នាយករដ្ឋមន្រ្ដីកម្ពុជាប្រកាសថាកម្ពុជាបានដើរដល់សភាពការណ៍ដែលត្រូវធ្វើច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្នហើយ។
ថ្លែងនៅវិមានរដ្ឋសភាថ្ងៃទី២០មីនានេះ លោកនាយករដ្ឋមន្រ្ដីថាកម្ពុជាត្រូវមានឧបករណ៍ ច្បាប់ក្នុងដៃករណីអាសន្នកម្រិតប្រទេស។លោកបញ្ជាក់ថាលោកពុំដែលរំពឹងទេថា២៧ឆ្នាំតាំងពីកម្ពុជាមានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣មកនឹងអាចកើតមានស្ថានការណ៍បែបនេះនោះទេ។លោកបានពិនិត្យថាកម្ពុជាមានចន្លោះប្រហោងនៃវិធានច្បាប់សម្រាប់អាជ្ញាធរអនុវត្តក្នុងដៃដើម្បីកម្រិតពីដែនសមត្ថកិច្ច ទោស អ្នកទទួលទោសយ៉ាងដូចម្ដេច។
ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដីគឺដោយលោកយោងលើបរិបទនៃពិភពលោកករណីវាយលុកនៃជំងឺកូវីដ១៩ដែលប្រទេសខ្លះនៃពិភពលោកមានប្បញ្ញត្តិច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្ននេះច្បាស់លាស់។ថ្លែងនៅថ្ងៃនេះលោកនាយករដ្ឋមន្រ្ដីបានលើកឧទាហរណ៍ច្រើនពីប្រទេសអូស្រ្ដាលីតែកាលមុនលោកលើកឡើងពីថៃ។
លោកនាយករដ្ឋមន្រ្ដីថាថ្ងៃសុក្រសប្ដាហ៍នេះគឺសាធារណជននឹងបានដឹងពីខ្លឹមសារសេចក្ដីព្រាងច្បាប់នេះ។
សម្រាប់ថ្ងៃស្អែកនេះសម្ដេចនឹងដឹកនាំគណៈរដ្ឋមន្រ្ដីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន។
ទោះច្បាប់នេះកាលបើបានលឺហើយហាក់គួរឱ្យរន្ធត់ក៏ដោយក្ដីគឺលោកថាច្បាប់នេះបើមានហើយក្ដីការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នពុំមែនជាលទ្ធភាពដែលត្រូវអនុវត្តពេលនេះទេ គឺគ្រាន់ជាមធ្យោបាយដែលមាននៅក្នុងដៃ ដរាបណាសភាពការណ៍ត្រួតត្រាមិនបាន ដោយអំណាចនគរបាល សមត្ថកិច្ច គឺដឹងមានការបញ្ចេញកងទ័ពឬហៅថាក្រោមក្រប ខ័ណ្ឌរបបអាជ្ញាសឹក។លោកនាយករដ្ឋមន្រ្ដីបន្ដជម្រាបថាឧបករណ៍ច្បាប់នេះនឹងសម្របសម្រួលដល់បទបញ្ជារបស់រាជរដ្ឋាភិបាលប្រព្រឹត្តបានទៅដោយរលូន។
យោងតាមមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជានៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។មាត្រា៨៦នៃរដ្ឋធម្មនុញ្ញកម្ពុជាប្បញ្ញត្តិទៀតថាក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។ បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
នៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានឡើយ។
សូមជម្រាបថាបើតាមអ្នកវិភាគនយោបាយនិងអ្នកប្រវត្តិសាស្រ្ដកម្ពុជាធ្លាប់ត្រូវបានដាក់ក្នុងគ្រាមានអាសន្នពីរដងគឺអំឡុងឆ្នាំ១៩៤០ក្រោមអាណានិគមបារាំងកាលប្រទេសកើតអាសន្នរោគនិងឆ្នាំ១៩៧០របត់កម្ពុជាប្ដូរពីរាជានិយមទៅជាសាធារណរដ្ឋ។
បើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដីការដាក់ប្រទេសក្នុងគ្រាអាសន្ននឹងត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតដើម្បីទប់ទល់នឹងមតិរិះគន់ផងដែរដោយហេតុថាចង់ឬមិនចង់សិទ្ធិស៊ីវិលមួយចំនួនត្រូវដកហូតឬបង្ខាំងក្នុងគោលបំណងដើម្បីសង្គ្រោះជីវិតពួកគេជាពលរដ្ឋទៅវិញទេ។ដែរនេះជាអ្វីស្របនឹងស្មារតីរដ្ឋធម្មនុញ្ញ។
បើតាមនីតិវិធីបង្កើតច្បាប់គឺគោរពលើគោលការណ៍ឋានានុក្រមនិងធម្មនុញ្ញភាព គឺមានន័យថារាល់សេចក្ដីព្រាងច្បាប់ឬស្នើច្បាប់នឹងត្រូវឆ្លងកាត់រដ្ឋសភា រួចព្រឹទ្ធសភាពិនិត្យនិងអនុម័តទើបឈានថ្វាយព្រះមហាក្សត្រចុះព្រះហស្ថលេខាប្រកាសឱ្យប្រើនិងត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ។ ប៉ុន្តែបើច្បាប់នេះ បានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសឱ្យប្រើ៕
ដោយ៖ ពៅនិកា