en     km
en     km

កម្ពុជាប្រតិកម្មទូតអាមេរិកដោយចាត់ទុកជាឥរិយាបថប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជាករណី​លោកកឹមសុខា

Share

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញគសេចក្ដីថ្លែងការណ៍ជាចំហប្រតិកម្មនឹងអ្នកការទូតអាមេរិក ប្រចាំនៅកម្ពុជា ដែល បានចោទតុលាការកម្ពុជា បានប្រឌិតរឿងចោទអាមេរិក ពាក់ព័ន្ធនឹងសំណុំរឿងលោកកឹមសុខា។ សេចក្ដីថ្លែង ការណ៍កម្ពុជា នេះ ធ្វើតាមរយៈក្រសួងការបទេស កម្ពុជា ដែលតាងនាមអោយរដ្ឋាភិបាល ទាំងមូល និងតាមនាមអោយរដ្ឋមួយដែលមានអធិបតេយ្យ ជាតិ ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស បានវាយបកលើអ្នកការទូតអាមេរិក លោកផាទ្រិក ម៉កហ្វីថាបានរំលោភលើប្រព័ន្ទតុលាការរបស់រដ្ឋមួយ ដែលមានអធិបតេយ្យភាពពេញលេញ។  តែសេចក្ដីថ្លែងការណ័នេះ ពុំមានការទាមទារអោយអ្នកការទូតអាមេរិក កែតម្រូវជំហររបស់ខ្លួនឡើងវិញនោះទេ ។

កញ្ញា ឆោមពៅនិកា ជូនសេចក្ដី រាយការណ៍៖

ក្រសួងការបរទេសកម្ពុជា ឆ្លើយតបនឹង លោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដែលថាតុលាការកម្ពុជាប្រឌិតរឿងចោទអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោកកឹមសុខាដោយប្រតិ​កម្ម​ថាឥរិយាបទរបស់អ្នកការទូតប្រទេសមហាអំណាចមួយនេះបានកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសដែលតាងនាមអោយរដ្ឋាភិបាលកម្ពុជាទាំងមូលបាន​ធ្វើការឆ្លើយទៅលោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកព្រោះតែអ្នកការទូតរូបនេះបានថ្លែងប្រាប់​អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១២មីនាបន្ទាប់ពីលោកបានចូលស្ដាប់សវនាការ​កាត់ក្ដីលោកកឹមសុខាពីបទសន្ទិដិ្ឋភាពឬអំពើក្បត់ជាតិជាមួយបរទេសរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល។

លោកលោកPatrick Murphy សម្ដែងការខកចិត្តការដែលក្រុមរដ្ឋអាជ្ញានៃតុលាការកម្ពុជាភ្ជាប់​សំណុំរឿងលោកកឹមសុខាជាមួយសហរដ្ឋអាមេរិក។តែអ្នកការទូតនៃប្រទេសមហាអំណាច​មួយនេះចាត់ទុកថាជាការប្រឌិតរឿងដាក់ការអោយអាមេរិកជាប់ការពាក់ព័ន្ធនឹងសំណុំរឿងរបស់​លោក​កឹមសុខា។

ក្រសួងការបរទេសបន្ថែមថា ឥរិយាបថបែបនេះបង្ហាញពីភាពគ្មានការទូត រួមនិងកង្វះការគោរពអធិបតេយ្យភាពកម្ពុជា។

ក្នុងន័យនេះគឺនៅថ្ងៃទី១៣មីនាក្រោយមួយថ្ងៃក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយសម្ដែងខកចិត្តជាខ្លាំងនឹងជំហររបស់លោកPatrick Murphy ។

ក្នុងកថាខណ្ឌទី២ នៃសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាគឺលោកMurphyបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជានិងមិនសមជាអ្នកការទូតគួរអោយគោរព។

ក្រសួងបានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតនោះឱ្យដឹងថាតុលាការកម្ពុជាជាស្ថាប័នឯករាជ្យនិងដាច់ដោយឡែក។

