en     km
en     km

ហេតុអ្វីជំងឺផ្លូវដង្ហើមស្រួចស្រាលមិនបណ្ដាលឱ្យអស្ថេរភាពកូរ៉េខាងជើងបាន?

Share

គិតត្រឹមយប់ថ្ងៃទី២៨មីនានេះ ជំងឺកូវីដ១៩មានវត្តមានក្នុង១៩៩ប្រទេសទូទាំងពិភពលោក។ប្រទេសនៅអាស៊ី សឹងទាំង៤៩មានករណីមេរោគនេះតែមានប្រទេសមួយដែលប្រៀបដូចជាសាំងវ៉ិចរវាងកូរ៉េខាងត្បូងនិងចិនជាសំបុក ជំងឺច្រើនបំផុតក្នុងតំបន់នេះបែរ គ្មានការរាយការណ៍មួយករណី។ប្រទេសនោះគ្មានប្រទេសណាក្រៅពីក្រោមការដឹកនាំរបស់បុរសខ្លាំងគីមជុងអ៊ុននោះទេ។

ត្បិតមិនមានការរាយការណ៍ក៏ពិតតែសារព័ត៌មានកូរ៉េខាងត្បូងក៏ដូចជាអាស៊ីសេរីផ្សាយជាភាសាអង់គ្លេសនៅដើមខែនេះបានទម្លាយអំពីព័ត៌មានអ្នកស្លាប់ជាទាហានប្រមាណ២០០នាក់ដែលប្រភពពេទ្យសុំមិនបញ្ចេញឈ្មោះថាមកពីបញ្ហាសួតធ្ងន់ធ្ងរ។មជ្ឈដ្ឋានជាច្រើនបន្ដមិនជឿទុកចិត្តបក្សកុម្មុយនីស្ដកូរ៉េខាងជើងអំពីសំណុំរឿងប្រយុទ្ធនឹងសត្រូវលាក់មុខកូរ៉ូណាដែលកក្រើកគ្រប់បណ្ដាប្រទេស។តែកូរ៉េខាងជើងមានទឡ្ហីករណ៍ប្រាប់ពិភពលោកថាការដែលខ្លួនមិនរាយការណ៍គឺមកពីគ្មានហើយបើមានម្ល៉េះសមប្រទេសកើតចលាចលទៅហើយ។

យើងមិនអាចបញ្ចប់សេចក្ដីដោយសញ្ញាខ័ណ្ឌប៉ុណ្ណេះទេព្រោះមានទឡ្ហីករណ៍ជាច្រើនអាចធ្វើឱ្យយើងសន្និដ្ឋានថាពីហេតុដែលជំងឺផ្លូវដង្ហើមស្រួចស្រាលមិនធ្វើឱ្យកូរ៉េខាងជើងរង្គោះរង្គើបាន។

វិស័យសុខាភិបាលកូរ៉េខាងជើងមានលើសពីអ្វីដែលអ្នកដឹង

មនុស្សជាច្រើនបានដឹងហើយថា ផលិតផលជាតិសរុបរបស់កូរ៉េខាងជើងក្នុងប្រជាជនមួយនាក់មានជាង1700ដុល្លារ ហើយពួកគេបានប៉ាន់ប្រមាណកូរ៉េខាងជើងទន់ខ្សោយខ្លាំងណាស់ក្នុងការថែទាំសុខភាពពលរដ្ឋ។តែបើយើងក្រឡេកមកប្រទេសដទៃដែលមានGDPប្រហាក់ប្រហែលនឹងកូរ៉េខាងជើងគឺណេប៉ាល់ឬមីយ៉ាន់ម៉ា ឬឡាវអត្រាសង្ឃឹមរស់របស់ពួកគេទាបជាងកូរ៉េខាងជើង តួយ៉ាងកូរ៉េខាងជើងមាន៦៧.៩ ឆ្នាំពួកគេមានវា ៦៧. ៧ឆ្នាំ ៦៦.៩ឆ្នាំនិងឡាវ ៦៥.៣៥ឆ្នាំតាមលំដាប់រៀបរាប់។នេះបើតាមគេហទំព័រWorld Life expectancy។ជាងនេះក្នុងមួយឆ្នាំៗនិស្សិតកូរ៉េខាងជើងបានបញ្ចប់ការសិក្សាវេជ្ជបណ្ឌិតមានប្រមាណជាង១ម៉ឺននាក់។ពួកគេបើទោះបីជាដឹងថាការងារដល់វេជ្ជបណ្ឌិតតែប្រាក់ខែតិចតួចក្ដី អ្វីដែលពួកគេមានគឺការប្ដេជ្ញាចិត្តចំពោះសុខភាពមនុស្សក្នុងជាតិ។អង្គការសុខភាពពិភពលោកបានចេញរបាយការណ៍ក្នុងឆ្នាំ២០១៦ថាកូរ៉េខាងជើងមានការទទួលខុសត្រូវខ្ពស់ក្នុងវិស័យសុខាភិបាលតាមរយៈការបង្កើនធនធានមនុស្សគឺ ៣៧នាក់ បារាំង៣៦ នាក់ហើយអាមេរិកចំណាយតែ២៦នាក់ទេព្យាបាលមនុស្ស១សែននាក់ក្នុងមួយឆ្នាំ។

