លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា នេះ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោកស្រី អ៉ីវ៉ា ង្វៀនប៉ិញ ចូលជួបសួរសុខទុក្ខនិងពិភាក្សាលើការងារមួយចំនួនដែលអ្នកវិភាគមើលឃើញពីចំនុចនៃជំនួបនេះ។
លោក មុត ចន្ថា មន្ត្រីជំនិតនឹងលោក កឹម សុខា បានបញ្ជាក់លើ Facebookរបស់លោក ថា ក្នុងជំនួបនេះគឺក្រៅតែពីការសាកសួរសុខទុក្ខ លោក កឹម សុខា គឺលោកស្រីឯកអគ្គរដ្ឋទូតបារាំងក៏ បានពិភាក្សាគ្នាអំពីបញ្ហាសង្គម និងសេដ្ឋកិច្ចក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាអំពីស្ថានភាពនាពេលអនាគត។
លោក មុត ចន្ថា បានបញ្ជាក់បន្ថែមថា ក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូតបានកត់សម្គាល់អំពីជំនួបរវាងលោក កឹម សុខា និងសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ។ តាមលោក មុត ចន្ថា គឺលោកស្រីឯកអគ្គរដ្ឋទូតបារាំងបានចាត់ទុកជំនួបនេះ ជាជំហានល្អមួយ។
កាលពីថ្ងៃទី១១ ខែឧសភា លោក កឹម សុខា ក៏បានទទួលជួបការសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
ជំនួបជាបន្តបន្ទាប់រវាងលោក កឹម សុខា ជាមួយតំណាងប្រទេស នៅតំបន់អឺរ៉ុប បានធ្វើឡើងបន្ទាប់ពីមានជំនួបរវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា រយៈពេលប្រមាណជា ៥០នាទី កាលពីថ្ងៃទី០៥ ខែឧសភា ក្នុងពេលលោក កឹម សុខា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ មាតាក្មេករបស់សម្តេចនាយករដ្ឋមន្ត្រី។
ប៉ុន្តែអ្នកវិភាគកត់សំគាល់ថា កាលដែល អ្នកការទូតលោកស្រីមកជួប លោកកឹមសុខា គឺប៉ុន្មាន ថ្ងៃ បន្ទាប់ពី ប្រធានអតីតគណបក្សសង្គ្រោះជាតិបានទៅជួបសម្ដេចហ៊ុនសែន គឺអាចមាន ២ចំណុច គឺទីមួយ អ្នកការទូត ចង់ស្វែករការពិត ពីលោកកឹមសុខា ដែលបានជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្ត្រីនិងទីពីរ អ្នកការទូត ចង់ដឹងពីជំហររបស់លោកកឹសុខា ដែលជាដៃគូ ពង្រឹងប្រជាធិបតេយ្យជាមួយនឹងលោកសមសរង្ស៊ី ដែល អតីតប្រធានរបស់លោកកឹមសុខា។
ប្រធាននៃអតីតបក្សប្រឆាំងរូបនេះ ត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភា កាលពីរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងខណ្ឌទួលគោក។
ការចាប់ខ្លួនមេបក្សប្រឆាំង ក៏ចំពេលគណបក្សនេះទទួលបានសំឡេងគាំទ្រប្រហាក់ប្រហែលទៅនឹងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ ហើយចំពេល លោកកឹមសុខា និងលោកសមរង្ស៊ី មានការសាមគ្គីភាពនិងស្មោះត្រង់នឹងគ្នា ជាខ្លាំង ក្នុងគោលបំណង ពង្រឹងយុត្តិធម៌សង្គមនិងប្រជាធុបតេយ្យ។
សូមរំលឹកថា អ្នកការទូតលោកសេរី ជាច្រើន ក៏បានមកជួបលោកកឹមសុខា បន្ទាប់ពីលោកកឹមសុខា ត្រូវបានដាក់អោយស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ និងអនុញ្ញាតិអោយលោកដើរបានមួយចំនួន នៅក្នុងប្រទេស កម្ពុជា។ តែយ៉ាងណា លោកកឹមសុខា កំពុងឆ្លងកាត់ការជំនុំជម្រះក្ដី ក្នុងសំនុំរឿង សន្តិដិ្ឋភាព ឬក្បត់ជាតិ ឃុបឃិតជាមួយនឹងបរទេស ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ មានការរំពឹងថា ក្រោយសាលក្រម ហើយគឺលោកកឹមសុខា នឹងទទួលបានការប្រទានការលើកលែងទោស ជាថ្មីម្ដងទៀត ពីព្រះមហាក្សត្រ តាមរយៈសំណើរបស់ សម្ដេចនាយករដ្ឋមន្ត្រី។
អ្នកវិភាគមើលឃើញថា ក្រោយពីទទួលបានការលើកលែងទោសហើយគឺមិនប្រាកដថា លោកកឹមសុខាអាចទៅជួបលោកសមរង្ស៊ីនៅក្រៅប្រទេសបានតាមការចង់បានរបស់លោកសមរង្ស៊ីបានទេដែលអ្នកវិភាគព្រមានពីការបែកបាក់ដៃគូរវាងអ្នកនយោបាយទាំងពីរ៕
ដោយ៖ពៅនិកា