(ភ្នំពេញ)៖ នីតិព្រហ្មទណ្ឌ គឺជាបាទដ្ឋានគតិយុត្តចែងកំណត់អំពីការដាក់ទណ្ឌកម្មចំពោះបុគ្គលដែលប្រព្រឹត្តអំពីដែលប៉ះពាល់ដល់ប្រយោជន៍បុគ្គល ឬសាធារណៈ និងសណ្តាប់ធ្នាប់សង្គម។ ហេតុនេះបានជាក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកំរិតអំពីការទទួលខុសត្រូវព្រហ្មទណ្ឌយ៉ាងច្បាស់លាស់ ដែលក្នុងនោះ មាត្រា៣៨ បានចែងថា នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ ។ ចុះប្រសិនបើអនីតិជនអាយុក្រោម ១៨ ឆ្នាំ ប្រព្រឹត្តបទល្មើស តើត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដែររឺទេ? តើមានវិធានការបែបណាខ្លះ ចំពោះអនីតិជនដែលបាន ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ?
ដើម្បីជាការស្វែងយល់បន្ថែមអំពីបញ្ហាចោទខាងលើនេះ សូមនាងកញ្ញា លោក លោកស្រី ស្តាប់ការបកស្រាយរបស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖
នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៣៨បានកំណត់ថា ការទទួលខុសត្រូវព្រហ្មទណ្ឌបាន លុះត្រាតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយហេតុថាអាយុក្រោម ១៨ ឆ្នាំ គឺជាអនីតិជន ដូចនេះការយល់ដឹងរបស់ពួកគេនៅមានភាពខ្វះខាតនៅឡើយ។ តែប្រសិនជាអនីតិជនបានប្រព្រឹត្តិបទល្មើសអ្វីមួយនោះ វិធានការអនុវត្តចំពោះអនីតិជនគឺមានតែ វិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភតែប៉ុណ្ណោះ ប៉ុន្តែចំណុចនេះអាចមានភាពពិបាក ដោយហេតុថា ក្នុងករណីដែលមានអនីតិជនអាយុក្រោម១៨ឆ្នាំ ប្រព្រឹត្តបទល្មើសដែលមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរណាមួយ។ ក៏ប៉ុន្តែនៅក្នុងមាត្រា៣៩ បានបញ្ញាត្តិបន្ថែមថា តុលាការអាចប្រកាសទណ្ឌកម្ម ព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើងទៅបាន ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ។ មានន័យថា អនីតិជនអាយុ ១៤ ឆ្នាំដល់ ១៨ ឆ្នាំអាចនឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះ អំពើរបស់ខ្លួនប្រសិន កាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ ។
នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មិនបានកំណត់ឲ្យបានច្បាស់លាស់ឡើយអំពីពាក្យថា កាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជន ដូចនេះនៅពេលជួបប្រទះនូវករណីណាមួយ ច្បាប់បានផ្ដល់សិទ្ធិពិសេសដល់តុលាការដែលគេហៅម្យ៉ាងទៀតថា ឆន្ទានុសិទ្ធិ ក្នុងការគិតពិចារណាថា តើអនីតិជននោះត្រូវទទួលខុសត្រូវ ឬក៏អត់ចំពោះទង្វើល្មើសច្បាប់ព្រហ្មទណ្ឌរបស់ខ្លួន ។
ជាទូទៅរាល់អនីតិជនអាយុពី១៤ ដល់ក្រោម ១៨ឆ្នាំ ដែលប្រព្រឹត្តបទល្មើសទាំងអស់ តុលាការអាចសម្រេចដាក់ត្រឹមតែវិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភតែប៉ុណ្ណោះ ដែលមានដូចជា៖
១៖ ការប្រគល់អនីតិជនឲ្យទៅឳពុកម្តាយ អាណាព្យាបាល បុគ្គលដែលថែរក្សាអនីតិជននោះ ឬបុគ្គណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសកសមនឹងទំនុកចិត្ត។
២៖ ការប្រគល់អនីតិជនឲ្យទៅសេវាសាធារណៈ ដែកសម្រាប់ទទួលបន្ទុកអនីតិជន។
៣៖ ការប្រគល់អនីតិជនឲ្យទៅអង្គការឯកជន ដែលមាននីតិសម្បទានៅក្នុងការទទួលអនីតិជន។
៤៖ ការប្រគល់អនីតិជនឲ្យទៅមន្ទីរពេទ្យ ឬស្ថាប័នឯកជន។
៥៖ ការដាក់អនីតិជនឲ្យស្ថិតនៅក្រោមការការពាររបស់តុលាការ ត្រង់ន័យនេះមានន័យថា តុលាការត្រូវចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើការតាមដានអនីតិជន។ បុគ្គលនោះត្រូវផ្ងើរបាយការណ៍ស្តីពីកិរិយាមារយាទរបស់អនីតិជនឲ្យបានទៀងទាត់ដល់ព្រះរាជអាជ្ងា។ បុគ្គលនោះផ្តល់ព៍ត៌មានដល់ព្រះរាជអាជ្ងាអំពីព្រឹត្តិការណ៍ទាំងអស់ ដែលអាចនាំឲ្យមានការកែប្រែនូវវិធានការនេះ។
