ជានីតិវិធីក្នុងប្រព័ន្ធតុលាការជនជាប់ចោទត្រូវបានតុលាការផ្តន្ទាទោសទៅតាមប្រភេទនៃបទល្មើស ក៏ប៉ុន្តែទោសទណ្ឌនោះជនជាប់ចោទពេលខ្លះក៏ត្រូវតុលាការសម្រេចឲ្យមានការព្យួរទោសមួយផ្នែកផងដែរ។ ដូចនេះតើអ្វីជាការព្យួរទោស? តើច្បាប់តម្រូវឲ្យមានលក្ខខណ្ឌអ្វីខ្លះសម្រាប់ការព្យួរទោស?
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនរាយការណ៍៖
ក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា នៅពេលដែលតុលាការប្រកាសផ្តន្ទាទោសជនល្មើសណាមួយ តុលាការអាចបង្គាប់ឲ្យព្យួរទោស ឬក៏អាចបង្គាប់ឲ្យអនុវត្តរបបពាក់កណ្តាលសេរីភាពបាន។ ការព្យួរទោសគឺជាការលើកចោលដោយមានលក្ខខណ្ឌនូវការអនុវត្តមូលទោសដែលត្រូវបានប្រកាសដោយតុលាការ។ ត្រង់នេះមានន័យថា ការព្យួរទោសគឺជាការអនុញ្ញាតឲ្យជនជាប់ពិរុទ្ធ ដែលត្រូវតុលាការផ្តន្ទាទោស អាចមិនអនុវត្តទោសនេះបាន ប្រសិនបើមិនប្រព្រឹត្តបទល្មើសថ្មីផ្សេងទៀត ក្នុងរយៈពេលដែលបានកំណត់ណាមួយ។ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១០ ទោសដែលអាចព្យួរបាន គឺមានតែទោសពន្ធនាគារ និងទោសពិន័យជាប្រាក់ប៉ុណ្ណោះ ហើយការព្យួរទោសត្រូវបានចែកជាពីរប្រភេទ គឺការព្យួរទោសធម្មតា និងការព្យួរទោសសាកល្បង។
ការព្យួរទោសធម្មតា គឺជាការព្យួរទោស
ដែលមិនតម្រូវឲ្យជនជាប់ទោសមានកាតព្វកិច្ចពិសេសណាមួយទេ ប៉ុន្តែជនជាប់ទោសមិនត្រូវប្រព្រឹត្តបទល្មើសណាមួយ
ក្នុងរយៈពេលសាកល្បងចំនួន៥ឆ្នាំ បើពុំនោះទេការព្យួរទោសនេះអាចនឹងត្រូវបានដកហូតវិញ។ ត្រង់ចំណុចនេះមានន័យថា
ប្រសិនបើជនល្មើសត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដោយត្រូវព្យួរទោស
ជនល្មើសនេះមិនត្រូវជាប់ក្នុងពន្ធនាគារនោះទេ ក៏ប៉ុន្តែប្រសិនបើក្នុងរយៈពេល
៥ឆ្នាំ ចាប់ពីថ្ងៃប្រកាសទោស ជនល្មើសនេះបានប្រព្រឹត្តបទល្មើសណាមួយថ្មីទៀត
ការព្យួរទោសនឹងត្រូវលើកចេញវិញ ហើយជនល្មើសនឹងត្រូវអនុវត្តទោសទាំងពីរ គឺទាំងទោសទី១ដែលបានព្យួរ
និងទោសទី២សម្រាប់បទល្មើសដែលប្រព្រឹត្តថ្មីក្រោយ។
ដូចគ្នាចំពោះទោសពិន័យជាប្រាក់ ប្រសិនបើតុលាការប្រកាសព្យួរទោស
ជនល្មើសមិនត្រូវបង់ប្រាក់ពិន័យនោះទេប្រសិនណាមិនមានការប្រព្រឹត្តបទល្មើសថ្មីផ្សេងទៀតក្នុងរយៈពេល៥ឆ្នាំ។
បើតាមប្បញ្ញត្តិមាត្រា ១០៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា
