សៀមរាប៖ អាជ្ញាធរជាតិអប្សរារកឃើញគ្រឹះកំពែងបុរាណ នៅជុំវិញប្រាសាទលលៃ ដែលកប់ក្នុងដីជាង ១០០ ឆ្នាំ ក្រោមសំណង់សាសនាសម័យក្រោយៗបន្ទាប់ពីបើកការដ្ឋានកំណាយជាង ១ ខែ ដែលអ្នកជំនាញសង្ស័យថា គ្រឹះកំពែង ១ កន្លែងអាចជាបណ្ណាល័យសិក្សានាសម័យនោះ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖
ប្រាសាទលលៃ មានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក(បារាយណ៍លលៃ)នាបុរាណកាល។ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមសម័យកាលជាបន្តបន្ទាប់។ ប៉ុន្តែនៅចុងឆ្នាំ ២០១៩ សំណង់សាសនាទាំងនោះត្រូវបានព្រះគ្រូចៅអធិការវត្តលលៃអាចារ្យនិងគណៈកម្មការគ្រប់គ្រងវត្តលលៃទាំងអស់ ព្រមទាំងពុទ្ធបរិស័ទជុំវិញវត្ត បានសម្រេចរំកិលចុះមកក្រោមដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានឲ្យដឹងថា ក្នុងន័យនេះ នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការស្រាវជ្រាវនិងប្រទះឃើញអាថ៌កំបាំងដ៏អស្ចារ្យនៃរចនាសម្ពន្ធសំណង់បុរាណជាច្រើនដូចជា ខ្លោងទ្វារចូល កម្រាលឥដ្ឋ កុលាលភាជន៍ និងជញ្ជាំងកំពែង ដែលបានកប់ក្នុងដីក្រោមសំណង់សាសនាតាំងពីសម័យអាណានិគមបារាំងមក។ ការប្រទះឃើញរចនាសម្ពន្ធដ៏សម្បើមនេះ គឺជាការផ្តល់នូវទិន្នន័យថ្មីៗសម្រាប់កិច្ចការស្រាវជ្រាវបុរាណវិទ្យា ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងកិច្ចការអភិរក្ស អភិវឌ្ឍន៍ និងលើកតម្លៃប្រាសាទលលៃឱ្យកាន់តែល្អប្រសើរជាងមុន។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា៖ «ការប្រទះឃើញរចនាសម្ព័ន្ធដ៏សម្បើមនេះ គឺជាការផ្តល់នូវទិន្នន័យថ្មីៗសម្រាប់កិច្ចការស្រាវជ្រាវបុរាណវិទ្យាប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងកិច្ចការអភិរក្ស អភិវឌ្ឍន៍ និងលើកតម្លៃប្រាសាទលលៃឱ្យកាន់តែល្អប្រសើរជាងមុន»។
លោក ថូ ថុន ប្រធានក្រុមកំណាយស្រាវជ្រាវនៅប្រាសាទលលៃបានឱ្យដឹងថា ក្រុមការងារបានបើករណ្តៅកំណាយបានចំនួន១០រណ្តៅនៅក្រោមអតីតសំណង់សាសនានៅផ្នែកខាងកើត ខាងជើង និងខាងលិច ហើយបានប្រទះឃើញរចនាសម្ពន្ធសំណង់ខ្លោងទ្វារចូលទាំង៣ទិស កំពែង៣ជាន់ព័ទ្ធជុំវិញតួប៉មទាំង៤នៃប្រាសាទ រចនាសម្ពន្ធកំពែងប្រាសាទក្នុងក្រៅ កម្រាលថ្មបាយក្រៀម កម្រាលឥដ្ឋជាច្រើនទីតាំង ចម្លាក់ដែលមានក្បាច់លម្អ រួមនឹងភាពខុសគ្នានៃខឿនប្រាសាទត្រង់ព្រះវិហារ។
ទាក់ទងនឹងមូលហេតុនៃការកប់រចនាសម្ពន្ធប្រាសាទនៅក្នុងដីនេះ លោក ថូ ថុន សន្និដ្ឋានថា ប្រហែលបណ្តាលមកពីការសាងសង់នាសម័យក្រោយៗភ្លេចគិតថាមានអ្វីក្រោមដី ព្រោះមានដីលុបពីលើសំណង់បុរាណបាត់អស់។ រីឯការអភិវឌ្ឍសំណង់នាសម័យក្រោយៗ ក៏ពុំបានធ្វើឱ្យសំណង់បុរាណក្រោមដីនេះរងការបំផ្លាញច្រើនទេ ព្រោះចាស់ៗបានរក្សាផ្នែកខាងក្នុងដោយកម្រាលឥដ្ឋនិងខាងក្រៅក្រាលថ្មបាយក្រៀមដើម្បីការពារ។
សូមជម្រាបថា ក្រុមការងាររបស់អាជ្ងាធរជាតិអប្សរាបានបើករណ្តៅកំណាយបានចំនួន ១០ រណ្តៅនៅក្រោមអតីតសំណង់សាសនានៅផ្នែកខាងកើត ខាងជើង និងខាងលិច។
ចំពោះរណ្តៅកំណាយ ១ កន្លែង លោក ថូ ថុន ឲ្យដឹងថា ក្រុមជំនាញកំពុងសិក្សាបន្ថែមទៀត ព្រោះតែសង្ស័យថា គ្រឹះកំពែងនោះ គឺជាបណ្ណាល័យនៃប្រាសាទលលៃ ដែលមនុស្សក្នុងសម័យនោះបានបន្សល់ទុក ខណៈកំណាយទាំងអស់នៃរណ្តៅកំពុងបន្តការស្រាវជ្រាវ៕
អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណា