កាលល្ងាចពីថ្ងៃទី១២ កុម្ភៈកន្លងទៅនេះ សហភាពអឺរ៉ុបបានសម្រេចផ្ដាប់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា២០% ស្មើនឹងទំហំទឹកប្រាក់ជាង១០០០លានដុល្លារក្នុងមួយឆ្នាំ។ មានទស្សនៈលើកឡើងផ្សេងៗគ្នាជុំវិញការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAនេះ កញ្ញា យី លុយហ៊ាង រាយការបន្ត !
ការសម្រេចផ្ដាប់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា២០%របស់សហភាពអឺរ៉ុបកាលពីល្ងាចថ្ងៃទី១២ កុម្ភៈកន្លងទៅ ធ្វើឲ្យកម្ពុជាជាប់កាតព្វកិច្ចបង់ពន្ធឲ្យសហភាពអឺរ៉ុប ប្រមាណជាង១០០០លានដុល្លារក្នុងមួយឆ្នាំ។ ការផ្ដាប់ប្រព័ន្ធអនុគ្រោះពន្ធ២០%នេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១២ខែសីហា ឆ្នាំ២០២០នេះតទៅ។
យោងតាមការចុះផ្សាយលើគេហទំព័ររបស់វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុនសំលៀកបំពាក់លំដាប់ពិភពលោក អេច អ៊ែន អ៊ែម (H&M Group) យល់ស្របទាំងស្រុង ចំពោះវិធានការរបស់សហភាពអឺរ៉ុបក្នុងការតបតទៅនឹងការរំលោភបំពានសិទ្ធិពលរដ្ឋ និងសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន H&M បន្តថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ជាអវិជ្ជមានដល់ការងារនៅក្នុងវិស័យកាត់ដេរ ដែលស្រូបទាញកម្មករប្រមាណជា ១លាននាក់ និងជាកម្លាំងចលករមួយយ៉ាងសំខាន់នៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនឹងនេះក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លៃការថា ការសម្រេចដក EBA ២០% ពីកម្ពុជានេះ ថា ជារឿងអយុត្តិធម៌ និងធ្វើឡើងតាមទំនើងចិត្ត ហើយក្រសួងបានចោទប្រកាន់គណៈកម្មការអឺរ៉ុបវិញថា ប៉ុនប៉ងប្រើប្រាស់ពាណិជ្ជកម្មជាលេសក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយដែលកន្លងទៅថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសថា កម្ពុជាបានត្រៀមទប់ទល់នឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធមួយនេះ ហើយក៏គ្មានការឱនក្បាលដាក់បរទេសជាថ្នូរនឹងភាពអនុគ្រោះណាមួយនោះដែរ។ សម្តេចនៅតែរក្សាជំហរ មិនយកអធិបតេយ្យជាតិ និងឯករាជ្យ ទៅដោះដូរនឹងអ្នកណានោះឡើយ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ «សូមប្រជាពលរដ្ឋកម្ពុជាគិតឲ្យបានច្បាស់លាស់ថា ពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ? កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាបំផ្លាញសន្តិភាពបានទេ។ នៅលើគេហទំព័ររបស់គណៈបក្សាប្រជាជនកម្ពុជា ដែលជាគណៈបក្សកំពុងដឹកនាំប្រទេ បានសរសេរដែរថា ការសម្រេចកាត់ប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជានៅពេលនេះ វាជាការប្រព្រឹត្តកំហុសទី៣ ដែលសហភាពអឺរ៉ុបព្យាយាមបំផ្លាញសមិទ្ធផលរបស់ខ្លួន ដែលបានសហការធ្វើជាមួយកម្ពុជា។
ស្របគ្នានេះបណ្ដាសហជីពធំៗនៅកម្ពុជា សុទ្ធតែបានបង្ហាញនូវការខកចិត្តចំពោះការបាត់បង់ការអនុគ្រោះពន្ធEBAនេះ។ ចំណែក លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា បើទោះបីជាកម្ពុជានឹងមិនបាត់បង់អត្ថប្រយោជន៍ទាំងស្រុងក្តី ក៏ការសម្រេចនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ហើយអាចបាត់បង់ការទាក់ទាញអ្នកវិនិយោគអន្តរជាតិ និងអាចកាត់បន្ថយសក្តានុពលនៃកំណើនសេដ្ឋកិច្ចជាតិមួយកម្រិត ហើយវានឹងប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលធ្វើការក្នុងសហគ្រាស ឬរោងចក្រ ដែលផលិតទំនិញនាំចេញទៅអឺរ៉ុប។
បើយោងតាមការចុះផ្សាយរបស់ The Cambodia Daily ថា តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក Josep Borrell មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ សហភាពអឺរ៉ុបគ្មានជម្រើសផ្សេងទៀតល្អជាងការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ដោយផ្នែកមកលើកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងការបំពានក្នុងសកម្មភាពចូលរួមផ្នែកនយោបាយ និងការរំលោភទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងអង្គការក្រៅរដ្ឋាភិបាល ពីសំណាក់រដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ លោក រស់ គង់