en     km
en     km

ទូតអាមេរិកអះអាងថាតុលាការកម្ពុជាប្រឌិតរឿងចោទអាមេរិកពាក់ព័ន្ធករណីលោកកឹមសុខា

Share

អាមេរិកចាប់ផ្ដើម បញ្ចូលខ្លួនពាក់ព័ន្ធនឹងសំណុំរឿងលោកកឹមសុខាដែល អ្នកវិភាគយល់ថាបើ តាមមន្រ្ដីទូតអាមេរិកគឺចង់ទាញឱ្យកម្ពុជាបង្ហាញភស្ដុតាងថាខ្លួនពាក់ព័ន្ធករណីលោកកឹមសុខាឬទេ។

កញ្ញា ឆោមពៅនិការាយការណ៍

ឯកអគ្គរដ្ឋទូតអាមេរិកនៅថ្ងៃព្រហស្បត្តិ៍ទី១២មីនានេះ ក្នុងនាមតំណាងសហរដ្ឋអាមេរិកនៅកម្ពុជាបានសម្ដែងការមិនពេញចិត្ត ដោយលើកឡើងថាអាមេរិកមានការរំខានចិត្ត ព្រោះអង្គអយ្យការបានប្រឌិតអង្គហេតុទាក់ទងនឹងសហរដ្ឋអាមេរិកករណីលោកកឹមសុខា។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក ផាកទ្រីកមឺហ្វីបានថ្លែងដូចនេះក្រោយពីចូលស្ដាប់សវនាការកាត់ក្ដីលោកកឹមសុខានៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២មីនានេះ។

នៅចំពោះមុខអ្នកសារព័ត៌មាននិងក្រោយមកលោកបានចេញសេចក្ដីថ្លែងការណ៍បង្ហោះលើទំព័រហ្វេសបុកទូតអាមេរិកប្រចាំនៅកម្ពុជាដោយប្រែសម្រួលជាភាសាខ្មែរគឺមានន័យថាលោកផាកទ្រីកចង់ទាមទារតម្លាភាព និង យុត្តិធម៌សម្រាប់អាមេរិកក្នុងទំនាក់ទំនងនឹងគណបក្ស នយោបាយនិងស្ថាប័ននានា នៅកម្ពុជា។

ជាមួយនឹងការអះអាងពីភាពស្អាតស្អំរបស់លោកកឹមសុខាគឺមន្រ្ដីជាន់ខ្ពស់ទូតអាមេរិកថា ខ្លួនមានការរំខាន ចិត្តដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិតដាក់ឱ្យអាមេរិកពាក់ព័ន្ធលើរឿងនេះ។

មន្រ្ដីទូតរូបនោះជម្រាបថាសហរដ្ឋអាមេរិកកំពុងតាមសវនាការកាត់ក្ដីលោកកឹមសុខាយ៉ាងដិតដល់ ព្រោះថានីតិវិធីនេះនឹងជាបច្ច័យឱ្យដឹងពីនីតិរដ្ឋនិងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ នៅកម្ពុជានិងសម្រាប់ទំនាក់ទំនងអន្ដរជាតិរបស់ប្រទេសកម្ពុជា។សហរដ្ឋអាមេរិកបានទទួលស្គាល់ចំពោះកេរ្ដិ៍ឈ្មោះលោកកឹមសុខា គឺថាលោកកឹមសុខាសមនឹងទទួលបានថាជាអ្នកគាំទ្រសិទ្ធិនិងសេរីភាពនៅទូទាំងពិភពលោក។

សារសំខាន់របស់លោកមឺហ្វីក៏បានបញ្ជាក់ថាអាមេរិករំពឹងថាលោកកឹមសុខានឹងមានសេរីភាពពេញលេញដោយលោកមឺហ្វីបានលើកឡើងថាយើងរីករាយនឹងឃើញថា សិទ្ធិនយោបាយរបស់លោកត្រូវបានគេប្រគល់ឲ្យលោកវិញ ហើយយើងសង្ឃឹមផងដែរថា ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងដំណើរការនយោបាយ។

វត្តមាននៃការចូលរួមស្ដាប់និងតាមដានសវនាការរបស់ឯកអគ្គរដ្ឋទូតអាមេរិកក្នុងសំណុំរឿងក្បត់ជាតិលោកកឹមសុខាអស់ពេលជិត២ខែនេះ ត្រូវបានគេកត់សម្គាល់ថាធ្វើឡើងក្រោយពីសម្ដេចនាយករដ្ឋមន្រ្ដីបានព្រលយសម្ដីឱ្យដឹងថាលោកកឹមសុខាអាចនឹងត្រូវបញ្ចូលក្នុងពន្ធនាគារវិញក្រោយពីការកាត់ទោសហើយតុលាការទម្លាក់សាលក្រម។

សម្ដេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០មី បាន បន្តព្រមាន ធ្ងន់ៗទៅលើលោកកឹមសុខា ប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិដោយ ប្រាប់មុនថា ក្រោយជំនុំជម្រះក្ដីរួចហើយ គឺអ្នកនយោបាយ រូបនេះ ត្រូវនាំខ្លួន ម្ដងទៀត ទៅ ពន្ធនាគារវិញ ។ លោកថាគ្មាន ជនជាប់ចោទណាមួយរួចទោសឡើយ។

———–សម្ដេចហ៊ុនសែន -01

ការព្រមានលើកទី២ របស់ ប្រមុខរដ្ឋាភិបាល ចាប់តាំងពី សហភាពអឺរ៉ុបសម្រេចថា នឹងដកហូតពន្ធពីកម្ពុជា ២០ភាគរយ ចាប់ពីខែសីហា ឆ្នាំ២០២០នេះ។  សម្រាប់ សម្ដេចហ៊ុនសែន ព្រមានថា កុំថា២០ភាគរយ គឺដកយកត្រឡប់ទាំងស្រុង ក៏កម្ពុជា មិនខ្វល់ដែរ ព្រោះរបស់នេះ វាគង់នឹងបាត់។ តែយ៉ាងណា ករណីលោក កឹមសុខា ដែលនាំអោយលោកខឹងខ្លាំង គឺលោកកឹមសុខា ចង់ផ្ដួលលោក ក្រោយបោះឆ្នោតឆ្នាំ២០១៣ ដែលប្រើពាក្យ ថា ដូរចេញទៅ។

សម្រាប់លោកឯមសុវណ្ណារ៉ាអ្នកវិភាគនយោបាយយល់ថាការបញ្ជាក់របស់អាមេរិកនេះគឺចង់ឃើញភាគីកម្ពុជាមិនធ្វើឱ្យល្អក់កករទំនាក់ទំនងទូតកម្ពុជានិងអាមេរិកដែលថាអាមេរិកអាចពាក់ព័ន្ធនឹងការដួលរំលំរដ្ឋាភិបាល។លោកគិតថាអាមេរិកទំនងត្រូវការអោយកម្ពុជាបង្ហាញភស្ដុតាងមកថាតើអាមេរិកប្រព្រឹត្តយ៉ាងដូចនេះដែរឬទេ។

—–លោក ឯមសុវណ្ណារ៉ា—————០២

យ៉ាងណាវិទ្យុស្រ្តីមិនអាចសុំការឆ្លើយតបបានទេជុំវិញប្រតិកម្មរបស់ទូតអាមេរិកនិងទស្សនះរបស់អ្នកវិភាគពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនិង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ដោយ​ ពុំមាន​ការ​លើក​​ទូរស័ព្ទ។

លោកកឹមសុខា បានសម្រេចឡើងតុលាការ ដើម្បីតតាំងក្ដី ប្រឆាំងរូបលោកពីបទសដ្ឋិន្តិភាព ឬអំពើក្បត់ជាតិ ជាមួយនឹងបរទេស ប៉ងផ្ដួលរំលំរដ្ឋាភិបាលដោយបទចោទលោកភ្ជាប់នឹងបរទេស។ទាំង​លោក​កឹមសុខានិងក្រុមមេធាវីបានទាមទារអោយតុលាការទម្លាក់បទចោទប្រឆាំងប្រធានអតីតគណបក្ស​ប្រឆាំងរូបនេះ​ដោយចាត់ទុកថាជារឿងនយោបាយនិងបំពានគោលការណ័សិទ្ធិនយោបាយ។

ចំណែកតំណាងសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានបញ្ជាក់ពីជំហររបស់ខ្លួនម្ដងទៀតថា ការភ្ជាប់របស់អាមេរិកនោះមានដូចជាជំនួយចំនួន ៣ ពាន់លានដុល្លា ដល់ប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ដោយរួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

ទូត អាមេរិកអះអាងទៀតថាកម្មវិធីរបស់អាមេរិកគឺសម្រាប់គណបក្សនយោបាយទាំងអស់ ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាល។លោកឯកអគ្គរដ្ឋទូតរូបនោះប្រកាន់ថារដ្ឋាភិបាល អាមេរិកបានបញ្ជាក់ច្បាស់ហើយ ថា សហរដ្ឋអាមេរិកមិនដែលចង់ជ្រៀតជ្រែកក្នុងអភិបាលកិច្ចរបស់ប្រទេស កម្ពុជាទេពោលគឺអាមេរិកគោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ តែ អាមេរិកគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំង ជាផ្នែកសំខាន់ចាំបាច់មួយនៃគ្រប់លទ្ធិប្រជាធិបតេយ្យ។ត្រង់សារសំខាន់ៗអម្បាលម៉ានខាងលើរបស់អាមេរិក អាមេរិកហាក់បំភ្លឺម្ដងទៀតពីភាពស្មោះត្រង់ ស្អាតស្អំ តម្លាភាពនិងយុត្តិធម៌នៃវត្តមានរបស់ខ្លួននៅលើទឹកដីកម្ពុជា ក្នុងទំនាក់ទំនងអន្ដរជាតិ រវាងរដ្ឋ និង សូម្បីបុគ្គល។

ក្នុងសំណុំរឿងដែលត្រូវអូសបន្លាយសវនាការរយៈពេល៣ខែ នេះ សហគមន៍អន្តរជាតិនិងអ្នកសង្កេតការណ៍មួយចំនួន បានហៅ បទចោទប្រឆាំងលោកកឹមសុខា ថាជាល្បែងនយោបាយ របស់ សម្ដេចហ៊ុនសែន វាយបំបាក់ដៃគូ អោយចុះខ្សោយ ហើយដើម្បីអោយ រណបនឹងបក្សកាន់អំណាច៕

Share

ព័ត៌មានទាក់ទង

Image