ផ្ទុយទៅវិញប្រសិនបើតុលាការយល់ឃើញថា កាលៈទេសៈរបស់បទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវឲ្យអនីតិជនទទួលខុសត្រូវព្រហ្មទណ្ឌនោះ ក៏ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជនមិនអាចស្ថិតនៅលើគោលការណ៍ស្មើភាពដូចនីតិជនដែរ។
ចំពោះករណីដែលតុលាការសម្រេចផ្តន្ទាទោសព្រហ្មទណ្ឌចំពោះអនីតិជនអាយុចាប់ពី១៤ឆ្នាំឡើងទៅ មាត្រា១៦០ បានកំណត់ថា ទោសដែលត្រូវអនុវត្តចំពោះអនីតិជនគឺត្រូវបានផ្តោតទៅលើគោលការណ៍៤៖
- ទោសដែលខ្ពស់បំផុត ឬអតិបរិមានៃទោស ត្រូវបន្ថយមកត្រឹមពាក់កណ្តាល
- ប្រសិនបើមានការជាប់ពន្ធធនាគារអស់មួយជីវិតវិញ ត្រូវបន្ថយមកត្រឹម២០ឆ្នាំ
- ទោសដែលទាបបំផុត ឬអប្បបរិមានៃទោស មានរយៈពេលលើសពី១ថ្ងៃឡើងទៅ ត្រូវថយមកត្រឹមពាក់កណ្តាលវិញ
- សម្រាប់ទោសពិន័យជាប្រាក់ក៏ត្រូវបន្ថយមកត្រឹមពាក់កណ្តាលដែរ ទោះបីជាស្ថិតនៅក្នុងអតិបរិមានៃទោស ឬអប្បបរិមានៃទោសក៏ដោយ។
ក្នុងការចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើបទបញ្ញត្តិនៃមាត្រានេះមាន អានុភាពបន្ថយ អតិបរមានៃ ទោសដាក់ពន្ធនាគារ មកត្រឹមថិរវេលាមួយស្មើ ឬតិចជាង ៥ (ប្រាំ) ឆ្នាំនោះបទល្មើសដែលចោទប្រកាន់នៅតែជាបទឧក្រិដ្ឋដដែល។ ក្រៅពីមូលទោស តុលាការក៏អាចប្រកាសទោសបន្ថែម និងទោសការងារសហគមន៍បានផងដែរ ដែលចំណុចនេះមានបញ្ញត្តិនៅក្នុងមាត្រា ១៦១ និង១៦២ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងមាត្រា១៦៤ បានចែងថា ប្រសិនបើតុលាការសម្រេចឲ្យមានស្ថានសម្រាលទោស អប្បបរិមានៃទោសទៅលើអនីតិជនចំពោះបទឧក្រិដ្ឋព្រហ្មទណ្ឌក៏ដោយ បទមជ្ឈឹមក៏ដោយ គឺត្រូវមានការបន្ថយទោសដូចតទៅ៖
- បើជាប់ពន្ធធនាគារស្មើ ឬលើស១០ឆ្នាំ ត្រូវបន្ថយមកត្រឹម១ឆ្នាំវិញ
- បើជាប់ពន្ធធនាគារស្មើ ឬលើស៥ឆ្នាំ តូចជាង១០ឆ្នាំ ត្រូវបន្ថយមក៦ខែវិញ
- បើជាប់ពន្ធធនាគារស្មើ ឬលើស២ឆ្នាំ តូចជាង ៥ឆ្នាំ ត្រូវបន្ថយមកត្រឹម៣ខែ
- បើជាប់ពន្ធធនាគារស្មើ ឬលើស៦ថ្ងៃ តូចជាង២ឆ្នាំ ត្រូវបន្ថយមកត្រឹម១ថ្ងៃវិញ
- ចំពោះប្រាក់ពិន័យត្រូវកាត់បន្ថយពាក់កណ្តាល
ចំពោះការឃុំឃាំងអនីតិជនវិញ គឺមានភាពខុសគ្នាពីការឃុំឃាំងនីតិជន។ ក្នុងមាត្រា ១៦៦ បានបញ្ញាត្តិថា បើអនីតិជនត្រូវជាប់ពន្ធធនាគារ កន្លែងឃុំឃាំងត្រូវនៅដាច់ដោយឡែកពីនីតិជន។ អនីតិជនត្រូវស្ថិតនៅក្រោមរបបដោយឡែកជាឯកត្តបុគ្គល ដែលជាទីកន្លែងអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ។ របបឃុំឃាំងត្រូវកំណត់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធ។
សរុបមកឲ្យតែមានការប្រព្រឹត្តបទល្មើសអ្វីមួយកើតឡើង ពិតណាស់វាតែងបង្កឲ្យមានព្យសនកម្ម ឬក៏ហៅម្យ៉ាងទៀតថាជាការខូចខាត ផ្សេងៗ ដែលជាមូលហេតុមួយតម្រូវឲ្យមាន ការទទួលខុសត្រូវចំពោះ អំពើ និងផលដែលខ្លួនបានប្រព្រឹត្តិចំពោះបុគ្គលដែលយើងបានជះផលទៅឲ្យ។
ប៉ុន្តែជាបទបញ្ញត្តិដោយឡែក ច្បាប់ក៏បានកំណត់នូវគោលការណ៍នៃការ ទទួលខុសត្រូវព្រហ្មទណ្ឌមួយដាច់ដោយឡែក សម្រាប់អនីតិជនដែលប្រព្រឹត្តបទល្មើសផងដែរ ដើម្បីជាការការពារអនីតិជនដើម្បីកុំឲ្យប៉ះពាល់ទៅដល់សិទ្ធិ ក៏ដូចជាបង្កនូវការលំបាកដល់អនីតិជនដែលជាគោលការណ៍អនីតិជនត្រូវបានគាំពារយ៉ាងខ្លាំងដោយច្បាប់ ជាពិសេសនោះគឺច្បាប់ស្ដីពីយុត្តិធម៌អនីតិជន៕
អត្ថបទដោយកញ្ញា អ៊ុំ ច័ន្ទលក្ខិណា