អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណ
អំពើជួយដូរមនុស្ស គឺជាទម្រង់ទាសករមួយប្រភេទ។ កត្តាសំខាន់ដែលប៉ះពាល់ដល់ការជួយដូរស្រ្តីនៅកម្ពុជា គឺភាពក្រីក្រ និងចំណាកស្រុក បញ្ហាទាំង២នេះគឺជាប់ទាក់ទងគ្នាទៅវិញទៅមក។ ក្រៅពីនេះការជួយដូរមនុស្សក៏កើតចេញពីរូបភាពផ្សេងគ្នាទៀតផងដែរ ទៅតាមល្បិចកលរបស់ជនល្មើសធ្វើការបោកបញ្ឆាតជនរងគ្រោះ។ ដូចនេះតើមានរូបភាពណាខ្លះដែលតែងតែកើតមានឡើងជាញឹកញាប់ចំពោះការជួញដូរ និងអាជីវកម្មផ្លូវភេទនៅកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ន?
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖
គ្រួសារដែលលំបាកនៅក្នុងជីវភាពរស់នៅ និងភាពក្រីក្រអាចទទួលអារម្មណ៍គាបសង្កត់ឲ្យលក់ដូរកូនស្រីរបស់ខ្លួនដើម្បីសងបំណុលគេដែលគ្រួសារបានជំពាក់។ ក្រោយពេលជួញដូរ ជនរងគ្រោះត្រូវបានគេបង្ខំឲ្យធ្វើការជាទម្ងន់ដើម្បីសងបំណុលរបស់គ្រួសារ។ ជាពិសេសស្ត្រីដែលរស់នៅតំបន់ជិតព្រំដែន ច្រើនតែងាយរងគ្រោះដោយត្រូវបានគេជួញដូរក្នុងពេលធ្វើចំណាកស្រុក ដោយស្ត្រីទាំងនោះបានធ្វើដំណើរទៅកាន់តំបន់ផ្សេងៗជាច្រើនដើម្បីស្វែងរកការងារធ្វើ។ ក្នុងពេលធ្វើចំណាកស្រុកនេះស្រ្តីច្រើនតែត្រូវគេបោកប្រាស់អំពីការរកការងារធ្វើតាមរយៈមេខ្យល់ដោយសន្យាជួយជូនទៅ ជាថ្នូរនឹងប្រាក់ឈ្នូលនៃការជូនផ្លូវនោះ។ បញ្ហាបែបនេះគែហៅថាការជ្រើសរើស។ ក្នុងករណីដូច្នេះស្រ្តីពុំបានដឹងព័ត៌មានអ្វីទាល់តែសោះ ហើយត្រូវពឹងផ្អែកមេខ្យល់ទាំងស្រុងចំពោះមធ្យោបាយធ្វើដំណើរ ស្នាក់នៅ ចំណីអាហារ ការងារ និងភាសា។ ត្រង់ចំណុចនេះហើយដែលស្រ្តីតែងតែត្រូវគេជួយញដូរ និងលក់ឲ្យទៅធ្វើការងារដោយបង្ខំ។ ទន្ទឹមនឹងនោះចំណងនៃបំណុលក៏ត្រូវបានកើតឡើងដែរ ដោយគេប្រាប់ជនរងគ្រោះថាខ្លួនបានជំពាក់ប្រាក់មនុស្សដែលជូននាងមកនូវថ្លៃធ្វើដំណើរ និងការចំណាយផ្សេងៗ ហើយដើម្បីដោះបំណុលទាំងអស់នោះនាងត្រូវធ្វើជាស្រ្តីពេសន្យា ឬការងារដោយបង្ខំណាមួយ។
