en     km
en     km

រដ្ឋសភា​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ដោយ​គ្មាន​សំឡេង​បក្ស​ប្រឆាំង​ចូលរួម​

Share

assembly-meeting

​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ ហើយ​ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៥​ នីតិកាល​ទី​៥​ នៅ​ថ្ងៃ​សុក្រ​ទី​៣០​ខែតុលា​នេះ​ ដោយ​មិន​មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ដែល​រួម​មាន​១៦​ជំពូក​និង​១៩៦​មាត្រា​នេះ​ ត្រូវ​បាន​រដ្ឋសភា​សម្រេច​អនុម័ត​ដោយ​សំឡេង​៦៧​លើ​៦៧​ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៥​ នីតិកាល​ទី​៥​។​

​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​ និង​យុត្តិធម៌​ លោក​ប៉ែន​ បញ្ញា​ បាន​មាន​ប្រសាសន៍​ក្នុង​សភា​ថា​ សេចក្ដី​ស្នើ​ច្បាប់​នេះ​គឺ​រក្សា​ទម្រង់​ និង​ខ្លឹមសារ​ទាំងស្រុង​ ដោយ​គ្រាន់តែ​កែសម្រួល​ពាក្យពេចន៍​ ឃ្លាប្រយោគ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។​ លោក​ ប៉ែន​ បញ្ញា​៖​ ក្នុង​ការ​ពិនិត្យ​សិក្សា​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ គណកម្មការ​និ​តី​កម្ម​និង​យុត្តិធម៌​នៃ​រដ្ឋ​សភាព​ បាន​ឯកភាព​គ្នា​ជាមួយ​តំណាងរាស្ត្រ​ហត្ថលេខី​ រក្សា​ទម្រង់​និង​ខ្លឹមសារ​ទាំងស្រុង​ ដោយ​គ្រាន់តែ​កែសម្រួល​ពាក្យ​ពេ​ច៍​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។​

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (COMFREL)​ និយាយ​ថា​ ការ​សម្រេច​អនុម័ត​ច្បាប់​ណាមួយ​ដែល​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ចូលរួម​ដេញដោល​បែប​នេះ​ គឺ​មាន​ន័យ​ថា​ ច្បាប់​ដែល​បាន​អនុម័ត​នោះ​ គឺ​មិន​គោរព​តាម​លើ​គោលការណ៍​ច្បាប់​ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​របស់​ប្រជាពលរដ្ឋ​ ព្រោះ​តំណាងរាស្ត្រ​ជា​តំណាង​របស់​ពលរដ្ឋ​។​

​លោក​ គល់​ បញ្ញា​ បន្ថែម​ថា​ នៅ​ក្នុង​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ឃុំ​-​សង្កាត់​នោះ​ នៅ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែល​ត្រូវ​កែប្រែ​ ដូច​ជា​ ការ​បន្ថយ​ពេលវេលា​នៃ​ការ​ឃោសនាបោះឆ្នោត​ ការ​រារាំង​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ី​វិល​ ក្នុង​កិច្ច​ការងារ​ឃោសនាបោះឆ្នោត​ជាដើម​ ដែល​ត្រូវ​តែ​មានការ​កែប្រែ​។​ លោក​ គល់​ បញ្ញា​៖​ នៅ​ក្នុង​ច្បាប់​ហ្នឹង​មាន​បញ្ហា​កែ​ទៅ​ជា​អវិជ្ជមាន​ ហើយ​អវិជ្ជមាន​របៀប​ហ្នឹង​ដោយ​អត់​មានការ​ដេញ​ដោយ​គ្នា​ អ​ញ្ចឹ​ង​!​វា​ជា​ការ​ខ្វះខាត​ធំ​មួយ​នៃ​ដំណើរការ​ចូលរួម​ពិភាក្សា​អនុម័ត​ ច្បាប់​មួយ​។​ តាម​ធម្មតា​ច្បាប់​មួយៗ​គេ​តែង​មានការ​ដេញ​ដោយ​ បើ​ធ្វើ​ច្បាប់​គ្មាន​ការ​ដេញដោល​គឺជា​ការ​ខ្វះខាត​ក្នុង​ការ​ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​មាន​និ​ត្យា​នុ​គោល​ភាព​ពេញលេញ​ ព្រោះ​និ​តី​វិធី​ត្រូវ​តែ​មានការ​ដេញដោល​។​

​សូម​រំឭក​ថា​ សេចក្តី​ស្នើ​ច្បាប់​នេះ​នា​ពេល​កន្លង​មក​ នៅ​មាន​ចំណុច​សេសសល់​ដែល​គណបក្ស​ទាំង​ពីរ​ត្រូវ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ឃុំ​-​សង្កាត់​លើ​៥​ចំណុច​ ក្នុង​នោះ​មាន​៖​  ទី​១​ ការ​ដង្ហែរ​ក្បួន​ពេល​ឃោសនាបោះឆ្នោត​។​ ទី​២​ ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នៅ​ទី​សាធារណៈ​។​ ទី​៣​ រយៈពេល​នៃ​ការ​ឃោសនា​។​ ទី​៤​ ទោស​បញ្ញត្តិ​ទាក់ទង​នឹង​បេក្ខជន​ឈរឈ្មោះ​  និង​ទី​៥​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​សាធារណៈ​៕

Share

Image
Image
Image