en     km
en     km

រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងចេញវិធានការការពារ ៣ចំណុច

Share

(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីត១៩នៅកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំនេះ ត្រូវបានហាមមិនឲ្យប្រារព្ធ កន្លែងការងារនៅតែបន្តធ្វើជាធម្មតាពុំមានការឈប់សម្រាកអ្វីឡើយ។ ក្រៅពីនេះសម្តេចនាយករដ្ឋមន្រ្តីក៍បានផ្តល់អនុសាសន៍៣ចំណុចដើម្បីទប់ស្កាត់ជម្ងឺកូវីត១៩នៅកម្ពុជាផងដែរ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖

សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថាសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងត្រូវផ្អាកដំណើរការប្រារព្ធ ដើម្បីបញ្ជៀសពីការជួបជុំ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត ១៩ ក៏ប៉ុន្តែសម្តេចមិនបានហាមឃាត់ចំពោះការសែនព្រេន ទទួលទេវតានៅតាមផ្ទះនីមួយៗនោះឡើយ។

ការថ្លែងបែបនេះរបស់សម្តេចនាយករដ្ឋមន្រ្តីបានធ្វើឡើងបន្ទាប់ពីសម្តេចបានអញ្ជើញធ្វើសន្និសិទសារព័ត៌មានពាក់ព័ន្ធទៅនឹងស្ថានភាពបច្ចុប្បន្នភាពនៃជំងឺកូវីត១៩ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅឯវិមានសន្តិភាពកម្ពុជា។

ថ្វីត្បិតតែមិនអាចមានការជួបជុំគ្នាដូចកាលពីឆ្នាំមុនៗក្តី ហើយពិធីបុណ្យនេះគឺជាបុណ្យប្រពៃណីជាតិដ៏សំខាន់សម្រាប់កម្ពុជាក្តី ក៏ប៉ុន្តែដើម្បីទប់ស្កាត់ចំពោះការឆ្លងរីករាលដាលនៃជំងឺនេះ សម្តេចនាយករដ្ឋមន្រ្តីបានអំពាវនាវថាប្រជាជនកម្ពុជាទាំងអស់គួរជៀសវាងការជួបជុំគ្នាច្រើនហួស ហើយបើពុំមានកិច្ចការងារចាំបាច់អ្វីនោះទេ គួរតែនាំគ្នាសម្រាកនៅក្នុងផ្ទះដើម្បីការពារខ្លួន និងចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីត១៩នេះ។ តែយ៉ាងណាសម្រាប់អ្នកធ្វើការនៅតាមស្ថាប័នរដ្ឋនិងឯកជន គឺត្រូវធ្វើការធម្មតា។ សម្រាប់ស្ថាប័នរដ្ឋនិងសងវិញតាមស្ថានភាពសមស្រប។

——————សូមស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី——————

ក្រៅពីនេះ សម្តេចក៏បានធ្វើការណែនាំនូវវិធានការ៣ចំនុចៗធំសើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩នៅកម្ពុជាផងដែរ ដែលវិធានការទាំងនោះរួមមាន៖

  • វិធានការទី១៖ ហាមមិនឲ្យប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ
  • វិធានការទី២៖ កាត់បន្ថយការធ្វើដំណើរទៅតាមភូមិកំណើត ឬកន្លែងកំសាន្តនានា
  • និងវិធានការទី៣៖ អំពាវនាវឲ្យកម្មករ កម្មការនី រួមទាំងបុគ្គលិកគ្រប់ស្ថាប័នទាំងអស់ត្រូវបន្តការធ្វើការងារហើយរដ្ឋនឹងផ្តល់ពេលសម្រាកឲ្យនៅពេលក្រោយ ប្រសិនជំងឺនេះត្រូវបានបញ្ចប់ទៅវិញនៅខែ៧ រដ្ឋនិងសងថ្ងៃឈប់សម្រាកឲ្យប្រជាពលរដ្ឋវិញដោយបូកជាមួយថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង។

——————សូមស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី——————

សូមជម្រាបថា គិតមកកដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីត១៩នៅកម្ពុជាបានកើនឡើងរហូតដល់ទៅ១១៥នាក់  អ្នកជាសះស្បើយមានចំនួន ៥៨នាក់ ចំណែកឯចំនួនអ្នកស្លាប់វិញ គឺមិនទាន់មាននៅឡើយនោះទេ៕

អត្ថបបនទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image