ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២០នេះ មានកម្មវិធីជំនួបអ្នកនិពន្ធស្រី ដែលជាព្រឹត្តិការណ៍ធំមួយនៅក្នុងឆន្ទៈលើកម្ពស់ស្រ្តី និងការលើកទឹកចិត្តអ្នកនិពន្ធ ក្រោមប្រធានបទ សំនេរនាង សំនៀងសង្គម។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖
នៅក្នុងសង្គមកម្ពុជាការចាប់អាជីពជាអ្នកតែងនិពន្ធ មិនមែនជាអាជីពមួយដែលមានការចាប់អារម្មណ៍ខ្ពស់ប៉ុន្មាននោះទេ ពោលគឺគ្រាន់តែជាអាជីពបន្ទាប់បន្សំមួយនៅក្នុងការស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពបន្ថែមតែប៉ុណ្ណោះ។ អ្នកដែលចាប់យកអាជីពជាអ្នកនិពន្ធច្រើនតែជាអ្នកដែលស្រឡាញ់សៀវភៅ ចូលចិត្តការអាន ស្រមើប្រមៃ តែងសរសេរ និងទុកវាជាឃ្លាំងចំណេះ ក្នុងការសាបព្រោះនៅក្នុងសង្គម។
ហេតុដូចនេះហើយបានជានៅកម្ពុជាអ្នកនិពន្ធស្ថិតនៅក្នុងកម្រិតខ្សែរបន្ទាត់មួយទាបនៅឡើយ ជាពិសេសគឺស្រ្តីភេទ។ ការដែលមានចំនួនអ្នកនិពន្ធតិចតួចបែបនេះ គឺដោយសារតែអ្នកប្រកបអាជីពនេះត្រូវចំណាយពេលច្រើនក្នុងការផលិត ខណៈដែលមនុស្សមួយចំនួនមិនសូវនិយម និងផ្តល់តម្លៃដល់អ្នកនិពន្ធនៅក្នុងការអភិវឌ្ឍសង្គមជាតិ ដែលនេះគឺជាកត្តាមួយដែលនាំឲ្យអ្នកនិពន្ធទាំងអស់ពិបាកនៅក្នុងការស្វែងរកប្រាក់ចំណូល បូករួមជាមួយភាពអស់សង្ឃឹមនៅក្នុងការតែងនិពន្ធ។
ទោះជាយ៉ាងនេះក្តី យើងសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្រលាញ់សៀវភៅ និង ចំនួនអ្នកចូលចិត្តអានសៀវភៅ បានកើនឡើងគួរឱ្យកត់សម្គាល់។
កាលពីពេលថ្មីនេះ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយCreator បានរៀបចំព្រឹត្តិការណ៍ជំនួបអ្នកនិពន្ធស្រ្តីល្បីៗចំនួន១១រូប ក្នុងកម្មវិធី«ប៉ាកកានារី» លើប្រធានបទ សំណេរនាង សំនៀងសង្គម នៅឯសាកលវិទ្យាល័យផារ៉ាហ្គនកាលពីរសៀលថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ សប្តាហ៍កន្លងទៅ នៅក្នុងគោលបំណង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនាខាងមុខ ព្រមជាមួយការរឹតចំណងសាមគ្គីភាពរវាងអ្នកនិពន្ធស្រ្តី និងអ្នកអាន ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកអាននៅក្នុងសង្គមកម្ពុជា ជាពិសេសស្រ្តី និងក្មេងស្រី ឲ្យយល់ដឹងពីគុណតម្លៃនៃការអាន។ ចំពោះគោលបំណងធំបំផុតនៅក្នុងការរៀបចំកម្មវិធីប៉ាកកានារីនេះឡើង គឺដើម្បីទាក់ទាញមជ្ឈដា្ឋនទូទៅ ឱ្យចាប់អារម្មណ៍នឹងអ្នកនិពន្ធស្ត្រី ព្រោះគេមានការជឿជាក់ថានៅពេលដែលអ្នកនិពន្ធស្រ្តីធ្វើការរួមគ្នា ពួកគាត់អាចនឹងចែករំលែកបទពិសោធផែ្នកតែងនិពន្ធ ស្វែងរកមធ្យោបាយលើកកម្ពស់ស្ត្រីនិងអប់រំយុវជនជំនាន់ក្រោយបានល្អ។
លោក ឃុត សុឃឿន នាយកគ្រប់គ្រងការបោះពុម្ពគ្រឹះស្ថានបោះពុម្ព Creator បានបង្ហាញការយល់ឃើញថា យើងគួរតែយកចិត្តទុកដាក់នឹងអ្នកនិពន្ធ ជាពិសេសអ្នកនិពន្ធស្ត្រី ព្រោះនាយកគ្រប់គ្រងរូបនេះបានមើលឃើញអំពីសក្តានុពលដ៏ខ្លាំងក្លារបស់ស្រ្តីជាអ្នកនិពន្ធ និងមានជំនឿយ៉ាងមុតមាំថា ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការតែងនិពន្ធផ្លាស់ប្តូរដោយវិជ្ជមាន និងទន់ភ្លន់ក្នុងសង្គមខ្មែរ។ លោកបានបន្តថា ព្រឹត្តិការណ៍ ប៉ាកកានារីនេះ គឺជាឱកាសមួយនៅក្នុងការចែករំលែកបទពិសោធន៍ ឱកាស ឧបសគ្គ ជុំវិញការតែងនិពន្ធរបស់អ្នកនិពន្ធ បូករួមជាមួយការជំរុញចិត្តអ្នកអានជាពិសេស ក្មេងស្រីឲ្យហ៊ានដើរទៅតាមក្តីសុបិនរបស់ខ្លួនឯង។
ជាការកត់សម្គាល់ ចំពោះវិស័យតែងនិពន្ធនៅប្រទេសកម្ពុជា ចំនួនអ្នកនិពន្ធបុរស និងស្ត្រី ស្ថិតក្នុងវិសមភាព ខណៈចរន្តគំនិតផុសជាឆន្ទៈក្លាហានហ៊ានសរសេរឆ្លុះបញ្ចាំងពីបញ្ហានានារបស់ស្ត្រីក្នុងសង្គមក៏នៅមានកម្រិតនៅឡើយ ពោលភាគច្រើនគឺសម្បូរតែអ្នកនិពន្ធប្រុសៗដែលហ៊ានបញ្ចេញនូវស្នាដៃ ឬឆន្ទៈដ៏មោះមុតបរិយាយនូវសំណេររបស់ខ្លួន។ តែយ៉ាងណា កញ្ញា គីម ឌីណា ដែលជាអ្នករៀបចំកម្មវិធី ប៉ាកកានារី និងជាសហស្ថាបនិក Creator បានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យរបស់អ្នកនិពន្ធស្រ្តីមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់បុរស និងស្ថាប័នពាក់ព័ន្ធនោះទេ។ ដូចនេះនៅក្នុងកម្មវិធីប៉ាកកានារីនេះ កញ្ញាក៏មិនបានរំលងអ្នកនិពន្ធបុរសដែរ។
សូមជម្រាបថា នៅក្នុងព្រឹត្តិការណ៍ជំនួបអ្នកនិពន្ធដ៏ធំមួយនេះ មានការចូលរួមពីអ្នកនិពន្ធស្ត្រីចំនួន ១១ រូប ក្នុងនោះរួមមាន អ្នកស្រី សូ ភីណា ដែលជាអ្នកនិពន្ធ និងជាអ្នកតែងកំណាព្យ ជាអ្នកបង្កើតឲ្យមានកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ និងជាអ្នកនិពន្ធរឿងប្រលោមលោកបែបប្រវត្តិសាស្ត្រក្រោមចំណងជើងថា «បុប្ផាណាផ្កាមិនរុះរោយ»។
អ្នកនិពន្ធ ប៉ុល ពិសី ចូលរួមសរសេរនិពន្ធអត្ថបទល្ខោននិយាយរឿង «ឈូកក្នុងបឹងភក់» បានជិត ៤០០ ភាគជាអ្នកនិពន្ធអត្ថបទភាពយន្តយ៉ាងច្រើនទៀតដូចជារឿង «ទឹកចិត្តឪពុក» រឿង «ទឹកចិត្តគ្រូបង្រៀន» រឿង «ទឹកចិត្តបងស្រី» រឿង «កូនប្រសាស្រី» រឿង «ឃាតករ» និងរឿង «ចិត្តសាវា» ជាដើម និងបានជាប់ពានរង្វាន់និពន្ធកំណាព្យ និងប្រលោមលោកចំនួន ៥ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កញ្ញា លឹម ផាន់ណា ជាអ្នកនិពន្ធ និងអ្នកប្រឹក្សាផ្លូវចិត្តដែលត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធដែលពោរពេញទៅដោយសមត្ថភាព និងទទួលពានរង្វាន់ច្រើន បូករួមជាមួយអ្នកនិពន្ធចាស់ក្មេងជាច្រើនរូបផ្សេងទៀត៕
អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា