ភ្ញៀវដែលមកកាន់ប្រទេសកម្ពុជា គឺលោក ​ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បានចេញចូលកម្ពុជាច្រើនដង ហើយនៅមុនឆ្នាំ២០១៥ ជននេះបានមកស្នើសុំពន្យារពេលទិដ្ឋាការស្នាក់ដែលមានសុពលភាពត្រឹមឆ្នាំ២០១៧ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧មក ជននេះបានបាត់ខ្លួនរហូត ដោយមិនដឹងថាបាត់ទៅទីណាទេ។

លោកបញ្ជាក់ថា៖ «បើបុគ្គលនេះរស់នៅក្នុងកម្ពុជា គឺរស់នៅដោយខុសច្បាប់ហើយ ប៉ុន្តែគាត់ទៅណាក៏យើងមិនបានដឹងតាំងពីពេលនោះមក»

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យសាក្សី ឬជនទាំងឡាយដែលមានព័ត៌មានអំពីករណីបាត់ខ្លួន លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធសូមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានពិតប្រាកដដល់សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ។ លោកបញ្ជាក់ថា តាមច្បាប់អន្តោរប្រវេសន៍ជនបរទេសមិនអាចស្នាក់នៅកម្ពុជា ហួសសុពលភាពទេ ប៉ុន្តែជននេះបានបាត់ដំណឹង។

សូមរំលឹកផងដែរថា និស្សិតថៃឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា កាលពីឆ្នាំ២០១៤។ បុគ្គលរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ មក៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

Image Not Found
Image

ព័ត៌មានទាក់ទង