សហភាពអឺរ៉ុបបានសម្រេចផ្ដល់ជំនួយជាបន្ទាន់នូវថវិកា៦០លានដុល្លារដលដើម្បីជួយកម្ពុជាផ្នែកសង្គមកិច្ចក្នុងការប្រយុទ្ធប្រឆាំងប្រឆាំងនឹងជំងឺកូវិដតែអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសុំអោយជំនួយនេះជួយកម្មករផង។
កាលពីថ្ងៃទី ២២មេសា មានការចុះផ្សាយជាសាធារណៈនូវ សេចក្ដីប្រកាសព័ត៌មាន របស់ សហភាពអឺរ៉ុបដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Brussel ហើយ នៅលើទំព័រហ្វេសបុករបស់លោកសមរង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ និងជាអតីតរដ្ឋមន្ត្រីក្រសូងហិរញ្ញវត្ថុ បានបង្ហោះថា ថវិកា៦០លានដុល្លារនេះ គឺជាជំនួយផ្នែកសង្គមកិច្ចនៅកម្ពុជា។
តាមការប្រកាសព័ត៌មាននេះការអនុម័តឲ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន៥៦លានអឺរ៉ូ ឬស្មើនឹង៦០លានដុល្លារដោយដកចេញពីកម្មវិធីកំពុងដំណើរការមួយចំនួន សម្រាប់ជួយដល់កម្ពុជាលើវិស័យគាំពារសង្គម ក្នុងការស្ដារសេដ្ឋកិច្ចពីវិបត្តិអំឡុងជំងឺកូវីដ-១៩កើតមាននៅកម្ពុជា។
តែបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាគឺ ការប្រកាសផ្តល់ជំនួយឥតសំណងនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំ តាមរយៈVideo Conference កាលពីថ្ងៃចន្ទទី២០មេសា រវាង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
តាមការប្រកាសនេះ គឺការផ្តល់ជំនួយនេះធ្វើឡើង នៅពេលដែលកម្ពុជាបានបង្ហាញពីតម្រូវការរបស់ខ្លួន និងលទ្ធភាពនៃការចូលរួមរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់កម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញពីផលប៉ះពាល់នៃជំងឺនេះ។
កាលពីខែមុនសហរដ្ឋអាមេរិកដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរដូចនឹងសហភាពអឺរ៉ុបផងដែរ នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ក៏បានសម្រេចផ្តល់ជំនួយ២លានដុល្លារ ដល់កម្ពុជាសំដៅទប់ស្កាត់នឹងជំងឺឆ្លងកូវិដដ៏កំណាចនេះ។ដោយឡែកប្រទេសអាល្លឺម៉ង់ក៏បានជួយកម្ពុជាផងដែរនូវទឹកប្រាក់១លាន៦សែនដុល្លារ ។
ចំណែកអំណោយពីសហភាពអឺរ៉ុបនេះ លោកសមរង្ស៊ីអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុបានទទូចថាជំនួយនេះ ត្រូវយកមកជួយឧបត្ថម្ភកម្មករ ដែលបាត់បង់ការងារ។
លោកសមរង្ស៊ី បាន រៀបរាបក្នុងសំណេររបស់លោកដោយមានន័យដើមទាំងស្រុងថា៖ សហភាពអឺរ៉ុប ទើបតែបានប្រកាសផ្តល់អំណោយ ប្រមាណ ៦៦ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជា ឆ្លងកាត់វិបត្តិសេដ្ឋកិច្ច បណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩។
ថវិកានេះ អាចយកមកផ្តល់ឲ្យកម្មករ ចំនួនរហូតដល់ទៅ ២ សែននាក់ ម្នាក់ ៥០ ដុល្លារ ក្នុងរយៈពេល ៦ ខែ។ រដ្ឋអំណាចប្រទេសកម្ពុជា បានសម្រេចផ្តល់ឲ្យកម្មករ ដែលបាត់បង់ការងារ ម្នាក់ ៧០ ដុល្លារ តែចំនួនទឹកប្រាក់ប៉ុណ្ណឹង មិនអាចធានាជីវភាពរស់នៅរបស់កម្មករ ចំនួន ១ សែននាក់ហើយ ដែលទើបតែបាត់បង់ការងារ។ បើបន្ថែម ៥០ ដុល្លារ ពីសហភាពអឺរ៉ុប ថែមទៀត នោះប្រាក់ឧបត្ថម្ភសម្រាប់កម្មករម្នាក់ៗ នឹងឡើងដល់ ១២០ ដុល្លារ ក្នុង ១ ខែ គឺស្មើទៅនឹងអ្វី ដែលលោក ហ៊ុន សែន បានសន្យាឲ្យកម្មករ ពីដើមទី គឺ ៦០ ភាគរយ នៃប្រាក់ខែដើម ២០០ ដុល្លារ x ៦០% = ១២០ ដុល្លារ ។
លោកសមរង្ស៊ី បន្តថា អ្នកសង្កេតការណ៍ឯករាជ្យជាច្រើន បានបង្ហាញពីកង្វល់ ទាក់ទងនឹងការគ្រប់គ្រងជំនួយអន្តរជាតិ និងថវិកាទាំងឡាយ ដែលរៃអង្គាសបាន ក្នុងបំណងទប់ស្កាត់ជំងឺកូវីដ-១៩ ថា គ្មានតម្លាភាព ហើយនឹងនាំមកនូវអំពើពុករលួយ ។ យ៉ាងណា អនុសាសន៍របស់លោកសមរង្ស៊ី នៅមិនទាន់ឃើញមានប្រតិកម្ម ពីមន្ត្រីកម្ពុជាណាម្នាក់ឡើយ ខណៈវិទ្យុស្ត្រី នៅពុំទាន់បានសុំការបំភ្លឺ ពីអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅឡើយ។ តែបែបនេះក្ដី រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចហ៊ុនសែន បានប្រកាស ជាផ្លូវការថា ត្រូវជួយ កម្មករ ណាដែល បាត់បង់ការងារក្នុងសម័យកូវិដនេះ គឺ២០ភាគរយ លើចំណែករបស់សហគ្រាសរោងចក្រ៤០ភាគរយ។សម្ដេចហ៊ុនសែន ប្រកាសថា រាជរដ្ឋាភិបាល ក៏បាន ប្រកាស បញ្ចេញកញ្ចប់ថវិកា ៦០០លានដុល្លារក្នុងអន្តរកាលនេះ ដើម្បីជ័យវិស័យជាច្រើន ដែលជួបផលវិបាក នៃការផ្ទុះជំងឺឆ្លង កូវិដ-១៩៕
ពៅនិកា