ភ្នំពេញ៖ នគរបាលចរាចរណ៍នឹងចាប់ផ្ដើមអនុវត្តតាមអនុក្រឹត្យថ្មីដែលបានកំណត់អំពីការផាកពិន័យកើនដល់ ៣ ដង ឬទៅដល់ ៥ ដងនៃអនុក្រឹត្យចាស់ ចំពោះអ្នកបើកបរល្មើសច្បាប់ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ មន្ត្រីរំពឹងថា ការបន្ថែមប្រាក់ផាកពិន័យចំពោះបទល្មើសចរាចរណ៍នេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញនូវសេចក្ដីជូនដំណឹងនៅពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ដោយបានគូសបញ្ជាក់ថានៅ១ត្រីមាសនៃឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានថយចុះ១៥០លើក ស្មើ១៤ភាគរយ, ចំនួនអ្នកស្លាប់បានថយចុះ២០នាក់ ស្មើ៤ភាគរយ និងអ្នករបួស បានថយចុះ២៧៧នាក់ ស្មើ១៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ហើយដើម្បីជាវិធានការការពារបន្ត ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ កងកម្លាំងនគរបាលចរាចរណ៍នឹងចាប់ផ្ដើមផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី ដែលប្រាក់ពិន័យត្រូវបានបង្កើនពី៣ទៅ៥ដងឯណោះ បើធៀបនឹងអនុក្រឹត្យចាស់ ដើម្បីជំរុញឲ្យមានការគោរព និងអនុវត្តច្បាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ។
យោងតាមសេចក្ដីជូនដំណឹងដដែលនេះបានឲ្យដឹងថា«គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង អ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រឭកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់សង្គមនៅព្រះរាជាណាចក្រកម្ពុជា»។
យោងតាមអនុក្រឹត្យថ្មីការបើកបរមិនពាក់មួកសុវត្ថិភាព ឬពាក់មួកមិនបានត្រឹមត្រូវ ត្រូវពិន័យទឹកប្រាក់កើនដល់ ៦ ម៉ឺនរៀល។
ចំពោះការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មិល្លីក្រាមក្នុង ១ លីត្រខ្យល់ ឬពី ០,៨០ ក្រាម ក្នុង ១ លីត្រឈាមឡើងទៅ នឹងត្រូវពិន័យចំនួន ១ លានរៀលសម្រាប់អ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្ត។ ពិន័យចំនួន ២ លានសម្រាប់អ្នកបើកបររថយន្តធុនស្រាល និង ៤ លានរៀល សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់។
ប្រសិនបើក្នុងរយៈពេល ៦ ខែ អ្នកបើកបរបានប្រព្រឹត្តល្មើសដោយបើកបរស្ថិតក្នុងស្ថានភាពស្រវឹងចំនួន ២ ដង នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនឹងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ ២០២០ ជាឆ្នាំដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមា បន្ទាប់ពីបានកើនឡើងយ៉ាងគំហុកកាលពីឆ្នាំ ២០១៩ ដែលមានអ្នកស្លាប់កើនឡើង ២២០ នាក់ ស្មើនឹង ១២% និងអ្នករបួសកើនឡើង ១ ៣៧១ នាក់ ស្មើនឹង ២៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨៕
អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណា