មានការពិភាក្សាជាច្រើនជុំវិញការដកតំណែងលោកកឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា។ មតិខ្លះថា ការដកតំណែងលោកកឹម សុខា គឺជានយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ឯមតិខ្លះថា ដើម្បីបង្វែងការចាប់អារម្មណ៍លើការស្វែងរកចាប់ខ្លួនជនដៃដល់ ដែលបានវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបឲ្យរងរបួស នៅពេលធ្វើបាតុកម្មទាមទារឲ្យលោកឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា។
ចង់ដឹងថា តើមានអ្វីនៅពីក្រោយការដកតំណែងលោកកឹម សុខា? សូមស្ដាប់បទវិភាគដែលរៀបរៀងដោយលោក ណុល ដារ៉ា៖
ក្រោយពេលតំណាងរាស្ត្រ៦៨រូបមកពីគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតដកតំណែងអនុប្រធានទី១រដ្ឋសភា ពីលោកកឹម សុខា ដែលជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានគណបក្សសង្គ្រោះជាតិរួចមក មានការជជែកគ្នាជាច្រើនពាក់ព័ន្ធនឹងករណីនេះ។
មន្ត្រីសង្គមស៊ីវិល អ្នកវិភាគ និងសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ការដកតំណែងលោកកឹម សុខា គឺដើម្បី
- បំបែកបំបាក់គណបក្សសង្គ្រោះជាតិ
- រកលេសពន្យារ ឬមិនឲ្យមានការបោះឆ្នោតនៅខាងមុខ
- បង្វែងដានការតាមចាប់ខ្លួនជនដៃដល់វាយតំណាងរាស្ត្រ
- កុំឲ្យមានអ្នកតវ៉ា នៅពេលបោះបង្គោលព្រំដែនកម្ពុជា វៀតណាម បង្ហើយដែលនៅសល់ជិត២០ភាគរយ
- កែបទបញ្ជាផ្ទៃក្នុងសភា និងច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់តែម្នាក់ឯង ដោយមិនមានបក្សប្រឆាំងចូលរួម
ទី១ អំពីការបំបែកបំបាក់គណបក្សសង្គ្រោះជាតិ។ ករណីនេះអ្នកវិភាគយល់ថា ក្រោយពេលដកតំណែងលោកកឹម សុខា នោះគណបក្សសង្គ្រោះជាតិនឹងស្នើបេក្ខភាពថ្មី ដើម្បីឲ្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រ។ អ្នកវិភាគយល់ថា គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺគាំទ្រលោកស្រីជូឡុង ស៊ូម៉ូរ៉ា ភរិយាលោកសម រង្ស៊ី។ បើសិនជាគណបក្សសង្គ្រោះជាតិដើរចូលច្រកនេះ នោះនឹងមានការឃោសនាថា វាជាផែនការដែលបានរៀបចំឡើងដោយសម្ងាត់ រវាងលោកសម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីដណ្ដើមអំណាចនេះពីលោកកឹម សុខា ហើយពេលនោះគណបក្សសង្គ្រោះជាតិនឹងសង្ស័យគ្នា លែងទុកចិត្តគ្នា ចាប់តាំងពីថ្នាក់លើ រហូតដល់អ្នកគាំទ្រ។ ប៉ុន្តែពេលនេះ គណបក្សសង្គ្រោះជាតិ បានសម្រេចមិនដាក់បេក្ខភាពថ្មីជំនួសលោកកឹម សុខានោះទេ។ ឯគណបក្សប្រជាជនកម្ពុជាក៏ថា នឹងទុកតំណែងនេះឲ្យនៅទំនេរ រហូតដល់មានការស្នើសុំពីគណបក្សសង្គ្រោះជាតិផងដែរ។