ក្រសួងការបរទេសកមន្ពុជាបានចង្អុលបង្ហាញទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៥១ថ្មី អំពីការបែកចែកអំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង អំណាចតុលាការ។បន្ថែមពីនេះ មាត្រា១២៨ថ្មី ប្បញ្ញត្តិថា អំណាចតុលាការជាអំណាចឯករាជ្យ។

ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជាដោយសម្អាងទៅលើបទដ្ឋានទំនាក់ទំនងអន្ដរជាតិដោយ​បានចង្អុលទៅលើមាត្រា៤១នៃអនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ១៩៦៩ ស្ដីពីទំនាក់ទំនងការទូត និង មាត្រា២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់អ្នកការទូតតំណាង មកពីប្រទេសនានា ទោះបីប្រទេសនោះជាប្រទេសតូចឬធំត្រូវតែគោរពអធិបតេយ្យប្រទេសមួយឱ្យបានពេញលេញ។

នេះជាលើកដំបូងហើយដែលកម្ពុជាហៅឯកអគ្គរដ្ឋទូតបរទេសអាមេរិកថា គ្មានឥរិយាបទការទូត រួមទាំងថា លោកMurphyរូបនេះ ខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ។

លោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដែលទើបមកបំពេញបេសកកម្មរបស់លោកបន្ទាប់ពីបានតែងតាំងដោយប្រធានាធិបតីដូណាល់ត្រាំនិងការយល់ព្រមដោយព្រឹទ្ធសភាកាលពីខែសីហាឆ្នាំ២០១៩។លោកបានតាំងចិត្តថានឹងជួយកម្ពុជាមានប្រជាធិបតេយ្យនិង​ដំណោះ​ស្រាយនយោបាយឡើងវិញ។​ វត្តមានអ្នកការទូតរូបនេះបាននាំអោយមានការចោទសួរពីអ្នកវិភាគអំពីភាពក្លាហានរបស់លោក។ដូចក្នុងន័យនេះគឺនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោកMurphyថ្លែងថានីតិវិធីតុលាការកម្ពុជាក្នុងសំណុំរឿងលោកកឹមសុខា ដែលលោកបានទៅតាមដានផ្ទាល់ភ្នែកនេះ នឹងធ្វើឱ្យលោកនិងសហគមន៍អន្ដរជាតិអាចវាយតម្លៃបានលើនីតិរដ្ឋនិងដំណើរការ ត្រឹមត្រូវតាមផ្លូវច្បាប់នៅកម្ពុជានិងសម្រាប់ទំនាក់ទំនងអន្ដរជាតិរបស់ប្រទេសកម្ពុជាទៅមុខទៀត។លោកបន្តថាសហរដ្ឋ​អាមេរិក​​​មានការតាមខ្លាំងណាស់​ចំពោះសវនការលោកកឹមសុខាព្រោះថាកម្ពុជាបានភ្ជាប់​ឈ្មោះ​អាមេរិក។​

លោកឯមសុវណ្ណារ៉ាអ្នកវិភាគនយោបាយនៅកម្ពុជាដ៏ល្បីម្នាក់ដែរធ្លាប់ហៅឥរិយាបទលោកMurphyថាជាអ្នកការទូតមិនសូវអោយខ្លួនស្ថិតសភាពស្ងប់ស្ងាត់នោះទេ។លោកថាអ្នកការទូត​អាមេរិក​រូបក៏អាចធ្វើនយោបាយនៅកម្ពុជាប្រែសប្រួលទៅរកចំណុចវិជ្ជមានឡើងវិញដែរ។នៅក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តីលោកឯមសុវណ្ណារ៉ាយល់ថាប្រតិកម្មរបស់អ្នកការទូតអាមេរិករូបនេះលើសំណុំរឿងលោកកឹមសុខាគឺមានន័យថាសហរដ្ឋអាមេរិក​កំពុងតែទាញអោយកម្ពុជាឆាប់​ប្រតិកម្ម ​ហើយក៏ចង់អោយកម្ពុជាតវ៉ាដោយដាក់កំណត់ទូតជាផ្លូវការទៅក្រសួងការបរទេសអាមេរិក។លោកថាប្រទេសមហាអំណាចនេះមានឥទិ្ធពលលើកម្ពុជា។

