ខណៈព័ត៌មានដើរដួល សន្លប់ឬស្លាប់តាមដងផ្លូវ និងទីសាធារណៈមួយចំនួននៅកម្ពុជាបាន បង្ហោះចែកចាយយ៉ាងគំហុកចំពេលពិភពលោកប្រឈមនឹងវីរុសកូរ៉ូណា លោកនាយករដ្ឋមន្រ្ដីកម្ពុជាបានចាត់ទុកថា អ្នកផ្សព្វផ្សាយជាជនបំផុសបំភ្លៃព័ត៌មានដែលលោកថាជាជនទុច្ចរិតនិងពេលខាងមុខបើនៅតែបន្ដឥរិយាបថចលាចលសង្គមបែបនេះលោកនឹងចាត់ទុកជាភេវករមិនខាន។
សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានហៅក្រុមដែលព្យាយាមប្រឌិតព័ត៌មានបំពុលសង្គម អំពីជំងឺកូរ៉ូណាថ្មី ឬ COVID-19 ថាជាក្រុមទុច្ចរិត ហើយសម្តេចនឹងចាត់ទុកពួកគេជាក្រុមភេរវករផងដែរ បើសិនជាក្រុមនេះនៅតែបន្តបំពុល ឬប្រឌិតព័ត៌មាន ដើម្បីជំរុញឲ្យពលរដ្ឋខ្មែរមានការភ័យខ្លាច។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ធ្វើឡើងចំពោះមុខនិស្សិតនៅថ្ងៃទី ០២មីនាគឺលោកហាក់ដូចជា ប្រតិកម្មធ្ងន់ៗនឹងអ្នកលេងបណ្ដាញសង្គមដែលធ្វើឱ្យមានការចែកចាយដំណឹងនៃបុគ្គលដួលដោយខ្យល់គរ ឬបញ្ហាដាច់សរសៃឈាមខួរក្បាល ឬផ្សេងៗទៀតថាសង្ស័យមកពីវីរុសកូរ៉ូណាទៅវិញ។លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានពន្យល់ថា ជំងឺ COVID-19 នេះមិនមានប្រកាច់ស្លាប់ដូចជំងឺដាច់សសៃឈាម ឬគាំងបេះដូងទេដោយលោកឱ្យកត់សម្គាល់ថា កន្លងទៅនេះ កុំឲ្យតែមាននរណាម្នាក់ស្លាប់ ក្រុមអ្នកលេង Facebook មួយចំនួនបានបង្ហោះថា ជាជំងឺ COVID-19 ទាំងអស់។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្ដីគឺបន្ទាប់ពីក្រសួង ក្រសួងព័ត៌មាន បានស្នេីឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលេីគណនី Facebook ចំនួន៧ ដែលធ្វេីសកម្មភាពផ្សព្វផ្សាយបំផុសបំផុលនិងបំភ័យប្រជាពលរដ្ឋ។ Facebook ទាំង៧ ដែលស្នើឱ្យចាត់វិធានការនេះរួមមាន៖ Sdam Husen, Sovannara Som, កូននាគ អហិង្សា ស្វ.រ, សំលេងពលករចង់បានការផ្លាស់ប្តូរ, សឹម សុភា Soem Sophea, Ah Song Ha និង រិទ្ធីវង្ស ឡុង។
លោកនាយករដ្ឋមន្រ្ដីថាការជំនះនឹងព័ត៌មានក្លែងក្លាយគឺមនុស្សគ្រប់គ្នាត្រូវធ្វើជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយ។
កន្លងមកអ្នកជំនាញផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយអះអាងថាដើម្បីទុកចិត្តព័ត៌មានណាមួយពិតឬក្លែងក្លាយយើងត្រូវមើលប្រភព អ្នករាយការណ៍ កាលបរិច្ឆេទ ស្ថាប័ន ត្រឹមត្រូវ មានការទទួលស្គាល់ដែរឬយ៉ាងណា៕
ដោយៈពៅនិកា