« ការប្រែប្រួលអាកាសធាតុនៅកម្ពុជារួមមានគ្រោះរាំងស្ងួត និងទឹកជំនន់បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែល ប្រកបរបស់កសិកម្មជាខ្លំាង»។ នេះជាការអៈអាងរបស់លោក ទី សុគន្ធ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងសិក្ខាសាលាស្តីពី « ការប្រមូលផ្តុំចំណេះដឹង វិទ្យាសាស្រ្តសម្រាប់ការប្រែប្រួលអាកាសធាតុ កសិកម្ម និងសន្តិសុខ ស្បៀង កាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះនៅឯសណ្ឋាគារកាំបូឌីយ៉ាណា ក្រុងភ្នំពេញ»។
ប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដោយប្រទេសនេះជួបប្រទះនឹងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ ស្ទើររៀងរាល់ឆ្នាំ ហើយក្នុង នោះអ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺកសិករ។ លោក ទី សុគន្ធ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា បំរែបម្រួលអាកាសធាតុបានបណ្តាលអោយប្រជាកសិករកម្ពុជា ទទួលរងគ្រោះយ៉ាងខ្លាំង ព្រោះថាផលិតផលកសិកម្ម គឺអាស្រ័យទៅលើអាកាសធាតុ ប្រសិនអាកាសធាតុមិនអំណោយផល នោះផលកសិកម្មក៏មិនទទួល បានផលល្អដែរ។
លោក ទី សុគន្ធ បន្តទៀតថា «ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុប្រជាកសិករកម្ពុជាគប្បីផ្លាស់ប្តូរផ្នត់គំនិតនិងឥរិយាបថ ពីការធ្វើកសិកម្មតាមបែបយថាផលមកធ្វើកសិកម្មបែបប្រពលវប្បកម្មវិញ»។ នោះមានន័យថាកសិករត្រូវដាំដំណាំចំរុះចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដែលនេះធ្វើអោយសមត្ថភាពរបស់កសិករអាចកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបាន។
ចំនែកលោកស្រី ហេង ចន្តា ប្រធានផ្នែកស្រាវជ្រាវ និងកសាងសមត្ថភាព នៅវិទ្យាស្ថានសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាល ដែលបានធ្វើការសិក្សាស្រាវជ្រាវ ពីបំរែបម្រួលអាកាសធាតុ សន្តិសុខស្បៀង និងកសិកម្មនៅកម្ពុជាលើកឡើងថាការប្រែប្រួល អាកាសធាតុនៅកម្ពុជា គឺបណ្តាលមកពីការប្រែប្រួលគំរបព្រៃ ការកើនឡើងនៃប្រព័ន្ធឧស្សាហកម្ម និង ការកើនឡើងនៃឧស្ម័ន ផ្ទះកញ្ចក់។ លោកស្រីបន្តថាដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាធាតុ គឺត្រូវមានការចូលរួម ពីស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ដោយរៀបចំផែនការណ៍យុទ្ធសាស្ត្រ ដើម្បីត្រៀមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានអោយដឹងថា ប្រទេសកម្ពុជាបានកាត់បន្ថយភាព ក្រីក្រក្នុងមួយឆ្នាំៗបាន ជាង១% ដែលមានការចូល រួមពីគ្រប់វិស័យ។ ហើយក្នុងនោះវិស័យដែលបានចូល រួមជួយក្នុងការកាត់បន្ថយអត្រានៃភាព ក្រីក្រច្រើនជាងគេនោះ គឺវិស័យកសិកម្ម ដែលមានរហូតទៅ ដល់ ៦០% ច្រើនជាងវិស័យផ្សេងៗ៕