ក្នុងករណីដែលមានការចោទប្រកាន់ពីបទឧក្រិដ្ឋ
ឬបទមជ្ឈិមនោះការព្យួរទោសធម្មតាអាចត្រូវផ្តល់ឲ្យបាន ប្រសិនបើជនជាប់ចោទមិនទាន់មានការផ្តន្ទាទោសជាស្ថាពរឲ្យជាប់ពន្ធនាគារក្នុងរយៈពេល៥
(ប្រាំ) ឆ្នាំមុនអំពើល្មើស។ ចំពោះមាត្រា ១០៧
នៃក្រមព្រហ្មទណ្ឌដដែលនេះក៏បានប្បញ្ញត្តិដែរថាការព្យួរទោសធម្មតាត្រូវអនុវត្តទៅលើទោសដូចតទៅ៖
១-ទោសដាក់ពន្ធនាគារកាលបើទោសដែលប្រកាសនោះតិចជាង
ឬស្មើនឹង ៥ (ប្រាំ) ឆ្នាំ។
២-ទោសពិន័យជាប្រាក់។
ការប្រកាសព្យួរទោស ឬមិនព្យួរ គឺជាសិទ្ធិអំណាចរបស់តុលាការ
ក៏ប៉ុន្តែ ទោសពន្ធនាគារ ដែលតុលាការអាចប្រកាសព្យួរបាន ទាល់តែទោសពន្ធនាគារនោះ
មានរយៈពេលយ៉ាងច្រើនបំផុត ៥ឆ្នាំ។ ប្រសិនបើជនល្មើសត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ
លើសពី៥ឆ្នាំ តុលាការមិនអាចប្រកាសព្យួរទោសនេះបានទេ។
ម្យ៉ាងវិញទៀត បើទោះបីជាទោសពន្ធនាគារនេះមានរយៈពេលត្រឹម ៥ឆ្នាំ
ឬតិចជាង ៥ឆ្នាំក៏ដោយ តុលាការអាចប្រកាសព្យួរទោសបាន លុះត្រាតែជនល្មើសមិនធ្លាប់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្តងសោះ
នៅក្នុងរយៈពេល៥ឆ្នាំមុនអំពើល្មើស។ ត្រង់ចំណុចនេះយើងអាចទាញឧទាហរណ៍មួយបានថា នៅឆ្នាំ២០១០
ជនល្មើស “ក” ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្តងរួចមកហើយ
ស្រាប់តែ ៤ឆ្នាំក្រោយមក នៅឆ្នាំ២០១៤ លោក “ក” បានប្រព្រឹត្តបទល្មើសថ្មីមួយទៀត
ហើយត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ។ ទោស៣ឆ្នាំក្រោយនេះមិនអាចត្រូវព្យួរបាននោះទេ។
ខ. ការព្យួរទោសសាកល្បង
ការព្យួរទោសសាកល្បង គឺជាការព្យួរទោស ដែលមានអានុភាពធ្វើឲ្យជនជាប់ទោសត្រូវស្ថិតនៅក្រោមវិធានការត្រួតពិនិត្យ និងត្រូវគោរពកាតព្វកិច្ចដោយឡែកមួយ ឬ ច្រើននៅក្នុងរយៈពេលសាកល្បងដែលត្រូវបានកំណត់ចាប់ពី១ឆ្នាំ ដល់ ៣ឆ្នាំ។ ការព្យួរទោសសាកល្បង គឺវាមានភាពប្រហាក់ប្រហែលទៅនឹងការព្យួរទោសធម្មតាដែរ គ្រាន់តែមានរយៈពេលសាកល្បងមួយ ដែលមានរយៈពេលពី ១ឆ្នាំ ទៅ ៣ឆ្នាំ។ ក្នុងរយៈពេលសាកល្បងនេះ ទណ្ឌិតត្រូវគោរពទៅតាមវិធានការត្រួតពិនិត្យ ដែលកំណត់ដោយតុលាការ៖ត្រូវចូលខ្លួនទៅតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញា (ឬតំណាងព្រះរាជអាជ្ញា)ត្រូវទទួលការមកត្រួតពិនិត្យមើលរបស់ព្រះរាជអាជ្ញា
