ថ្មីៗនេះគណៈកម្មាការអឺរ៉ុបបានជូនដំណឹងម្ដងទៀតពីលក្ខខណ្ឌចុងក្រោយសម្រាប់កម្ពុជាមុន០២ខែ ដែលយកពន្ធមុខទំនិញ២០%នៃទំហំពាណិជ្ជកម្មសរុប។តែមន្ត្រីនាំពាក្យ អះអាងថា រាជរដ្ឋាភិបាល បានត្រៀមលក្ខណៈក្នុងការបាត់EBAទៅហើយទោះលំបាកក៏មិនមហន្ដរាយដែរ។
កញ្ញាឆោមពៅនិការាយការណ៍៖
ទំនងជាការជូនដំណឹងរបស់គណៈកម្មការអឺរ៉ុបជាចុងក្រោយនៅមុខរយៈពេល២ខែដែលការសម្រេចចិត្តដកEBA 20%ពីកម្ពុជារាល់មុខទំនិញមួយចំនួន គណៈកម្មាការនេះប្រាប់ដៃគូបញ្ជាទិញកម្ពុជាឱ្យដឹងថា កម្ពុជាអាចរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA បាន លុះត្រាតែកម្ពុជាកែលម្អស្ថានភាពនយោបាយ និងលើកកម្ពស់វិស័យសិទ្ធិមនុស្សឱ្យប្រសើរឡើងវិញ។
បើតាមសម្រង់សំដីមន្ត្រីគណៈកម្មការអឺរ៉ុបតបនឹងសារព័ត៌មានជប៉ុនNikkei Asia Reviewថា ផ្លូវរបស់កម្ពុជាដើម្បីរក្សាបានការអនុគ្រោះពន្ធEBA ទាំងស្រុងគឺតាមរយៈការបង្ហាញឱ្យឃើញថា ការរីកចំរើននិងកែលម្អផ្នែកសិទ្ធិនយោបាយ និងពលរដ្ឋ។ផ្ទុយទៅវិញប្រសិនណាមានការរីកចំរើនផ្នែកសិទ្ធិមនុស្សនៅកម្ពុជាមែននោះគណៈកម្មការអឺរ៉ុបនឹងពិចារណា ការផ្អាកការអនុគ្រោះពន្ធEBAឡើងវិញហើយអាចផ្ដល់ការអនុគ្រោះពេញលេញឡើងវិញ។
កាលពីខែកុម្ភៈក្នុងអង្គប្រជុំឧត្តមក្រុមប្រឹក្សានិងផ្ដល់យោបល់ រាជរដ្ឋាភិបាលកម្ពុជាបានចងក្រងសេចក្ដីអត្ថាធិប្បាយពិភាក្សាក្នុងកិច្ចប្រជុំឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាដាក់ជូននូវវិធានការមួយចំនួនសមា្រប់ជួយគាំទ្រដល់វិស័យនេះដែលជាគោលការណ៍ វិធានការទាំងនោះ ត្រូវបានរៀបចំសំដៅជួយទាំង រោងចក្រ-សហគ្រាសនិងកម្មករ-និយោជិត ដែលទទួលផលប៉ះពាល់ ទាំងពីជំងឺខូវីដ-១៩ និងទាំងពីការព្យួរ EBAដែលរួមមាន៖
ទី១. ពិនិត្យផ្តល់ជូនការលើកលែងពន្ធ (Tax holiday) អាចពី ៦ ខែ ទៅ ១ឆ្នាំ សម្រាប់រោងចក្រ- សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ជាក់ស្តែងលើរោងចក្រនីមួយៗដែលបណ្តាលមកពីការខ្វះវត្ថុធាតុដើមផលិត ឬ/និងការព្យួរ EBA (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវដឹកនាំសម្របសម្រួលរៀបចំរូបមន្ត និងគោលការណ៍ជាក់លាក់សម្រាប់ការវាយតម្លៃផ្តល់ការលើកលែងពន្ធនេះ)
ទី២.អនុញ្ញាតឱ្យរោងចក្រមិនបង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានិភ័យការងារនិងថែទាំសុខ- ភាព (បសស) ក្នុងអំឡុងពេលរោងចក្រព្យួរអាជីវកម្ម
ទី៣.សម្រាប់រោងចក្រ-សហគ្រាសដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លីដោយសារ ខ្វះវត្ថុធាតុដើម រោងចក្រ-សហគ្រាសត្រូវចេញប្រាក់ខែចំនួន ៤០%នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២០) ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក ២០%នៃប្រាក់ខែអប្បបរមាបន្ថែម (សរុប ៦០% នៃប្រាក់ខែអប្បបរមា)។
