យោងតាមការចុះផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី ថ្ងៃ១២មីនាម្សិលមិញ អះអាងថា នាវាដឹកវត្ថុធាតុដើមចំនួន ៧ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រកាត់ដេរនៅកម្ពុជា ដែលខ្វះខាតវត្ថុធាតុដើមនោះ បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់។ នេះបើតាមការលើកឡើងរបស់លោក គុណ ញឹម មន្ត្រីជាន់ខ្ពស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា។ លោក គុណ ញឹម បញ្ជាក់បន្ថែមថា ចាប់តាំងពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ មីនា មាននាវាដឹកវត្ថុធាតុដើមពីប្រទេសចិនចំនួន៥ បានមកដល់កំពង់ផែក្រុងព្រះសីហនុ និងពីរនាវាទៀតបានចូលចតនៅក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម ហើយគ្រោងនឹងដឹកជញ្ជូនវត្ថុធានដើមផ្គត់ផ្គង់រោងចក្រកាត់ដេរ តាមផ្លូវគោកចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិខេត្តស្វាយរៀង។ នាវា ទាំង៧ នោះបានដឹកកុងតឺន័រសរុបទាំងអស់ចំនួន ៧៤៩ទូ ដែលជាវត្ថុធាតុដើម ជួយដល់បណ្ដារោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា និងសង្ឃឹមថា វត្ថុធាតុដើមដែលបានដឹកមកពីប្រទេសចិនបន្តបន្ទាប់មកនេះ នឹងអាចជួយបំពេញកង្វះខាតតាមបណ្ដារោងចក្រកាត់ដេរសំលៀកបំពាក់ ស្របពេលដែលកម្ពុជាកំពុងខ្វះខាតវត្ថុធាតុដើមដើម្បីផលិតសម្លៀកបំពាក់។ លោក ខេន លូ អគ្គលេខាធិការសមាគមថៅកែរោងចក្រ បញ្ជាក់ថា វត្ថុធាតុដើមដែលបានដឹកពីប្រទេសចិនមិនមែនមានក្រណាត់ទាំងអស់ទេ ហើយនៅក្នុងនោះក៏មាន ឡេវអាវ អំបោះ និង សម្ភារៈចាំបាច់មួយចំនួនទៀតដែលសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រស្បែកជើង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមន៍រោងចក្រកាត់ដេរកម្ពុជា GMAC បានឲ្យដឹងថា ដោយមានអន្តរាគមន៍ពីភាគីរដ្ឋាភិបាលចិន វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរបានមកដល់កម្ពុជាហើយ ហើយរំពឹងថា នាវាដឹកវត្ថុធាតុដើមផ្សេងទៀត នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់ រហូតដល់ថ្ងៃអាទិត្យទី១៥ខែមីនាខាងមុខនេះ។ ដោយឡែក លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានស្រង់សម្ដីដោយភ្នំពេញប៉ុស្តិ៍ថា រោងចក្រ ៥០ បានផ្អាកប្រតិបត្តិការ ដោយសារតែកង្វះវត្ថុធាតុដើម។ ប៉ុន្តែរោងចក្រចំនួន ៧ ចាប់ផ្ដើមសកម្មភាពឡើងវិញនៅពេលនេះ បន្ទាប់ពីការមកដល់កុងតឺន័រទាំងនេះ។
ទន្ទឹមនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា វត្ថុធាតុដើមទាំងនេះមិនអាចបំពេញតម្រូវការតាមបណ្ដារោងចក្រដែលកំពុងខ្វះខាតបានយូរនោះទេ ព្រោះដើម្បីផ្គត់ផ្គង់រោងចក្រឱ្យបានគ្រប់គ្រាន់កម្ពុជាត្រូវការវត្ថុធាតុដើមពីប្រទេសចិនពីចន្លោះ ១.៥០០ ទៅ ២.០០០ កុងតឺន័រក្នុងមួយសប្ដាហ៍៕
អត្ថបទ៖ លោក រស់ គង់