ក្រុមជួញដូរមនុស្សច្រើនបោកបញ្ឆោតស្រ្តីដែលងាយរងគ្រោះបំផុតដូចជា ស្រ្តីក្រីក្រ ខ្វះការអប់រំ និងពុំបានដឹងពីសិទ្ធិរបស់អ្នកទាំងអស់នោះជាដើម។ ជាធម្មតាស្រ្តីដែលត្រូវបានជួយដូរច្រើនតែរងគ្រោះពីសំណាក់ការរំលោភលើសិទ្ធិជាច្រើនករណី។ ឧទាហរណ៍ ស្រ្តីរងគ្រោះដែលត្រូវបានលក់ក្នុងអាជីវកម្មផ្លូវភេទច្រើនតែទទួលរងអំពើរំលោភសេពសន្ថវៈជាប្រចាំ។ ទន្ទឹមនឹងនោះនាងក៏ត្រូវរងការវាយដំ ឬមេបនបង្ខំឲ្យប្រើប្រាស់គ្រឿងញៀនដើម្បីធ្វើឲ្យនាងចុះចូលជាមួយគេជានិច្ចហើយមិនរត់គេចទៅណា។ ស្រដៀងគ្នានេះដែរ ស្រ្តីណាដែលគេបង្ខំឲ្យធ្វើការនៅក្នុងផ្ទះក៏អាចងាយរងគ្រោះពីការរំលោភបំពានលើរាងកាយ និងផ្លូវភេទផងដែរពីសំណាក់ថៅកែ និងមនុស្សផ្សេងៗទៀតនៅក្នុងផ្ទះនោះ។
យោងទៅតាមសៀវភៅការអនុវត្តន៍អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទនៅកម្ពុជា ឆ្នាំ២០១០ ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW) និងគណៈកម្មាធិការស្រ្តីកម្ពុជា (CAMBOW) បានធ្វើការបែងចែករូបភាពនៃការជួយដូរ និងអំពើអាជីវកម្មផ្លូវភេទជា ៦រូបភាពដូចតទៅ៖
១. ការជួយដូរមនុស្សបែបពាណិជ្ជកម្ម
អំពើជួយដូរមនុស្សបែបនេះ ពាក់ព័ន្ធជាការផ្តល់អំណាចគ្រប់គ្រងខុសច្បាប់លើមនុស្សណាម្នាក់ដោយមនុស្សម្នាក់ទៀត ឬជាការទទួលសិទ្ធិគ្រប់គ្រងដោយខុសច្បាប់របស់មនុស្សណាម្នាក់ជាថ្នូរនឹងប្រាក់កាក់។ ក្នុងករណីបែបនេះជនរងគ្រោះច្រើនតែជាស្រ្តី និងកុមារ។
២. ការឆបោកតាមរយៈការរកការងារឲ្យធ្វើ
បញ្ហានេះសំដៅទៅលើការរកការងារធ្វើដោយពួកអ្នកចំណាកស្រុកដែលពុំសូវបានដឹងព័ត៌មានច្រើន។ ជាធម្មតាអំពើជួយដូរមនុស្សបែបនេះកើតឡើងតាមរយៈមេខ្យល់ជាអ្នកដឹកនាំ។
៣. អាពាហ៍ពិពាហ៍ក្លែងក្លាយ
បញ្ហានេះសំដៅចំពោះអាពាហ៍ពិពាហ៍របស់នារីខ្មែរ និងបុរសបរទេស ដែលភាគច្រើនឪពុកម្តាយជាអ្នកជម្រុញ ឬមានការយល់ព្រមដោយស្រ្តីផ្ទាល់ក៏មាន ប៉ុន្តែស្រ្តីដែលរៀបការនោះពុំសូវបានដឹងព័ត៌មានច្បាស់លាស់អំពីបញ្ហាដែលកើតឡើងចំពោះខ្លួនឯងក្រោយអាពាហ៍ពិពាហ៍នោះឡើយ។ ជាធម្មតាបញ្ហានេះកើតឡើងតាមរយៈមេខ្យល់ដូចគ្នា។
៤. ស្មុំកូន
សំដៅលើបញ្ហាដែលកុមារតូចៗ ជាពិសេសកុមារី ដែលត្រូវបានគេសុំយកទៅធ្វើជាកូនចិញ្ចឹមហើយក្រោយមកត្រូវបានគេយកទៅរំលោភ ឬយកទៅលក់ឲ្យធ្វើជាស្រ្តីបំរើការកំសាន្ត ឲ្យធ្វើការងារ ឬអាចយកទៅវះកាត់យកសិរីរាង្គណាមួយក៏មាន។