-ត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាមុននឹងធ្វើដំណើរទៅបរទេស
-ត្រូវផ្តល់ឯកសារ ទៅតាមការបង្គាប់របស់ព្រះរាជអាជ្ញា
-ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្តូរអាស័យដ្ឋាន ឬការផ្លាស់ប្តូរមុខរបរ
ក្រៅពីវិធានការទាំងអស់នេះ តុលាការអាចកំណត់ឲ្យទណ្ឌិតគោរពទៅតាមកាតព្វកិច្ចមួយចំនួនផ្សេងទៀត នៅក្នុងរយៈពេលសាកល្បងដូចជា ៖ត្រូវបំពេញសកម្មភាពខាងវិជ្ជាជីវៈ
-ត្រូវទៅរៀន ឬទទួលការបណ្តុះបណ្តាលខាងវិជ្ជាជីវៈ
-ត្រូវរស់នៅក្នុងកន្លែងណាមួយជាកំណត់
-ត្រូវទទួលឲ្យពេទ្យធ្វើការពិនិត្យ និងព្យាបាល
-មិនត្រូវមានវត្តមាន នៅទីកន្លែងណាមួយ ដែលកំណត់ដោយតុលាការ
-មិនត្រូវធ្វើសកម្មភាពមួយចំនួន ដូចជា សេពគប់បនល្បែង គ្រឿងស្រវឹង កាន់កាប់ ឬយកអាវុធតាមខ្លួន ឬប្រកបអាជីវកម្មណាមួយ ដែលកំណត់ដោយតុលាការ
-មិនត្រូវទៅក្បែរ ឬទៅជួបជាមួយបុគ្គលមួយចំនួនដូចជា អ្នកផ្តើមគំនិត អ្នកសមគំនិត ឬជនរងគ្រោះនៃបទល្មើសជាដើម។
នៅក្នុងរយៈពេលសាកល្បង (១ឆ្នាំ ទៅ៣ឆ្នាំ) ប្រសិនបើជនល្មើសមិនគោរពតាមវិធានការត្រួតពិនិត្យ ឬតាមកាតព្វកិច្ច ដែលកំណត់ដោយតុលាការទេ ការព្យួរទោសនឹងត្រូវលើកចេញវិញ ហើយជនល្មើសត្រូវតែអនុវត្តទោស។ ប្រសិនបើជនល្មើសប្រព្រឹត្តបទល្មើសថ្មីណាមួយទៀត ក្នុងរយៈពេលសាកល្បងនេះ ការព្យួរទោសក៏ត្រូវលើកចេញវិញដូចគ្នាដែរ ហើយជនល្មើសត្រូវអនុវត្តទោស សម្រាប់បទល្មើសទាំងពីរ ដូចករណីព្យួរទោសធម្មតាដែរ។
គួរបញ្ជាក់ថា តុលាការអាចប្រកាសព្យួរទោសសាកល្បងបាន តែចំពោះទោសពន្ធនាគារប៉ុណ្ណោះ ហើយបានតែចំពោះទោសពន្ធនាគារដែលមានរយៈពេល ក្នុងចន្លោះពី ៦ខែ ទៅ ៥ឆ្នាំប៉ុណ្ណោះ។ ទោសពិន័យជាប្រាក់ និងទោសពន្ធនាគារតិចជាង ៦ខែ ឬច្រើនជាង ៥ឆ្នាំ មិនអាចព្យួរដោយមានរយៈពេលសាកល្បងនេះបានទេ។ ជាការកត់សម្គាល់ចុងក្រោយ ការប្រកាសព្យួរទោសអាចធ្វើចំពោះទោសទាំងមូល ឬក៏ធ្វើមួយផ្នែកក៏បាន។ ត្រង់ចំណុចនេះយើងអាចទាញឧទាហរណ៍ថ្មីមួយទៀតបានថា ៖ ជនល្មើស “ក” ប្រព្រឹត្តបទល្មើសឆបោក ហើយត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែ ២ឆ្នាំត្រូវព្យួរ។ ក្នុងករណីនេះ ជនល្មើសត្រូវជាប់ពន្ធនាគារតែ ២ឆ្នាំប៉ុណ្ណោះ ដោយត្រូវព្យួរទោស ២ឆ្នាំ៕
អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា