en     km
en     km

នាទីច្បាប់៖ ឃាតកម្ម

Share

កន្លងមក បទឃាតកម្មត្រូវបានគេដឹងថា ឲ្យតែជាការសម្លាប់មនុស្សគឺហៅថាជាបទឃាតកម្មហើយ ក៏ប៉ុន្តែ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ចែងទាក់ទងទៅនឹងមនុស្សឃាត គឺយើង សង្កេតឃើញមានបទល្មើសចំនួន៣ ផ្សេងគ្នា​ ដែលវាមានភាពប្រហាក់ប្រហែលគ្នា ក្នុងនោះរួមមាន៖ បទឃាតកម្ម ឃាតកម្មគិតទុកជាមុន និងមនុស្សឃាតដោយអចេតនា។

តើបទល្មើសទាំង៣នេះ មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចខ្លះ?

ដើម្បីជាការស្វែងយល់បន្ថែមអំពីបញ្ហាចោទខាងលើនេះ សូមនាងកញ្ញា លោក លោកស្រី ស្តាប់ការបកស្រាយរបស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖​

បើយើងនិយាយទៅដល់បទឃាតកម្មត្រូវបានគេចែកចេញជា ២ គឺឃាតកម្មដោយចេតនា និងឃាតកម្មដោយអចេតនា។ ស្របទៅតាមគោលការណ៍ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា បទឃាតកម្ម និងឃាតកម្មគិតទុកជាមុន គឺសុទ្ធតែជាឃាតកម្មដោយចេ​តនា​ ដែលនេះមានន័យថា គឺជាអំពើទាំងឡាយណារបស់ជនល្មើស បានមានចេតនាសម្លាប់ជនរងគ្រោះ ដោយមានការប្រើប្រាស់អាវុធក្តី ឬមិនបានប្រើប្រាស់អាវុធក្តី។ រីឯបទមនុស្សឃាតដោយអចេតនាវិញ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២០៧ បានចែងថា គឺជាអំពើដែលបណ្តាលឲ្យស្លាប់អ្នកដ៏ទៃដោយ៖

១. ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ចា។

២. ការបំពានលើកាតព្វកិច្ចសន្តិសុខ  ឬកាតព្វកិច្ចដែលច្បាប់តម្រូវ។ ទាំងនេះមានន័យថា ​បទមនុស្សឃាត​ដោយ​​អចេតនាគឺជាមានន័យថា ជនល្មើស ឬជនបង្ក ​មិនបានមាន​ចេតនា​សម្លាប់ជនរងគ្រោះ​ទេក៏ប៉ុន្តែទង្វើនិងអំពើ​របស់​គាត់​បាន​បណ្តាល​ឲ្យ​​ជនរងគ្រោះ​ស្លាប់។

ទាញភ្ជាប់បន្តទាក់ទិនទៅនឹងបទឃាតកម្មដោយចេតនា យើងឃើញហើយថា រវាងបទឃាតកម្ម និងបទឃាតកម្មគិតទុកជាមុន គឺសុទ្ធសឹងតែមានការកើតចេញពីចេតនាប្រព្រ្តឹត្តរបស់ជនបង្កក្នុងការសម្លាប់ជនរងគ្រោះទាំងអស់។ ដូចនេះតើ​គេសង្កេតទៅ​លើ​ចំណុចណាខ្លះ ដើម្បី​ឲ្យដឹង​ថា មួយណា​ជា​ “បទឃាតកម្ម​” ហើយ​មួយណា​ “បទឃាតកម្ម​គិតទុកជាមុន”?

ជាការងាយស្រួលនៅក្នុងការបែងចែករវាងបទល្មើសទាំង២ យើងដឹងហើយថាទាំងបទឃាតកម្ម និងបទឃាតកម្មគិតទុកជាមុន គឺសុទ្ធសឹងតែជាបទឃាតកម្មដោយចេតនា តែវាខុសគ្នាត្រង់ថា បទឃាតកម្ម គឺជនល្មើស ឬជនបង្កមិនបានរៀបគម្រោងគិតទុកជាមុនក្នុងការសម្លាប់ជនរងគ្រោះនោះទេ។ យើងអាចទាញឧទាហរណ៍បានថា និស្សិត (ក)បានមានជម្លោះជាមួយនិស្សិត (ខ)។ នៅថ្ងៃមួយពួកគេទាំង២ បានណាត់គ្នាវាយ នៅម្តុំព្រៃស្ងាត់មួយ។ ស្ថិតក្នុងស្ថានភាពដែលបានវៃតប់នោះ និស្សិត(ក) បានខឹងនិស្សិត (ខ)ជាខ្លាំង ស្រាប់តែប្រទះឃើញដំបងឈើមួយដើម ក៏ទាញមកវាយសម្លាប់និស្សិត (ខ)នោះយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់។ នៅក្នុងករណីនេះ យើងអាចទាយបានថា វាជាបទឃាតកម្ម។

ចំពោះអំពើខាងលើនេះ យោងទៅតាមមាត្រា​​ ១៩៩ ស្តីពីបទឃាតកម្ម បានចែងថា អំពើសម្លាប់មនុស្ស ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ១០ ទៅ១៥ឆ្នាំ។

ក្នុង​បទល្មើស​ពីរនេះ ជនល្មើស​សុទ្ធសឹង​តែ​មាន​ចេតនា​សម្លាប់​ជនរងគ្រោះ ​ដូចគ្នា ក៏ប៉ុន្តែ ក្នុង​​​បទឃាតកម្ម ជនល្មើស​មិនមាន​ការ​គិតទុកជាមុន​​ថា​នឹង​សម្លាប់​ជនរងគ្រោះ​ទេ។ ចំណែក​ឃាតកម្ម​គិតទុកជាមុន ​ជនល្មើស​បាន​គិត​ទុកជាមុន ឬ​បាន​ប្រុងប្រៀប​​រៀបចំ​ទុកជាមុន។ ចំណែកឯបទឃាតកម្មគិតទុកជាមុនវិញ គឺជនល្មើស ឬជនបង្កបានរៀបគម្រោងរួចជាស្រេចហើយនៅក្នុងការសម្លាប់ជនរងគ្រោះ។ បើយោងទៅតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌបានកំណត់ថា បទឃាតកម្មគិតទុកជាមុន គឺជា អំពើសម្លាប់មនុស្ស ដោយមានការគិតទុកជាមុន មានន័យថា បុគ្គលដែលជាឃាតករ បានរៀបគម្រោងការសម្លាប់ជនរងគ្រោះ មុនពេលនឹងចាប់ផ្តើមអំពើប្រៀតបៀនទៅលើរូបកាយជនរងគ្រោះទៅទៀត។ ការរៀបគម្រោងនេះ ក៏អាចរាប់បញ្ចូលទាំងការពួនស្ទាក់ផងដែរ ដែលនេះមានន័យថា ជនបង្កបានឃ្លាំចាំជនរងគ្រោះ ក្នុងរយៈពេលណាមួយដើម្បីបៀតបៀនទៅលើរូបកាយរបស់ជនរងគ្រោះនោះ។ ត្រង់នេះ យើងអាចទាយឧទាហរណ៍បានថា បុរស(ក) មានគំនុំជាមួយនារី(ខ)យូរមកហើយ។ នៅថ្ងៃមួយបុរស(ក) បានរៀបគម្រោងសម្លាប់នារី (ខ) ដោយបានទៅទិញកាំបិតមុតស្រួចមួយដើមពីផ្សារដើម្បីទុកចាក់សម្លាប់នារី(ខ)តាមផ្លូវ។ បន្ទាប់ពីបានទិញរួច បុរស(ក) ក៏បានទៅពួននៅគុម្ពព្រៃមួយ ដែលជាផ្លូវដំណើរដែលនារី(ខ) ឧស្សហ៍ដើរកាត់។ ពេលដែលនារី(ខ)បានដើរទៅដល់ចំណុចនោះ បុរស(ក) ក៏បានស្ទាក់ដំណើររួចក៏ចាក់សម្លាប់នារី(ខ)នៅត្រង់នោះទៅ។

ត្រង់ចំណុចនេះយើងអាចបញ្ចក់បានថា បុរស(ក)បានរៀបគម្រោងសម្លាប់នារី(ខ)រួចទៅហើយតាមរយៈការទិញកាំបិត និងពួនស្ទាក់សម្លាប់តាមផ្លូវ។ ដូចនេះយោងទៅតាមគោលការណ៍ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២០០បានចែងថា បទឃាតកម្មដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិត។

យើងបកទៅកាន់បទមនុស្សឃាតដោយចេតនាវិញ តើវាមានន័យយ៉ាងណាដែរ? បទមនុស្សឃាតដោយចេតនានេះគឺជនរងបង្ក មិនបានមានបំណង ឬចេតនាសម្លាប់ជនរងគ្រោះនោះទេ។ ជាការនិយាយដោយសង្ខេបនៅក្នុងមាត្រា២០៧ គេអាចចាត់ទុកថាជាបទមនុស្សឃាតដោយអចេតនាបានលុះត្រាតែ ការសម្លាប់នោះកើតចេញពីការធ្វេសប្រហែសរបស់ជនបង្ក ការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជារ ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ។ ត្រង់ចំណុចនេះ យើងអាចទាញឧទាហរណ៍បានថា នារី(ក)ជាអ្នកបំរើចំណីអាហារឲ្យផ្ទះមួយកន្លែង។ ស្រាប់តែថ្ងៃមួយនារី(ក)នោះបានលើកឆ្នាំងស៊ុបទឹកក្តៅមួយយកចេញទៅក្រៅ ស្រាប់តែដល់ចំនុចពាក់កណ្តាលផ្ទះ នារី(ក)ក៏បានទាក់ជើងដួល ហើយឆ្នាំងស៊ុបទឹកក្តៅនោះក៏បានកំពប់ទៅលើទារក៣ខែដែលកំពុងដេកលើអង្រឹងកណ្តាលផ្ទះនោះរលាកស្លាប់ទៅ។ ក្នុងស្ថានភាពនេះ យើងអាចសង្កេតឃើញថា នារី(ក)ពុំមានចេតនានៅក្នុងការសម្លាប់ទារកនេះនោះទេ ដោយសារតែជំពប់ជើងដួលទើបបណ្តាលឲ្យទារកនោះស្លាប់។

ទាក់ទងទៅនឹងករណីនេះ តាមគោលការណ៍នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាបានចែងថា បទមនុស្សឃាតដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល៕


Share

ព័ត៌មានទាក់ទង

Image