en     km
en     km

ពេលនេះផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យត្រូវបានសម្ពោធហើយ

Share

(ភ្នំពេញ)៖ នៅពេលនេះផ្លូវជាតិលេខ ៥៨ ដែលមានប្រវែងជាង១៧៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃនេះ ក្រោមអធិបតីភាពសម្តេចហ៊ុន សែន។ ស្របពេលជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពីសម្តេចបានចុះហត្ថលេខាជាមួយមិត្តចិនកាលពីឆ្នាំ២០១០។  

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍ពីព័ត៌មាននេះ៖

ផ្លូវជាតិលេខ ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពេលនេះត្រូវបានសម្ពោធឲ្យដាក់ប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះបើតាមគេហទំព័រហ្វេកផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី។

យោងទៅតាមរបាយការណ៍របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវនេះបានចំណោយថវិកាសាងសង់ប្រមាណជាង១២២លានដុល្លារអាមេរិក (១២២.៩៨) ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។

ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន ៤៣ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបាន​មក​កាន់ទី​​នេះ ដើម្បីសម្ពោធ​បើកឲ្យប្រើប្រាស់​ផ្លូវជាតិលេខ៥៨ នេះ។ សម្តេចបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងអស់ដែលកន្លងមកតែងតែគោរពស្រលាញ់សម្តេច និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា ក្រោយពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះហើយ ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺសម្តេចបានដាក់ចេញនូវគោលដៅពីរសំខាន់ ដែលគោលដៅទី១)គឺការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់អោយក្លាយទៅជាតំន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ និងគោលដៅទី២)គឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយទៅជាព្រំដែនដែលមានសុខសន្តិភាព តំបន់ទីផ្សារ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងនោះ សម្តេច ​ហ៊ុន សែន​ បានមានប្រសាសន៍ដោយក្តីមោទនភាពចំពោះ​នយោបាយ ​ឈ្នះ ឈ្នះ​ ដែលសម្តេចបានដាក់ចេញកាលពីចុងឆ្នាំ១៩៩៨ ហើយផ្តើម​ចេញ​ពី​គោល​នយោបាយ ​ឈ្នះ ឈ្នះ នេះហើយ ​ដែល​បាន​ពន្លត់​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា​៕

ស្របពេលជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពីសម្តេចបានចុះហត្ថលេខាជាមួយមិត្តចិនកាលពីឆ្នាំ២០១០។ សម្តេចបានប្រកាសនៅថ្ងៃនេះថា នៅថ្ងៃទី០៩ កុម្ភៈខាងមុខនេះ គឺសម្តេចតេជោនឹងអញ្ជើញទៅសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីតំបន់សំឡូតទៅខេត្តកោះកុង ដែលជាជំនួយមិត្តចិនជាបន្តទៀត។ ជាមួយគ្នានេះ សម្តេចតេជោបន្តទៀតថា មកដល់បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ ខ្សែ មានប្រវែងសរុប ២,៧៧៩ គីឡូម៉ែត្រ ,គម្រោងកំពុងសាងសង់មានចំនួន0៥ ខ្សែ មានប្រវែង ប្រមាណ ៤៩៧,២០ គីឡូម៉ែត្រ។ ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៨ ស្ពាន មានប្រវែងសរុប ៧,៤៣៤ ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និង​ស្ពាន​ឆ្លងកាត់ទន្លេ​បាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ​​ផ្លូវជាតិលេខ៥៨ នេះ ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធ​សាស្រ្ត​មួយ សម្រាប់​បម្រើឱ្យ​ការ​​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាង​រឹង​មាំ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេសកម្ពុជា និងប្រទេសថៃ ពីព្រោះផ្លូវនេះ​បាន​តភ្ជាប់ពីខេត្ត​បន្ទាយ​​មានជ័យ ទៅ​នឹង​ខេត្ត​ឧត្តរ​មាន​ជ័យ ​ស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុង​ប៉ោយ​ប៉ែត ដែលជាទីក្រុងដ៏​មាន​សក្តានុពល​ និងជាច្រករបៀងសេដ្ឋកិច្ចភាគ​ខាងត្បូងដ៏សំខាន់។ ផ្លូវជាតិនេះ អាច​សម្រួលដល់ការ​ផ្លាស់ប្តូរ​ផលិតផល សកម្មភាព​ពាណិជ្ជ​កម្ម និងសុខាភិបាល រវា​ង​ប្រជា​ពលរដ្ឋថៃ និង​កម្ពុជា ហើយក៏អាច​សម្រួល​​ដល់​វិស័យ​​ទេសចរណ៍ពីប្រទេសថៃមក​ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្តសៀមរាប ផងដែរ។

សូមជម្រាបថា មុននឹងបញ្ចប់ សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ៗ ព្រមទាំងបានផ្តល់អំណោយជូនដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងបរិយាកាសរីករាយ និងបន្ទាប់មកក៏បានអញ្ជើញរួមគ្នាជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥៨ ចាប់ពីពេលនេះតទៅ៕

Share

ព័ត៌មានទាក់ទង

Image