តើចំណុចអស់នេះមានការទាក់ទងអ្វីនឹងការទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា?

ព្រោះរបបសង្គមដែលតឹងរ៉ឺងចងរឹតចរិតមនុស្សគ្រប់គ្នារៀងមកទើបធ្វើឱ្យការដាក់មនុស្សឱ្យនៅដោយឡែកនិងវិធានការចាកឆ្ងាយពីសង្គមខាងក្រៅមិនជារឿងពិបាកអនុវត្តរបស់ពលរដ្ឋនិងឈឺក្បាលដល់រដ្ឋាភិបាល។ម្យ៉ាងរដ្ឋាភិបាលបានបិទព្រំដែនតាំងពីថ្ងៃទី២២មករានឹងចិនមកម្ល៉េះដើម្បីទប់ស្កាត់មេរោគនេះ។បើតាមសារព័ត៌មានNK Newsចុះថ្ងៃទី១៩មីនា វិធានការណ៍នេះអាចពន្យឺតបាននូវការឆ្លងរាលដាលនៃមេរោគនេះហើយកាន់តែបានមានប្រសិទ្ធភាពទៀតនោះល្គឹកណាដូចកូរ៉េខាងជើងអ៊ីចឹងដែលតាមដានរាល់សកម្មភាពចេញចូលសាធារណៈរបស់ពលរដ្ឋតាំងពីដើមរៀងមកក្នុងប្រវត្តិសាស្រ្ដប្រទេសនេះស្រាប់។

ត្បិតសារព័ត៌មានកូរ៉េលើកឡើងពីធនធាននិងវិន័យពលរដ្ឋច្រើនក៏ពិតមែនតែការវាយតម្លៃជាក់ស្ដែងបើធៀបនឹងប្រទេសជិតខាងកូរ៉េខាងត្បូង ចិន ឬក៏ប្រទេសដែលមានGDPស្រករគ្នាគឺកូរ៉េខាងជើងមានបរិក្ខារពេទ្យមានប្រសិទ្ធភាពមិនគ្រប់គ្រាន់នោះទេ។ក្រោមការដឹកនាំរបស់ត្រកូលលោកគីមដូចក្នុងអំឡុងឆ្នាំ១៩៥០ ដល់១៩៥៣នៃសង្គ្រាមកូរ៉េខាងជើងខាងត្បូង រដ្ឋកាលលោកគីមអ៊ីលស៊ុងមិនបានគិតគូរអ្វីច្រើនទេពីជីវិតពលរដ្ឋសាមញ្ញអ្វីដែលយកចិត្តទុកដាក់បំផុតនោះគឺតែទៅលើប្រមុខដឹកនាំយោធានាយទាហាននិងបក្សពួកកុម្មុយនីស្ដរបស់ខ្លួន។ម្ដងនេះក្នុងរដ្ឋការរបស់លោកគីមជុងអ៊ុងក៏ត្រូវបានគេមើលឃើញថាដូចតែគ្នានឹងជីតារបស់ខ្លួន។