បើតាមសេចក្ដីរាយការណ៍សរុបរាប់តាំងពីដើមឆ្នាំ២០២០ មកមានសកម្មជនបក្សប្រឆាំងជិត ២០នាក់ ត្រូវតុលាការចាប់ដាក់ពន្ធនាគារហើយជិត២០នាក់ផ្សេងទៀត ត្រូវជនសង្ស័យវាយឱ្យរងរបួស។
កាលពីថ្ងៃទី២ ខែមិថុនាសមាគមរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងGMACបានផ្ញើលិខិតមួយច្បាប់ទៅ ប្រធានគណៈកម្មការអឺរ៉ុបតំណាងនាយកដ្ឋានកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងប្រធានសភាអឺរ៉ុប ថាពេលនេះវិស័យកាត់ដេរ វាយនភណ្ឌនិងផលិតស្បែកជើងនៅកម្ពុជាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ–១៩ ហើយបើវិស័យនេះត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទៀតនោះគឺមានន័យថា វិស័យនេះនឹងជួបទ្វេគ្រោះ។អាស្រ័យហេតុនេះសមាគមស្នើឱ្យ គណៈកម្មការអឺរ៉ុបន្ដអនុគ្រោះពិចារណាមិនឱ្យសេចក្ដីសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBAចូលជាធរមាននោះទេគឺពន្យាររហូតដល់ ខែសីហា ឆ្នាំ២០២១វិញដើម្បីផ្ដល់ឱកាសឱ្យវិស័យនេះបានរើខ្លួនរួចចេញពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ–១៩ មួយគ្រាសិន។ខណៈដែលសមាគមរោងចក្រកាត់ដេរបានបង្ហាញទឡ្ហីករណ៍ថាមកទល់ពេលនេះកូវីដបានធ្វើឱ្យរោងចក្រប្រមាណ២៥០ហើយ ព្យួរការងារឬបិទទ្វារ ហើយកម្មករប្រមាណ១៣ម៉ឺននាក់ បាត់បង់ការងារហើយនិងប៉ះពាល់ជាប្រយោលដល់ជីវភាពគ្រួសារកម្មកររាប់សែននាក់ទៀត។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យ លោកផៃស៊ីផានបានទទួលស្គាល់ ពីការលំបាកបើបាត់EBAតែមិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារលំទេ។
សំឡេងលោកផៃស៊ីផាន០១—
ដោយសារតែកូវីដនេះសហភាពអឺរ៉ុបដែលជាដៃគូបញ្ជាទិញសម្លៀកបំពាក់ស្បែកជើងធំជាងគេបានផ្អាកសកម្មភាពរបស់ខ្លួន រដ្ឋាភិបាលក៏បានជជែករឿងនេះដោយឡែកជាមួយនិយោជកនិងសហភាពអឺរ៉ុបបួនចំណុចរួមមាន៖
១-សម្របសម្រួលនឹងសហភាពអឺរ៉ុបលើកិច្ចសន្យាដែលកំពុងអនុវត្ត
២-រក្សាស្ថេរភាពការងារកម្មករនិយោជិត ក៏ដូចជាការព្យួរការងារ
៣-ជួយដល់សហគ្រាសកាត់ដេរមានភាពប្រជែងទីផ្សារ
និងជាចុងក្រោយរកទីផ្សារបន្ថែមជូនពាណិជ្ជកម្មក្រៅពី ទីផ្សារកំពុងជួបប្រទះបញ្ហា។លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែនបានគម្រាមសហជីពម្នាក់ កុំឱ្យលើកសំណើមកកាន់រដ្ឋាភិបាលដើម្បីរក្សាEBAដោយលោកប្រកាន់ជំហរកម្ពុជានឹងមិនលះបង់អធិបតេយ្យភាពរបស់ខ្លួនព្រោះតែ EBA នោះទេ។កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)លើមុខទំនិញនាំចេញ របស់កម្ពុជា១០០០លានដុល្លារគិតជាភាគរយ ប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ខណៈ ទំនិញ ៨០%ទៀតត្រូវបានរួចពន្ធដដែល៕