អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណា
ចៅពញាសួគ៌ាលោកពេជ្រ ឬលោកតាមឿង គឺជាស្ដេចត្រាញ់ និងជាចៅហ្វាយស្រុកខែត្រពោធិ៍សាត់។ ដំបូងលោកគឺជាមេស្មឹងនៅភ្នំក្រវាញ ហើយលោកបានជួយយកអាសាព្រះបាទចន្ទរាជាពេលទ្រង់និរទេសទៅប្រទេសសៀម និងពេលត្រឡប់មកវិញបានទៅប្រហារសំលាប់ចៅពញាសួគ៌ាលោកខាងព្រះស្ដេចកនចោល។ ក្រោយពីនោះមកចៅហ្វាកៅ និង ចៅពញាចក្រីកែវបានឡោមព័ទ្ធបន្ទាយមានជ័យនៅឯខែត្រពោធិ៍សាត់ លោកតាមឿងបានពលីជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោច ក្នុងព្រឹត្តិការណ៍នេះកូនប្រុសទាំងពីររបស់លោកបានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចជាមួយលោកដែរ ដើម្បីរំដោះព្រះអង្គចន្ទចេញពីគ្រោះថ្នាក់ ក្នុងគ.ស ១៥៤៩។ ក្រោយពីលោកអនិច្ចកម្មទៅ មានមេស្មឹងម្នាក់ស្នងរូបលោកទាក់ទងជាមួយព្រះបាទចន្ទរាជា មេស្មឹងនោះមានឈ្មោះថា ពញាចន្ទ ហើយក៏ត្រូវជាមិត្ររបស់លោកតាមឿងដែរ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីប្រែសម្រួល៖
កាលដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទ ហើយឡើងសោយរាជ្យនោះ រាជវង្សានុវង្សត្រូវបានបែកបាក់។ ក្នុងនោះស្ដេចពញាច័ន្ទរាជា បុត្រព្រះធម្មរាជាក៏បានភៀសព្រះកាយទៅសុំជ្រកកោននឹងស្ដេចសៀម។ ដោយក្ដៅក្រហាយនឹងស្ដេចកនពេក ៧ឆ្នាំក្រោយមក ព្រះបាទចន្ទរាជាក៏បានប្រើឧបាយកលបោកស្ដេចសៀមយកបានកងទ័ពសៀមចំនួន៥.០០០នាក់ និងស្បៀងគ្រប់គ្រាន់នាំចូលមកស្រុកខ្មែរវិញ។ លឺដំណឹងដូច្នេះ នៅពេលដែលព្រះបាទច័ន្ទរាជាទ្រង់យោងមកដល់ខេត្តបាត់ដំបង ចៅហ្វាយខេត្តបាត់ដំបងបានថ្វាយទាហាន និងការគាំទ្រទាំងស្រុងនៅទូទាំងខេត្ត។ ពេលព្រះអង្គចន្ទរាជាមកដល់ខេត្តពោធិ៍សាត់ ចៅហ្វាយខេត្តពោធិ៍សាត់ហាក់បីដូចជាមិនគាំទ្រ រឹងទទឹងនឹងអង្គចន្ទរាជាជាខ្លាំង ខណៈនោះចៅហ្វាយខេត្តរូបនេះក៏បានរាយការណ៍សុំជំនួយពីស្ដេចកនប្រឆាំងនឹងព្រះចន្ទរាជា ទើបជាហេតុនាំឲ្យពញាមឿង ដែលជាមេស្មឹងមានចិត្តស្មោះស្ម័គ្រនឹងអង្គច័ន្ទរាជាបានរៀបគម្រោងវាយឆ្មក់ និងសម្លាប់ចៅហ្វាយខេត្តពោធិសាត់ រួចបញ្ចុះបញ្ចូលឲ្យប្រជារាស្ត្រក្នុងខេត្តពោធិ៍សាត់ចុះចូលនឹងព្រះអង្គចន្ទរាជា ក្រៅពីនោះលោកពញ្ញាមឿងក៏បានថ្វាយសេះ ដំរីជាច្រើនដល់ព្រះអង្គចន្ទរាជាសម្រាប់ធ្វើសឹកសង្រ្គាមថែមទៀតផង។ ដូច្នេះហើយទើបព្រះអង្គចន្ទរាជាតែងតាំងពញ្ញាមឿងជា «ចៅពញាសួគ៌ាលោកតាមឿង» ឲ្យធ្វើជាចៅហ្វាយខេត្តពោធិ៍សាត់និងជាមេទ័ពសម្រេចកិច្ចការរបស់ព្រះរាជាគ្រប់ប្រការ។ រីឯកូនៗរបស់តាមឿង៤នាក់ទៀតក៏សុទ្ធតែទទួលឋានន្តរស័ក្កិខ្ពង់ខ្ពស់ជាចៅពញាមានមុខនាទីផ្សេងៗគ្នា។
កាលបើលឺដំណឹងដូច្នេះ ស្ដេចកនដែលជាស្តេចជ្រែករាជ្យបានចាត់តាំងឲ្យលើកទ័ពប្រមាណជាង១២ម៉ឺននាក់ដើម្បីវាយកម្ទេចទ័ពរបស់ព្រះអង្គចន្ទរាជាដែលទើបនឹងកេណ្ឌបានថ្មីៗ។ ទ័ពស្ដេចកនលើកទៅដល់ខេត្តក្រគរ ស្រុកក្រគរ ក៏ប្រយុទ្ធគ្នាជាមួយទ័ពព្រះអង្គច័ន្ទរាជា ដែលមានតាមឿងជាអ្នកដឹកនាំ។ ឃើញស្ដេចកនលើកទ័ពទៅច្រើនដូច្នេះ លោកតាមឿងក៏បានបញ្ជាទ័ពដកថយចូលបន្ទាយវិញទាំងអស់ដើម្បីទប់ទល់។ ភ្លាមនោះស្ដេចកនបានបញ្ជាឲ្យ ចៅហ្វាកៅ និង ចៅពញាចក្រីកែវលើកទ័ពប្រមាណ១០ម៉ឺននាក់បញ្ចូនទៅឲ្យរុំព័ទ្ធបន្ទាយរបស់ព្រះអង្គចន្ទរាជានៅឃុំបាក់នឹម (បន្ទាយជ័យ) ដែលនៅក្នុងបន្ទាយនោះមានកងទ័ពតែ២ម៉ឺននាក់ប៉ុណ្ណោះ។ ស្តេចកនបានព័ទ្ធបន្ទាយនេះអស់រយៈពេល១២ខែ បានធ្វើឲ្យហោចស្បៀងនៅក្នុងបន្ទាយព្រះអង្គចន្ទរាជាជាខ្លាំង ព្រោះពុំអាចចេញទៅរកស្បៀង និងពុំអាចវាយទំលាយរបាំងហ៊ុមព័ទ្ធរបស់ស្តេចកនបាន។ ភ្លាមនោះពញាសួគ៌ាលោកតាមឿងបានផុសគំនិតសុំព្រះអង្គចន្ទធ្វើពិធីពលីជីវិតទៅកេណ្ឌពលទ័ពខ្មោចឱ្យជួយ។ ជ្រាបដូច្នេះព្រះអង្គចន្ទមានការសោកស្តាយជាខ្លាំង ដោយមានការៀរ៉េគំនិតមិនព្រមទទួលយកយោបល់របស់តាមឿងឡើយ តែដោយសារតែតាមឿងបម្រុងនឹងអារ កសម្លាប់ខ្លួននៅមុខព្រះភ័ក្ក្រព្រះអង្គចន្ទរាជា ទើបទ្រង់សម្រេចចិត្តគោរពតាមសំនូមពរពញាសួគ៌ាលោកតាមឿងទៅ។ នៅពេលនោះលោកតាមឿងមានចិត្តត្រេកអរជាខ្លាំង ក៏បានបញ្ជាឲ្យទាហានជីករណ្ដៅទំហំ៨ហត្ថបួនជ្រុង ហើយក្នុងរណ្ដៅដាំសុទ្ធតែលំពែង រួចធ្វើពិធីបួងសួងយ៉ាងម៉ត់ចត់ និងផ្ដាំថា «បើយប់ថ្ងៃពេញបូណ៌មីខែពិសាខស្អែកនេះមានឮសន្ធឹកខ្ទរខ្ទារមេឃ និងដីឲ្យលើកទ័ពទៅវាយសត្រូវភ្លាម»។ និយាយយពីអ្នកម្នាងខៀវវិញ ដោយមានចិត្តឈឺឆ្អាលនឹងប្រទេសជាតិក៏ថ្វាយបង្គំលាព្រះអង្គចន្ទរាជាលោតសម្លាប់ខ្លួនទៅជាមួយលោកតាមឿងដែរ។ រីឯកូនតាមឿងទាំង៤នាក់ ឃើញឪពុកស្លាប់ដូច្នេះក៏បាននាំគ្នាស្ទុះទៅលោតសម្លាប់ខ្លួនតាមឳពុកដែរ តែ២នាក់ទៀតត្រូវបានគេចាប់ទាន់ នោះគឺ ចៅពញាវិបុលរាជទេព និងចៅពញាតេជៈសុខ។ ចំណែកចៅពញាវង្សាអគ្គរាជកែវ និងពញាបរទេសរាជ ដែលជាកូនទី១ និងកូនទី២ សេនាទាហានចាប់មិនទាន់ ក៏ត្រូវស្លាប់តាមឳពុក និងអ្នកម្ខាងដែរទៅ។
នៅយប់ពេញបូណ៌មីមានអព្ហូតហេតុដ៏អស្ចាត្យមួយបានកើតឡើង ដែលនេះមិនខុសពីអ្វីដែលលោកតាមឿងបានផ្តែផ្តាំនោះទេ គឺមានអព្ហូតហេតុលឺសំលេងខ្ទរខ្ទារពេញអាកាស និងលើដី ដោយមិនភ្លេចបណ្តាំលោកតាឃ្លាំងមឿង ព្រះអង្គចន្ទរាជាបានបញ្ជាឲ្យលើកទ័ពទៅចោមរោមសត្រូវធ្វើឲ្យពួកសត្រូវមានការភិតភ័យជាខ្លាំង ក៏បាននាំគ្នារត់ខ្ចាត់ខ្ចាយអស់ទៅ ខ្លះត្រូវបានសម្លាប់។ ក្រោមចប់សង្រ្គោមកងទ័ពព្រះអង្គចន្ទរាជាបានរឹបអូសបានស្បៀងអាហារ និងអាវុធយុទ្ធភណ្ឌជាច្រើនយកទៅទៅកាន់បន្ទាយខ្លួន។
ជាដំណាលតក្រោយៗមកទៀតដោយមានទ័ពខ្មោចរបស់លោកតាមឿងតាមជួយព្រះអង្គចន្ទនោះ បានធ្វើឲ្យព្រះអង្គចន្ទអាចទទួលបានជ័យជម្នះជាបន្តបន្ទាប់រហូតអាចសម្លាប់ស្តេចកនបាន។
ក្រោយពីសម្លាប់ស្ដេចកនរួច ព្រះអង្គចន្ទបានរៀបចំប្រទេសជាតិឲ្យមានរបៀបរៀបរយឡើងវិញ។ ខណៈនោះស្ដេចសៀមបានផ្ញើសារឲ្យព្រះអង្គច័ន្ទរាជានាំយកសួយសារអាករមានទាំងដំរីសទៅថ្វាយស្តេចសៀម ក៏ប៉ុន្តែដោយព្រះអង្គចន្ទធ្វើមិនដឹងមិនឮ ស្ដេចសៀមមានចិត្តខឹងសម្បារជាខ្លាំង ក៏បានបញ្ជាឲ្យលើកទ័ពមកវាយជាច្រើនលើកកម្ពុជាជាច្រើនលើកជាច្រើនសារ។ មានមួយលើកនោះទ័ពសៀមបានមកដល់ស្វាយដូនកែវបោះជំរំនៅតាមបណ្ដោយស្ទឹងស្វាយដូនកែវ ពេលដែលព្រះច័ន្ទរាជាបានជ្រាបដឹងដូចនេះ ទ្រង់ក៏បានធ្វើពិធីសុំជំនួយពីលោកតាឃ្លាំងមឿង រួចហើយទើបព្រះអង្គចន្ទលើកទ័ពទៅបង្រ្កាបសត្រូវ។ ពេលទៅដល់ជំរុំទ័ពសៀមស្រាប់តែមានឮសន្ធឹកលាន់លើមេឃកក្រើកអស់ដីដោយសារតែគេយល់ថាបរមីលោកតាឃ្លាំងមឿងបាននាំទ័ពខ្មោចមកជួយ ហើយធ្វើឲ្យទ័ពសៀមភិតភ័យ រាកក្អួតដេកដួលមិនអាចតដៃបាន ទើបទ័ពព្រះអង្គចន្ទរាជាចូលទៅសម្លាប់ពួកសៀមទាំងនោះបានយ៉ាងងាយ រីឯទ័ពសត្រូវដែលនៅសេសសល់ប៉ុន្មានផ្សេងទៀត បាននាំគ្នារត់ខា្ចត់ខ្ចាយទៅស្រុកវាវិញអស់ ។
ដោយសារតែលោកតាមឿងគឺជាវីរៈបុរសដ៏អស្ចារ្យហ៊ានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចមកបង្រ្កាបសត្រូវយ៉ាងដូចនេះ ទៀបបានជារហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតែងតែចងចាំគុណលោកតាមឿងមិនភ្លេច ព្រមទាំងយល់ថាវិញ្ញាណក្ខន្ធលោកតាមឿងតែងតែជួយទឹកដីពេលមានអាសន្នជាបន្តបន្ទាប់ ទើបប្រជារាស្ត្រខេត្តពោធិ៍សាត់មួយចំនួនតែងតែនាំគ្នាប្រារព្វពិធីរំលឹកគុណតាមឿងជារៀងរាល់ឆ្នាំនៅខែពិសាខ គឺជាខែដែលតាមឿងបានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចដើម្បីបង្រ្កាបសត្រូវ។ ក្រោយមកពិធីបុណ្យនេះបានក្លាយជាបុណ្យឡើងរោងអ្នកតាឃ្លាំងមឿងរហូតមកដល់សព្វថ្ងៃ ព្រោះព្រលឹងតាមឿងបានក្លាយជាអ្នកតាដ៏មានរឹទ្ធិតេជៈខ្លាំងពូកែអាចជួយប្រជារាស្ត្រឲ្យរួចពីទុក្ខភ័យ ផ្សេងៗតាមការបន់ស្រន់ និងតាមជំនឿ រៀងៗខ្លួនរហូតមកដល់សព្វថ្ងៃនេះ ។
ទីផ្នូរលោកឧកញ៉ាឃ្លាំងមឿង និងជំទាវខាន់ខៀវ សព្វថ្ងៃស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ។ រណ្ដៅដែលលោកឧកញ៉ាមឿងបានលោតនោះគេបានរក្សាការពារទុកមកដល់សព្វថ្ងៃដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្របពីលើ ហើយនៅកៀនជញ្ជាំងពីក្រោយរណ្ដៅ ឬផ្នូរនេះ គេបានសាងរូបសំណាកលោកឧកញ៉ា និងអ្នកជំទាវតម្កល់ឲ្យឈរចង្អុលបែរមុខទៅរកកន្លែងដែលគាត់បានលោតនោះ ។ បច្ចុប្បន្នទីនោះបានក្លាយជារមណីយដ្ឋានដែលមានអ្នកទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តជារៀងរាល់ថ្ងៃ ថែមទាំងអាចប្រមូលបានថវិកាកសាងសមិទ្ធផលជាបន្តបន្ទាប់ថែមទៀតផង។
រមីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង គឺជារមីយដ្ឋានមួយ ដែលមានភាពទាក់ទាញជាខ្លាំង។ ជាកន្លែងដែលមានការគោរពបូជាយ៉ាងសក្ខ័សិទ្ធ ចំលែកឯប្រជាជននៅខេត្តពោធិ៍សាត់តែងមានជំនឿទៅលើលោតាមឿង និងតែងយកជំនួនទៅដាក់ថ្វាយសុំសេចក្តីសុខពីលោកតាមឿង៕
អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា