en     km
en     km

ទោះបីជាអ្នកនិពន្ធមានចំនួនតិច ក៏យើងនៅតែសង្កេតឃើញស្រ្តីជាអ្នកនិពន្ធមានការកើន

Share

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២០នេះ មានកម្មវិធីជំនួបអ្នកនិពន្ធស្រី ដែលជាព្រឹត្តិការណ៍ធំមួយនៅក្នុងឆន្ទៈលើកម្ពស់ស្រ្តី និងការលើកទឹកចិត្តអ្នកនិពន្ធ ក្រោមប្រធានបទ សំនេរនាង សំនៀងសង្គម។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖

នៅក្នុងសង្គមកម្ពុជាការចាប់អាជីពជាអ្នកតែងនិពន្ធ មិនមែនជាអាជីពមួយដែលមានការចាប់អារម្មណ៍ខ្ពស់ប៉ុន្មាននោះទេ ពោលគឺគ្រាន់តែជាអាជីពបន្ទាប់បន្សំមួយនៅក្នុងការស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពបន្ថែមតែប៉ុណ្ណោះ។ អ្នកដែលចាប់យកអាជីពជាអ្នកនិពន្ធច្រើនតែជាអ្នកដែលស្រឡាញ់សៀវភៅ ចូលចិត្តការអាន ស្រមើប្រមៃ តែងសរសេរ និងទុកវាជាឃ្លាំងចំណេះ ក្នុងការសាបព្រោះនៅក្នុងសង្គម។

ហេតុដូចនេះហើយបានជានៅកម្ពុជាអ្នកនិពន្ធស្ថិតនៅក្នុងកម្រិតខ្សែរបន្ទាត់មួយទាបនៅឡើយ ជាពិសេសគឺស្រ្តីភេទ។ ការ​ដែលមានចំនួនអ្នកនិពន្ធតិចតួចបែបនេះ គឺដោយសារតែអ្នកប្រកបអាជីពនេះត្រូវចំណាយពេលច្រើនក្នុងការផលិត ខណៈដែលមនុស្សមួយចំនួនមិនសូវនិយម និងផ្តល់តម្លៃដល់អ្នកនិពន្ធនៅក្នុងការអភិវឌ្ឍសង្គមជាតិ ដែលនេះគឺជាកត្តាមួយដែលនាំឲ្យអ្នកនិពន្ធទាំងអស់ពិបាកនៅក្នុងការស្វែងរកប្រាក់ចំណូល បូករួមជាមួយភាពអស់សង្ឃឹមនៅក្នុងការតែងនិពន្ធ។

ទោះជាយ៉ាងនេះក្តី យើងសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្រលាញ់សៀវភៅ និង ចំនួនអ្នកចូលចិត្តអានសៀវភៅ បានកើនឡើងគួរឱ្យកត់សម្គាល់។

កាលពីពេលថ្មីនេះ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយCreator បានរៀបចំ​ព្រឹត្តិការណ៍​ជំនួបអ្នកនិពន្ធស្រ្តីល្បីៗចំនួន១១រូប ក្នុងកម្មវិធី«ប៉ាកកានារី» លើប្រធានបទ សំណេរនាង សំនៀងសង្គម នៅឯ​សាកលវិទ្យាល័យ​ផារ៉ាហ្គន​កាលពីរសៀល​ថ្ងៃទី​ ២៩ ខែកុម្ភៈ ឆ្នាំ​ ២០២០ សប្តាហ៍កន្លងទៅ នៅក្នុងគោលបំណង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនាខាងមុខ ព្រមជាមួយការរឹតចំណងសាមគ្គីភាពរវាងអ្នកនិពន្ធស្រ្តី និងអ្នកអាន ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកអាននៅក្នុងសង្គមកម្ពុជា ជាពិសេសស្រ្តី និងក្មេងស្រី ឲ្យយល់ដឹងពីគុណតម្លៃនៃការអាន។ ចំពោះគោលបំណងធំបំផុតនៅក្នុងការរៀបចំកម្មវិធីប៉ាកកានារីនេះឡើង គឺដើម្បីទាក់ទាញមជ្ឈដា្ឋនទូទៅ ឱ្យចាប់អារម្មណ៍នឹងអ្នកនិពន្ធស្ត្រី ព្រោះគេមានការជឿជាក់ថានៅពេលដែលអ្នកនិពន្ធស្រ្តីធ្វើការរួមគ្នា ពួកគាត់អាចនឹងចែករំលែកបទពិសោធផែ្នកតែងនិពន្ធ ស្វែងរកមធ្យោបាយលើកកម្ពស់ស្ត្រីនិងអប់រំយុវជនជំនាន់ក្រោយបានល្អ។

