loader

ការរំលោភសេពសន្ថវៈ

(ភ្នំពេញ)៖ តាមប្រពៃណី ស្រ្តីត្រូវស្ថិតនៅជាស្រ្តីព្រហ្មចារីយ៍ រហូតដល់ពេលរៀបអាពាហ៍ពិពាហ៍ ហើយស្រ្តីណាដែលបាត់បង់ព្រហ្មចារីយ៍មុនពេលរៀបអាពាហ៍ពិពាហ៍ បើទោះបីជាកើតឡើងដោយសារតែករណីរំលោភក៏ដោយ ក៏ត្រូវបានសង្គមពុំសូវឲ្យតម្លៃទៅលើស្រ្តីនោះ ឬយល់ថាពុំអាចរៀបការបាន។ ភាពអាម៉ាស់ និងអាស្រូវកេរ្តិ៍ឈ្មោះដោយសារអំពើរំលោភ បានក្លាយទៅជាការបន្ថែមទម្ងន់ទោសឲ្យកាន់តែធ្ងន់ចំពោះជនរងគ្រោះដោយសារតែឥរិយាបថសង្គមទូទៅ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖

ការរំលោភសេពសន្ថវៈ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅកម្ពុជា។ បញ្ហានេះឃើញមានចុះផ្សាយស្ទើរតែរាល់ថ្ងៃក្នុងសារព័ត៌មានក្នុងស្រុក។ ជនរងគ្រោះភាគច្រើនមិនហ៊ានលាតត្រដាងមុខជនល្មើសនោះឡើយ ពីព្រោះអ្នកទាំងនោះខ្លាចអាប់អោននូវកិត្តិយស។ ការបាត់បង់ព្រហ្មចារីយ៍របស់ស្រ្តីមុនពេលរៀបអាពាហ៍ពិពាហ៍ គឺជាការនាំមកនូវភាពអាម៉ាស់ដល់ស្រ្តីខ្លួនឯងផ្ទាល់ កិត្តិយស ព្រមទាំងឋានៈរបស់ក្រុមគ្រួសារផងដែរ។ អាស្រ័យដោយកង្វះសេចក្តីរាយការណ៍ និងវប្បធម៌និទ្ទណ្ឌភាព ជនល្មើសច្រើនតែរួចខ្លួន ហើយប្រព្រឹត្តិអំពើនេះម្តងហើយម្តងទៀតឥតឈប់ឈរ។

យោងទៅតាមទិន្នន័យរបស់នៃសៀវភៅអនុវត្តន៍អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ ដែលរៀបរៀងដោយ គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ ហៅកាត់ថា NGO-CEDAW និងគណៈកម្មាធិការស្រ្តីកម្ពុជា ហៅកាត់ថា CAMBOW បានលើកឡើងថា អំពើរំលោភសេពសន្ថវៈ និងការរំលោភផ្លូវភេទតាមទម្រង់ផ្សេងៗដូចជារំលោភដោយហិង្សា រំលោភជាក្រុម និងរំលោភកុមារជាដើម មានការកើតឡើងច្រើនលើសលុបទោះបីជាគេមិនដឹងថាបញ្ហានេះធ្ងន់ធ្ងរដល់កម្រិតណាមួយក៏ដោយ។ បញ្ហារំលោភសេពសន្ថវៈនៅកម្ពុជាត្រូវពិនិត្យមើលទៅលើឥរិយាបថវប្បធម៌ និងសង្គមរបស់កម្ពុជាចំពោះស្រ្តី និងបញ្ហាផ្លូវភេទ។ នៅកម្ពុជាគេតែគិតថាបុរសមានតម្លៃខ្ពស់ជាស្រ្តី ដូច្នេះហើយស្រ្តីត្រូវតែស្តាប់បង្គាប់បុរស។ ដូចឃ្លាមួយចំនួននៅក្នុងច្បាប់ស្រី ដែលស្រ្តី និងក្មេងស្រីទាំងអស់ត្រូវតែប្រតិបត្តិតាមដើម្បីឲ្យក្លាយខ្លួនជាស្រ្តីល្អ តែធាតុពិតឃ្លានីមួយៗនៅក្នុងនោះភាគច្រើន ត្រូវបានបង្កប់ន័យហិង្សា ការបំបិទសិទ្ធិ និងការផ្តល់តម្លៃឲ្យស្រ្តីទាបជាងបុរស។