តែយ៉ាងណាជំហររបស់​អ្នកការទូតអាមេរិក លើប្រព័ន្ធតុលាការកម្ពុជា ជាពិសេសសំណុំលោកកឹមសុខា ធ្វើឡើង មើលទៅ ដូចជា ចង់ឆ្លើយតប នឹង ការគំរាមរបស់ប្រមុខរដ្ឋាភិបាល កម្ពុជា ដែល គំរាមថា នឹង នាំខ្លួន លោកកឹមសុខា ទៅពន្ធនាគារ អោយតែ សាលក្រម កាត់ទោស លោកកឹមសុខាក្នុងអំពើក្បត់ជាតិ រួចហើយនោះ ។

ការគំរាមរបស់នាយករដ្ឋមន្ត្រី ក៏បានផ្ដើមអោយមានការវិភាគ ជាថ្មីទៀត លើ ជោគវាសនា របស់លោក កឹមសុខា ដែល គេមើលឃើញថា អ្នកនយោបាយ ធ្លាប់ស្គាល់ពន្ធនាគារ២ដងហើយនេះ អាចមានវាសនា អាក្រក់ ជាថ្មីទៀតឬទេ។

តែយ៉ាងណា មួយរយៈនេះ លោកកឹមសុខា ហាក់បាន បន្ទន់ជំហរច្រើនណាស់ទៅហើយដាក់ នាយករដ្ឋមន្ត្រី ដោយ ការជួយចូលថវិកា ជួយជនរងគ្រោះ ដោយសារបាក់អាគារនៅ ខេត្តកំពត និងសារចុងក្រោយ លោកកឹមសុខា ហាក់វាយប្រហារ លោកសមរង្ស៊ី រឿងការផ្ទុះមេរោគកូរ៉ូណា ដែលលោកថា អ្នកនយោបាយមិនត្រូវអុចអាល វាយប្រហារ គ្នានៅពេលនេះ ទេ គឺត្រូវជួយ អោយកម្ពុជា ជៀសផុតពីការភ័យខ្លាចរឿង មេរោគដ៏កំណាចនេះ។

ថែមពីនេះទៀត លោក​កឹមសុខា បានចាត់ទុកខ្លួនលោក ជាអ្នកនយោបាយ មិនរត់ចោលស្រុកទេ មិនមែនជាអ្នកនយោ​បាយ ជើងមិនជាប់ដី ក្បាលមិនជាប់មែឃនោះទេ ។​ ក្នុងន័យនេះហើយ ដែល អ្នកវិភាគឯករាជ្យ គិតថា ក្រោយពីសាលក្រមកាត់ទោស រួចហើយ គឺប្រមុខរដ្ឋាភិបាល នឹង ស្នើសុំព្រះមហាក្សត្រ ប្រទានការលើកលែងទោស ជាថ្មីទៀត ដល់លោកកឹមសុខា គឺដូចមុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧។ ប៉ុន្តែ អាចធ្វើទៅបានលុះត្រា តែ បានផលប្រយោជន៍ទៅ នាយករដ្ឋមន្ត្រី គឺក្រោម រូបមន្ត នយោបាយ ឈ្នះៗ ដែល អាចបង្ខំចិត្តលោកកឹមសុខា​បោះបង់ចោល សម្ព័ភាព​ជាមួយលោកសមរង្ស៊ី ។ បើដូចនេះ គឺលោកកឹមសុខា នឹងទទួលបានការលើកលែងទោស គឺត្រូវបាននាំខ្លួនចូលពន្ធនាគារម្ដងទៀតនោះទេ។ សម្រាប់លោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានបង្ហាញក្ដីសង្ឃឹមតាំងពីដំបូងថា អ្នកនយោបាយខ្មែរអាចរកដំណោះស្រាយបានជាមួយគ្នា ដោយឈរលើគោលការណ៍ យុត្តិធម៌ នៃការ យោគយល់ គ្នា ដោយស្នើសុំអោយ​ទំលាក់ចោលរាល់បទចោទទាំងឡាយ ទៅលើ អ្នកនយោបាយ នៃក្រុមប្រឆាំង៕

Share

ព័ត៌មានទាក់ទង

Image