លោក ឃុត សុឃឿន ​នាយក​គ្រប់គ្រង​ការបោះពុម្ព​គ្រឹះស្ថាន​បោះពុម្ព Creator បានបង្ហាញការយល់ឃើញថា យើងគួរតែយកចិត្តទុកដាក់នឹងអ្នកនិពន្ធ ជាពិសេសអ្នកនិពន្ធស្ត្រី ព្រោះនាយកគ្រប់គ្រងរូបនេះបានមើលឃើញអំពីសក្តានុពលដ៏ខ្លាំងក្លារបស់ស្រ្តីជាអ្នកនិពន្ធ និងមានជំនឿយ៉ាងមុតមាំថា ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការតែងនិពន្ធផ្លាស់ប្តូរដោយវិជ្ជមាន និងទន់ភ្លន់ក្នុងសង្គមខ្មែរ។ លោកបានបន្តថា ព្រឹត្តិការណ៍ ប៉ាកកានារីនេះ គឺជាឱកាសមួយនៅក្នុងការចែករំលែកបទពិសោធន៍ ឱកាស ឧបសគ្គ ជុំវិញការតែងនិពន្ធរបស់អ្នកនិពន្ធ បូករួមជាមួយការជំរុញចិត្តអ្នកអានជាពិសេស ក្មេងស្រី​ឲ្យ​ហ៊ាន​ដើរទៅ​តាម​ក្តីសុបិន​របស់​ខ្លួនឯង។

ជាការកត់សម្គាល់ ចំពោះ​វិស័យ​តែង​និពន្ធ​នៅ​ប្រទេស​កម្ពុជា​ ចំនួន​អ្នកនិពន្ធ​បុរស និង​ស្ត្រី ស្ថិត​ក្នុង​វិសមភាព ខណៈ​ចរន្ត​គំនិត​ផុស​ជា​ឆន្ទៈ​ក្លាហាន​ហ៊ាន​សរសេរ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​នានា​របស់​ស្ត្រី​ក្នុង​សង្គម​ក៏​នៅមាន​កម្រិតនៅឡើយ ពោល​​ភាគច្រើនគឺ​​សម្បូរ​តែ​អ្នកនិពន្ធ​ប្រុសៗ​ដែល​ហ៊ាន​បញ្ចេញ​នូវ​ស្នាដៃ ឬ​ឆន្ទៈ​ដ៏មោះមុត​បរិយាយ​នូវ​សំណេរ​របស់ខ្លួន​។ តែយ៉ាងណា កញ្ញា គីម ឌីណា ដែលជាអ្នករៀបចំកម្មវិធី ប៉ាកកានារី និងជាសហស្ថាបនិក Creator បានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យរបស់អ្នកនិពន្ធស្រ្តីមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់បុរស និងស្ថាប័នពាក់ព័ន្ធនោះទេ។ ដូចនេះនៅក្នុងកម្មវិធីប៉ាកកានារីនេះ កញ្ញាក៏មិនបានរំលងអ្នកនិពន្ធបុរសដែរ។

សូមជម្រាបថា នៅក្នុងព្រឹត្តិការណ៍​ជំនួបអ្នកនិពន្ធ​ដ៏ធំ​មួយនេះ មានការចូលរួមពី​អ្នកនិពន្ធ​ស្ត្រី​ចំនួន ១១ រូប​ ​ក្នុងនោះរួមមាន អ្នកស្រី សូ ភីណា ដែលជា​អ្នកនិពន្ធ និង​ជា​អ្នក​តែងកំណាព្យ ជាអ្នក​បង្កើត​ឲ្យ​មាន​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ និង​ជា​អ្នកនិពន្ធ​រឿងប្រលោមលោកបែបប្រវត្តិសាស្ត្រក្រោមចំណងជើងថា «​បុប្ផា​ណាផ្កា​មិន​រុះ​រោយ​»។

អ្នកនិពន្ធ ប៉ុល ពិសី ចូលរួម​សរសេរ​និពន្ធ​អត្ថបទ​ល្ខោននិយាយ​រឿង «​ឈូក​ក្នុង​បឹងភក់​» ​បាន​ជិត ៤០០ ភាគ​ជា​អ្នកនិពន្ធ​អត្ថបទ​ភាពយន្ត​យ៉ាងច្រើន​ទៀត​ដូចជា​រឿង «​ទឹកចិត្ត​ឪពុក​» រឿង​ «​ទឹកចិត្ត​គ្រូបង្រៀន​» រឿង​ «​ទឹកចិត្ត​បងស្រី​» រឿង «​កូនប្រសា​ស្រី​» ​រឿង «​ឃាតករ​» និង​រឿង «​ចិត្តសាវា​» ជាដើម និង​បាន​ជាប់​ពានរង្វាន់​និពន្ធ​កំណាព្យ និង​ប្រលោមលោក​ចំនួន ៥ ពី​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

កញ្ញា លឹម ផាន់ណា ជា​អ្នកនិពន្ធ និង​អ្នក​ប្រឹក្សា​ផ្លូវចិត្តដែល​ត្រូវបានគេ​ស្គាល់​ថា ជា​អ្នកនិពន្ធ​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​ទទួល​ពានរង្វាន់​ច្រើន បូករួមជាមួយអ្នកនិពន្ធចាស់ក្មេងជាច្រើនរូបផ្សេងទៀត៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image