៥. អាជីវកម្មលើពលកម្មកុមារ
សំដៅទៅលើការបង្ខិតបង្ខំកុមារឲ្យធ្វើការងារដោយគ្មានប្រាក់ឈ្នូល ឬធ្វើការដើម្បីសងបំណុលឳពុកម្តាយ ក្នុងករណីនេះកុមារអាចបាត់បង់ឱកាសរៀនសូត្រ និងសេចក្តីសុខ ព្រមជាមួយភាពកក់ក្តៅនៅក្នុងវ័យកុមារ។
៦. អំពើហិង្សាក្នុងគ្រួសារ
សំដៅលើស្ថានភាពដែលកុមារចាកចេញពីផ្ទះសំបែង ដោយសារអំពើហិង្សានៅក្នុងគ្រួសារ ដែលវាជាហេតុនាំឲ្យកុមារអាចរងគ្រោះដោយអំពើជួញដូរជាដើម។ ជាពិសេសកុមារីអាចត្រូវបានជួយដូរដើម្បីធ្វើអាជីវកម្មផ្លូវភេទ។
បុរសស្រ្តី និងកុមារកម្ពុជា ត្រូវបានគេលក់ដូរក្នុងអាជីវកម្មផ្លូវភេទ និងអាជីវកម្មខាងកម្លាំងពលកម្មទៅប្រទេសថៃ ម៉ាឡេស៊ី ម៉ាកាវ និងតៃវ៉ាន់ជាដើម។ ក្នុងបញ្ហាបែបនេះស្រ្តូដែលត្រូវបានគេយកទៅបម្រើតាមផ្ទះ ច្រើនតែត្រូវបង្ខំឲ្យរួមភេទជាមួយម្ចាស់ផ្ទះ។ ចំណែកឯបុរសវិញភាគច្រើនត្រូវបានគេលក់ដូរឲ្យធ្វើជាកម្មករនេសាទ សំណង់ និងវិស័យឧស្សាហកម្មផ្សេងៗដោយបង្ខំ។ កម្ពុជាគឺជាចំណុចឆ្លងកាត់សម្រាប់មនុស្សដែលត្រូវគេជួញដូរពីវៀតណាមទៅប្រទេសថៃ និងជាចំនុចគោលដៅដែលត្រូវជួញដូរពីវៀតណាមទៅចិន។
អំពើជួញដូរក្នុងប្រទេសក៏ជាបញ្ហាមួយដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។ មានករណីជួញដូរស្រ្តី និងកុមារជាច្រើនពីជនបទមកទីក្រុងក្នុងគោលបំណងដើម្បីអាជីវកម្មផ្លូវភេទ។ ក្នុងករណីជាច្រើនកុមារត្រូវបានគ្រួសារលក់ ឬចាញ់បោកគេថាយកទៅធ្វើការជាអ្នកបម្រើក្នុងផ្ទះ ប៉ុន្តែក្រោយមកត្រូវបានគេបង្ខំឲ្យធ្វើជាទាសករផ្លូវភេទទៅវិញ។
ទាក់ទងទៅនឹងទណ្ឌកម្មទៅលើជនល្មើសដែលបានប្រព្រឹត្តការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគឺត្រូវទទួលទោសតាមការអនុលោមនៃច្បាប់ ស្តីពីការបង្រ្កាបអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៧ នាសម័យប្រជុំសភាលើកទី៧ នីតិកាលទី៣ ហើយព្រឹទ្ធសភាយល់ស្របទាំងស្រុងដោយគ្មានការកែប្រែទាំងស្រុង៕
អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា