en     km
en     km

អំពើហិង្សាក្នុងគ្រួសារកើនឡើងខណៈករណីកូវីត១៩ផ្ទុះឡើង

Share

(ភ្នំពេញ)៖ បន្ទាប់ពីមានការកើនឡើងនូវចំនួនអ្នកឆ្លងវីរ៉ុសកូវីត ១៩នៅកម្ពុជា គ្រឹះស្ថានសិក្សាត្រូវបានផ្អាក កន្លែងធ្វើការមួយចំនួនត្រូវបានអនុញ្ញាតឲ្យធ្វើការងារនៅក្នុងគេហដ្ឋានរៀងៗខ្លួន ការជួបជុំត្រូវបានកាត់បន្ថយ រោងអង្គសាល កន្លែងកំសាន្តនានា ត្រូវបានបិទទ្វារ។​ ការណ៍ទាំងនេះបាននាំឲ្យកើតមានអំពើហិង្សានៅក្នុងគ្រួសារ ជាពិសេសនោះគឺអំពើហិង្សាផ្លូវចិត្ត ហើយវាក៏ជាពេលវេលាមួយដែលជនបង្កមានឱកាសនៅក្នុងការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារបានយ៉ាងងាយ។

យោងទៅតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកិច្ចការនារីបង្ហោះនៅថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២០នេះ បានលើយកប្រភពព័ត៌មានពីបណ្តាសារព័ត៌អន្តរជាតិជាច្រើន ក្នុងនោះអ្នកជំនាញអំពើហិង្សាលើស្ត្រីបានលើកឡើងនូវការកើនឡើងនូវករណីអំពើហិង្សាក្នុងគ្រួសារ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ កូវីដ១៩ ដោយសារការតានតឹងផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត ជនប្រព្រឹត្តមានពេលវេលានៅជាមួយជនរងគ្រោះបានច្រើន…។ល។

ជាក់ស្តែងសារព័ត៌មាន The Guardian របស់អង់គ្លេសចុះនៅថ្ងៃទី២៦ ខែមីនា បានឲ្យដឹងថា នៅក្នុងរយៈពេល២សប្តាហ៍ អំពើហិង្សានៅក្នុងគ្រួសារបានកើនឡើងរហូតដល់ ២០.៩% នេះបើយោងតាមរបាយការណ៍របស់ប៉ូលីស។ នេះគឺជាកំណើនតួលេខយ៉ាងគំហុកមួយក្នុងខណៈផ្ទុះCOVID-19ហើយមនុស្សភាគច្រើនបានរស់នៅផ្តុំគ្នាក្នុងគ្រួសារមួយដែលងាយកើតមានអំពើហិង្សា។

អ្នកស្រី អេង ច័ន្ទឌី អ្នកគ្រប់គ្រងកម្មវិធីតស៊ូមតិនឹងបណ្តាញ នៃអង្គការយេនឌ័រ និងការអភិវឌ្ឍន៍កម្ពុជា បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីកាលពីថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០នេះថា អំពើហិង្សាក្នុងគ្រួសារគឺជារឿងមួយដែលគេពិបាកនិយាយចេញមកក្រៅ វាមិនខុសពីកំណាព្យមួយឃ្លាទេថា កុំនាំភ្លើងក្នុងចេញក្រៅ កុំនាំភ្លើងក្រៅចូលក្នុង។ នេះគឺជាកំណាព្យមួយស្រង់ចេញពីច្បាប់ស្រី ដែលវាត្រូវបានចាត់ទុកថាជាច្បាប់មួយដែលមនុស្សស្រីគ្រប់រូបត្រូវប្រត្តិបត្តិតាមដើម្បីឲ្យខ្លួនក្លាយជាមនុស្សស្រីល្អគ្រប់លក្ខណ៍។ ចំពោះឃ្លាខាងលើអំបាញ់មិញនេះ វាមិនខុសពីន័យមួយដែលហាមស្រ្តីកុំឲ្យរាយការណ៍រឿងក្តៅក្រហាយក្នុងផ្ទះ ឬអំពើហិង្សាដែលជនបង្កបានប្រព្រឹត្តិមកលើស្រ្តី ឬក្មេងស្រីយកមករាយការណ៍ចេញទៅក្រៅបាននោះទេ ស្របពេលដែលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ថែមទៀតនោះ វាជាឱកាសដ៏ល្អមួយរបស់ជនបង្កនៅក្នុងការប្រព្រឹត្តអំពើហិង្សា រីឯជនរងគ្រោះពិបាករាយការណ៍ចេញទៅក្រៅដើម្បីស្វែងរកដំណោះស្រាយពីលើការដែលមិនហ៊ានប្រាប់។

————-សំលេង————

តែយ៉ាងណាក្រសួងកិច្ចការនារី និងរាជរដ្ឋាភិបាលកម្ពុជាក៏បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរចំពោះបញ្ហាទាំងនេះ ដោយឲ្យជនរងគ្រោះដោយសារអំពើហិង្សាផ្ទាល់ ត្រូវមានចិត្តក្លាហានក្នុងការរាយការណ៍ព័ត៌មានដែលខ្លួនទទួលរងគ្រោះដោយស្នាដៃរបស់ជនបង្កទៅកាន់សមត្ថកិច្ច ឬភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារី ដើម្បីស្វែងរកជំនួយ ក្នុងការដោះស្រាយបញ្ហាដែលបានកើតឡើង។ ក្រៅពីនេះ អ្នកជិតខាងក៏អាចសហការជាមួយសមត្ថកិច្ចរាយការណ៍ចំពោះអំពើទាំងនេះជំនួសជនរងគ្រោះក៏បានដែរ ប្រសិនបើយើងគិតថាអំពើទាំងនោះគឺជាអំពើហិង្សា តាមរយៈលេខទូរស័ព្ទក្នុងតារាងលេខទូរស័ព្ទសុំជំនួយនៅក្នុងគេហទំព័រផ្ទាល់របស់ក្រសួងកិច្ចការនារី៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

ព័ត៌មានទាក់ទង

Image