ដោយសារតែបញ្ហានេះហើយទើបបុរសភាគច្រើនមិនគោរពសិទ្ធិស្រ្តីដែលត្រូវមានសេរីភាពរួចផុតពីហិង្សាផ្លូវភេទ និងហិង្សាផ្សេងៗទៀតដែលស្រ្តីភាគច្រើនមិនមានជំនឿជឿជាក់ក្នុងការប្រើប្រាស់សិទ្ធិ។

តាមប្រពៃណី ស្រ្តីត្រូវស្ថិតនៅជាស្រ្តីព្រហ្មចារីយ៍ រហូតដល់ពេលរៀបអាពាហ៍ពិពាហ៍ ហើយស្រ្តីណាដែលបាត់បង់ព្រហ្មចារីយ៍មុនពេលរៀបអាពាហ៍ពិពាហ៍ បើទោះបីជាកើតឡើងដោយសារតែករណីរំលោភក៏ដោយ ក៏ត្រូវបានសង្គមពុំសូវឲ្យតម្លៃទៅលើស្រ្តីនោះ ឬយល់ថាពុំអាចរៀបការបាន។ ភាពអាម៉ាស់ និងអាស្រូវកេរ្តិ៍ឈ្មោះដោយសារអំពើរំលោភ បានក្លាយទៅជាការបន្ថែមទម្ងន់ទោសឲ្យកាន់តែធ្ងន់ចំពោះជនរងគ្រោះដោយសារតែឥរិយាបថសង្គមទូទៅ។

យោងទៅតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២៣៩ បានផ្តល់និយមន័យ ការរំលោភសេពសន្ថវៈថា គ្រប់អំពលបញ្ចូលអង្គជាតិតាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិ ដែលប្រព្រឹត្តិទៅលើអ្នកដ៍ទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ។

យោងទៅតាមឯកសារស្រាវជ្រាវស្តីអំពី អំពើហិង្សាលើស្រ្តី និអាជីវកម្មផ្លូវភេទ មកពីក្រសួងកិច្ចការនារី បានបង្ហាញឲ្យឃើញថា ការកើតមានឡើងនៃការរំលោភសេពសន្ថវៈមានការរាយការណ៍តិចជាងចំនួនដែលកើតមានពិតប្រាកដ  ហើយមានការលំបាកនៅក្នុងការប៉ាន់ប្រមាណ អំពីអត្រានៃការរាលដាលនៃបញ្ហានេះ។ អង្គការលីកាដូ គឺជាអង្គការក្នុងស្រុក មានការិយាល័យក្នុងខេត្តចំនួន ១២ និងរាជធានីភ្នំពេញ  បានធ្វើសេចក្តីរាយការណ៍អំពីចំនួនករណីរំលោភសន្ថវៈដែលបានចងក្រងទុកជាឯកសារពី៦៦ករណី ក្នុងឆ្នាំ២០០៥ រហូតដល់២៩៧ករណី ក្នុងឆ្នាំ២០១០។ ក្នុងនោះ២២២ គឺជាករណីអនីតិជន និង៦ករណីជាករណីរំលោភសម្លាប់។

បញ្ហារំលោភបូកនៃបុរសមួយក្រុមមិនទូទៅ កើតឡើងកាន់តែច្រើន ក្នុងនោះក៏មានបុរសក្មេងៗនៅតំបន់ទីក្រុង និងនិស្សិតនៅតាមសកលវិទ្យាល័យមួយចំនួនផងដែរ។ ប៉ុន្តែចំនួនករណីបែបនេះមិនច្រើនដូចករណីរំលោភដោយបុគ្គលម្នាក់ៗឡើយ។ យោងតាមឯកសារដដែលនេះបានឲ្យដឹងថា អំពើរំលោភបូកលើសស្រ្តីបម្រើផ្លូវភេទ ស្រ្តីកម្មកររោងចក្រ ស្រ្តីបម្រើការងារក្នុងវិស័យដែលងាយនឹងរងគ្រោះ ដូចជាស្រ្តីស្រាបៀរ និងស្រ្តីខារ៉ាអូខេជាដើម នៅតែបន្តរាយការណ៍មកអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សាយព័ត៌មានជាបន្តបន្ទាប់។ បញ្ហារំលោភបូកមានការកើនឡើងច្រើនក្នុងចំណោមស្រ្តីបម្រើការកំសាន្ត និងស្រ្តីផ្សេងៗទៀត។ នៅឆ្នាំ២០១០ អង្គការលីកាដូទទួលរបាយការណ៍អំពីករណីរំលោភបូកចំនួន ១៤ករណី។

ការរំលោភសេពសន្ថវៈ នៅតែមានអត្រាខ្ពស់ជាពិសេសនៅក្នុងប្រទេសកម្ពុជាមួយផ្នែកដោយសារឥរិយាបថដែលគិតថាជនរងគ្រោះ គឺជាអ្នកទទួលខុសត្រូវសម្រាប់អំពើហិង្សាផ្លូវភេទ និងមួយផ្នែកទៀតដោយសារតែកង្វះវិធានការសង្គម និងផ្លូវច្បាប់សម្រាប់ជនល្មើស។ នេះបើយោងតាមរបាយការណ៍អង្គការលីការដូឆ្នាំ២០១៥ អំពី ការរួចខ្លួនពីប្រព្រឹត្តបទល្មើស។

តែយ៉ាងណា មាត្រា ២៣៩​នៃក្រមព្រហ្មទណ្ឌកម្ពុជា​ បានចែងថា បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ ចំពោះការរំលោភសេពសន្ថវៈ ដែលមានការប្រព្រឹត្តឡើងដូចជា៖

  • ដោយការប្រើអាវុធ ឬគំរាមនឹងអាវុធ
  • ដោយការប្រើគ្រឿងញៀន ឬគ្រប់វិធីដែលនាំឲ្យជនរងគ្រោះបាត់បង់ ឬចុះខ្សោយ នូវលទ្ធភាពទប់ទល់
  • ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះ
  • ដោយបុគ្គលដែលរំលោភអំណាចដែលមុខងាររបស់ខ្លួនបានប្រគល់ឲ្យ
  • ដោយមានបុគ្គលច្រើនរូប ដែលមានការប្រព្រឹត្តក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកផ្សំគំនិត

អំពើដូចបានរៀបរាប់ខាងលើនេះស្របតាមមាត្រា ២៤០ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ៧ឆ្នាំ ទៅ១៥ឆ្នាំ។

កាលដែលបទល្មើសនៃការរំលោភនាំឲ្យមានមរណៈជនរងគ្រោះ  យោងតាមមាត្រា ២៤៤ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ៕

អត្ថបទដោយ​ អ៊ុំ ច័ន្ទលក្ខិណា

3 2 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បវរកញ្ញា​ភូមា​ដែល​រិះគន់​របប​យោធាទទួលបាន​​សិទ្ធិ​ជ្រកកោន

យោងតាម Bangkok Post អតីតរាជិនីសម្រស់មីយ៉ាន់ម៉[...]

អ្នកនាង ខាត់ សុឃីម គ្រងឈុតបុរាណខ្មែរបង្ហាញជាតិសាសន៍ដទៃនៅអាមេរិក

ភ្នំពេញ៖ សិល្បៈការិនីសម្តីចាក់ទឹកមិនលិចអ្នកនា[...]

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x