ទីពីរ អំពីការរកលេសពន្យារ ឬមិនឲ្យមានការបោះឆ្នោតនៅពេលខាងមុខ ។ ចំណុចនេះ អ្នកវិភាគយល់ថា ការដកតំណែងលោកកឹម សុខា អាចនឹងមានការផ្ទុះការតវ៉ាពីអ្នកគាំទ្របក្សប្រឆាំង ពេលនោះរដ្ឋាភិបាលនឹងមានហេតុផលគ្រប់គ្រាន់ក្នុងការបង្ក្រាប ដើម្បីរក្សាស្ថេរភាពសង្គម និងរដ្ឋាភិបាលស្របច្បាប់ ហើយអាចនឹងឈានទៅដល់ការពន្យារពេលបោះឆ្នោត ឬមិនបោះឆ្នោត ដូចរបបយោធាថៃកំពុងធ្វើ។
ទីបី អំពីការបង្វែងដានការចាប់អារម្មណ៍ លើការតាមចាប់ខ្លួនជនដៃដល់វាយតំណាងរាស្ត្រ។ ករណីនេះអ្នកវិភាគយល់ថា អ្នកតាមដានសភាពការណ៍តែងតែផ្ចង់ការចាប់អារម្មណ៍ទៅលើហេតុការណ៍ចុងក្រោយ ឯហេតុការណ៍ដែលបានកើតឡើងពីមុនមក បានកប់បាត់បន្តិចម្ដងៗ។ ចំពោះករណីតាមរកចាប់ខ្លួនជនដៃដល់វាយតំណាងរាស្ត្រនេះ អ្នកច្បាប់នៃអង្គការសង្គមស៊ីវិលយល់ថា គេមានសង្ឃឹមតិចតួច ព្រោះថាបើអាជ្ញាធរចង់ចាប់ជនដៃដល់មែន វាដូចជាមិនពិបាកដូចការចាប់ខ្លួនអ្នកព្រមានសម្លាប់លោកស ខេង ឬអ្នកព្រមានសម្លាប់លោកសុខ ទូចនោះទេ ព្រោះថា ជនដៃដល់វាយតំណាងរាស្ត្រនៅមុខរដ្ឋសភានោះ មានកាមេរ៉ាថតបានច្រើនណាស់។
ទីបួន អំពីការបង្វែងដានការចាប់អារម្មណ៍លើការបង្ហើយការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម ។ ករណីនេះ អ្នកវិភាគយល់ថា ការបង្កើតរឿងថ្មីៗ គឺដើម្បីឲ្យអ្នកតវ៉ារឿងព្រំដែនវិលមកប្រឈមជាមួយរឿងថ្មីវិញ ជាការបង្កលក្ខណៈងាយស្រួលដល់កិច្ចសហការរវាងកម្ពុជា ជាមួយវៀតណាម ក្នុងការបង្ហើយបោះបង្គោលព្រំដែន ដូចដែលវៀតណាមចង់បាន គឺការបោះបង្គោលព្រំដែននេះ មិនឲ្យមានការរំខានពី “កម្លាំងសត្រូវ” និង “ពួកជ្រុលនិយម”។
ទីប្រាំ កែបទបញ្ជាផ្ទៃក្នុងសភា និងច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់តែម្នាក់ឯង ដោយមិនមានបក្សប្រឆាំងចូលរួម។ ភ្លាមៗក្រោយការដកលោកកឹម សុខា សភាដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា៦៨រូប បានអនុម័តកែបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងកែច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ជាលទ្ធផល មន្ត្រីសង្គមស៊ីវិល ដែលតាមដានលើកិច្ចការបោះឆ្នោតបានលើកឡើងថា ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលទើបតែកែថ្មីនេះ អន់ជាងច្បាប់ចាស់ទៅទៀត ព្រោះបានបន្ថយរយៈពេលនៃការឃោសនាបោះឆ្នោត និងមិនអនុញ្ញាតឲ្យហែក្បួនឃោសនាបោះឆ្នោតឆ្លងមណ្ឌលជាដើម។
ជារួម ចំណុចទាំងប្រាំ ដូចដែលបានរៀបរាប់ខាងលើ គឺជាការមើលឃើញរបស់អ្នកវិភាគ។ ប៉ុន្តែអ្នកវិភាគមិនបានរំឭកថា ការដកតំណែងលោកកឹម សុខា គឺជាអ្វីដែលមានក្នុងចិត្តលោកនាយករដ្ឋមន្ត្រីជាយូរមកហើយនោះទេ។ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី បានថ្លែងសំដៅទៅលើលោកកឹម សុខា ថាតែងតែរិះគន់ការដឹកនាំមិនល្អរបស់រដ្ឋាភិបាលនៅទីសាធារណៈ។ នៅដើមខែឧសភា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកតំណែងលោក កឹម សុខា អនុប្រធានទី១រដ្ឋសភា តាមរយៈការបោះឆ្នោតក្នុងសភាផងដែរ៕