យោធាធានាស្ថេរភាពជីវិតគ្រួសារជនផ្ដាច់ការ

នៅក្នុងការដឹកនាំបែបផ្ដាច់ការដើម្បីធានាអំពីអាយុជីវិតរបបដឹកនាំបែបអត្តាធិបតេយ្យរបស់ខ្លួនគឺត្រូវការកម្លាំងយោធា។ជាការតបស្នងមេដឹកនាំផ្ដាច់ការត្រូវធ្វើឱ្យវាមួយស្មើវិញថាជីវិតយោធាក៏ត្រូវបានធានាដោយខ្លួនវិញដែរ។ដែរនេះជាមូលហេតុមួយក្នុងមូលហេតុជាច្រើនដែលរបបលោកគីមរក្សាអំណាចបានបីជំនាន់ព្រោះតែការបង្កើតគោលនយោបាយជាច្រើនធានាថាយោធានឹងមិនអាចរើបម្រះបាន។តើគោលនយោបាយទាំងនោះមានអ្វីខ្លះ?នៅក្នុងជំនាន់បិតាស្ថាបនិកកូរ៉េខាងជើង គោលនយោបាយធំបំផុតនោះគឺ Military first គិតយោធាមុនគេដែលជំនាន់នោះគឺដើម្បីបង្កើនកម្លាំងប្រយុទ្ធនឹងកូរ៉េខាងត្បូង។ កូនរបស់លោកគឺលោកគឺលោកគីមជុង អ៊ីលបន្ទាប់មកក៏នៅតែរើសយកយោធាជាអាទិភាពហើយមានសម្រេចបានក្ដីសុបិនមួយគឺការបង្កើតអាវុធនុយក្លេអ៊ែនិងបានបាញ់សាកល្បងលើកដំបូងក្នុងឆ្នាំ២០០៦។ទាំងអស់នេះបានក្លាយជាមត៌កដល់ លោកគីមជុងអ៊ុនសព្វថ្ងៃនេះ។

ក៏ពិតថាជំងឺកូវីដ១៩បន្ដបង្កើតការប្រឈមផ្នែកនយោបាយ សន្ដិសុខ សេដ្ឋកិច្ច គ្រប់បណ្ដាប្រទេសពាក់ព័ន្ធតែការបាញ់មីស៊ីល(ដូរបាយ) បីដងពេញមួយខែមីនានេះរបស់កូរ៉េខាងជើង ធ្វើឱ្យករណីនៅកូរ៉េខាងជើងនៃជំងឺកូវីដ១៩ គឺនៅតែសូន្យ។នៅដើមខែមេសាខាងមុខនេះKCNAចុះផ្សាយថា លោកគីមនឹងបើកការប្រជុំសភាប្រជាជនផងដែរ។ជាហេតុធ្វើឱ្យកាសែតអាមេរិកជាច្រើនយោងអ្នកជំនាញថាគេសង្ស័យកូរ៉េខាងជើងលាក់ព័ត៌មានអ្នកកើតជំងឺកូវីដ១៩ព្រោះតែការបើកសមយុទ្ធយោធាបង្ហាញអានុភាពនៃការធ្វើឱ្យស្ថេរភាពក្នុងប្រទេសជុំវិញសំណុំរឿងជំងឺកំណាចនេះ។

ទោះធនធានមនុស្សច្រើនក៏ពិតមែនតែប្រទេសជាប់ទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក អឺរ៉ុបនិងអង្គការសុខភាពពិភពលោកនេះត្រូវបានព័ត៌មានកូរ៉េខាងត្បូងតាមដានដឹងថាបានទទួលជំនួយសម្ភារៈពេទ្យពីមហាមិត្តចិន។

បើទោះបីជាកូវីដ១៩អាចខ្លះដែរក្នុងការធ្វើឱ្យអស្ថេរភាពផ្ទៃក្នុងនៃប្រទេសនេះផ្នែកអភិបាលកិច្ចនិងសុខុមាលភាពសង្គម តែវាមិនអាចជាមធ្យោបាយគម្រាមកំហែងអ្វីនោះឡើយដល់របបលោកគីម។ពេលណាបុរសខ្លាំងបង្ហាញអានុភាពយោធា ពេលនោះក៏អាចថាគាត់ចង់ធានាអំពីលទ្ធភាពមិនជ្រួលច្របល់នៃបញ្ហា។ យ៉ាងណា ស្របពេលដែលអាមេរិកកំពុងជាប់ដៃប្រយុទ្ធនឹងមេរោគកូរ៉ូណាក្នុងប្រទេសរបស់ខ្លួន ភាពតានតឹងនៅឧបទ្វីបកូរ៉េនៅតែបំភ័យប្រទេសទទួលសេវាថ្លៃការពារប្រទេសពីអាមេរិក តួយ៉ាងកូរ៉េខាងត្បូងនិងជប៉ុនដែលជាជនរងគ្រោះជំងឺកូវីដ១៩ច្រើនជាងគេដែរនៅអាស៊ី៕

ដោយ៖ពៅនិកា

Share

Image Not Found
Image

ព័ត៌មានទាក់ទង