en     km
en     km

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-ចិន​នឹង​សម្រេច​បាន​នៅ​ចុងឆ្នាំ​នេះ

Share

ភ្នំពេញ៖ សម្តេចហ៊ុនសែន បានលើកឡើងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​ប្រទេស​កម្ពុជា​ និង​ចិន នឹងមានការរំពឹងថា​នឹង​សម្រេចបាន​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ ដែលវាជា​វិធានការ​មួយ​ក្នុងការបង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍ពីព័ត៌មាននេះ៖

ប្រទេស​កម្ពុជា និង​ចិន​បាន​ចាប់ផ្ដើម​សិក្សា​លទ្ធភាព​លើ​ការបង្កើត FTA ចាប់តាំងពី​ខែមករា​ឆ្នាំ​ ២០១៩មក ក្នុង​គោលបំណង ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើនឡើង​ដល់​ ១០ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅត្រឹម​ឆ្នាំ​ ២០២៣ខាងមុខនេះ​។

សម្រាប់ដំណើរការកិច្ចចចារជុំដំបូងរវាងប្រទេសកម្ពុជា និងចិន បានរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ លើវិធានការដោះស្រាយបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចកម្ពុជា ដេលបង្កឡើងដោយវីរ៉ុស COVID-19 និងការព្យួរប្រព័ន្ធអនុគោះពន្ធEBA នៅឯវិមានសន្តិភាព កាលពីថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០  សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា FTA ​ជាមួយ​ប្រទេស​ចិន​កំពុង​ត្រូវបាន​ព្រាង ខណៈ​ភាគី​ទាំង​ ២ ​បានបញ្ចប់​ការចរចា​ជុំ​ទី​ ១ រួចហើយ។ ស្របពេលជាមួយគ្នានោះ សម្តេចក៏បានជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព​ផលិត និង​បង្កើន​ផលិតផលឲ្យ​កាន់តែ​ច្រើនថែមទៀត ដើម្បី​បង្កើន​ការនាំ​ចេញទៅ​ប្រទេស​ចិន មុនពេល FTA សម្រេចបាន​។

សម្តេចបានមានប្រសាសន៍ថា៖ «បើកចំហរទីផ្សាររបស់ចិនឲ្យធំ តាមរយៈនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន​ ត្រូវបានធ្វើ និងកំពុងព្រៀង ចចារជុំទី១ ដែលខ្ញុំបាននិយាយ ប៉ុន្តែមុនអានឹងមកដល់ត្រូវពង្រីកមុខទំនិញណាដែលអាចទៅបាន តាមរយៈទំនាក់ទំនងទ្វេភាគីផង តាមរយៈទំនាក់ទំនងពាណិជ្ជកម្មសេរីកម្ពុជា អាស៊ានចិន ដែលយើងត្រូវប្រើឲ្យអស់សក្តានុពល សក្តានុពល។ សូម្បីតែសំលៀកបំពាក់ក៏មាននាំចេញពីកម្ពុជាមួយចំនួនទៅកាន់ប្រទេសចិនទៅហើយ សំលៀកបំពាក់រយៈកម្ពុជាបាននាំចូលទៅកាន់ប្រទេសកូរ៉េខាងត្បូងទៅហើយ សម្លៀកបំពាក់កម្ពុជាមួយចំនួននាំចេញទៅជប៉ុន នាំចេញទៅអូស្រ្តាលីទៅហើយ ដូច្នេះមិនមែនមានតែកម្ពុជានាំចេញសំលៀកបំពាក់ទៅតែប្រទេសអ៊ឺរ៉ុបឯណា? ដូចនេះមិនអាចសម្លាប់កម្ពុជាតាមមធ្យោបាយណាមួយបាននោះទេ កម្ពុជាធ្លាប់មានគេបិទមាត់ជិតនៅក្នុងអតីតកាល កម្ពុជាប្រឹងរស់រហូតមកដល់ថ្ងៃនេះ ប្រឹងរស់មកដល់ថ្ងៃនេះ ខ្ញុំសង្ឃឹមថាមិត្តចិន នៅបន្តការខិតខំជួយយើង ទោះជាមិនបានជួយទាំងអស់ក៏អាចសម្រាលការលំបាក និងជួយពន្លឿននូវសេដ្ឋកិច្ចរបស់កម្ពុជា​យើង»។ សម្តេចបានបន្តថា កម្ពុជាមានការរំពឹងទុក ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលនឹងត្រូវសម្រេចនៅខែវិច្ឆិកា ខាងមុខនេះ។ ហើយវាក៏​នឹង​ត្រូវ​ចុះហត្ថលេខា​ក្នុង​អំឡុង​វត្តមាន​លោកនាយក​រដ្ឋមន្ដ្រី​ចិន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អឺរ៉ុប នៅ​ខែវិច្ឆិកា​នេះផងដែរ។ បន្ទាប់ពីនោះ កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្ត។

លោក​បន្ថែម​ថា​៖ «​មុនពេល​កិច្ចព្រមព្រៀង​ត្រូវ​សម្រេច​បាន យើង​ត្រូវតែ​លើកកម្ពស់ និង​បង្កើន​ផលិតផល​របស់​យើង​សម្រាប់​ការនាំ​ចេញ​ទៅ​ទីផ្សារ​នេះ​។ យើង​សង្ឃឹមថា ចិន​នឹង​ជួយ​ដល់​កំណើន​របស់​យើង​តាមរយៈ​ការដាក់​ការវិនិយោគ​កាន់តែ​ច្រើន​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​បង្ហាញប្រាប់កាសែតភ្នំពេញប៉ុស្ត៍​ថា វា​ជា​ពេលវេលា​ត្រឹមត្រូវ​ក្នុង​ទិសដៅ​ត្រឹមត្រូវ​ដែល​កម្ពុជា​ចាប់ផ្ដើម​សម្លឹងមើល​ការចរចា FTA ជាមួយ​បណ្ដា​ប្រទេស និង​ប្លុក​ផ្សេងៗ ខណៈ​ប្រទេស​នេះ​ត្រូវបាន​រំពឹងថា​នឹង​ចាកចេញ​ពី​ប្រទេស​មាន​ឋានៈ LDC ក្នុង​រយៈពេល​ពី​ ៥ ​ទៅ​ ៦ ​ឆ្នាំ​ទៀត​។ បន្ទាប់ពី​កម្ពុជាបាន​បាត់បង់​ការអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​បានផ្ដល់​ដោយ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន ពាណិជ្ជកម្ម​នៅពេល​អនាគត​របស់​កម្ពុជា​គួរតែ​ត្រូវបាន​គាំទ្រ និង​លើកកម្ពស់​ដោយ​ FTA។

លោក កាំង ម៉ូនីកាបានថ្លែងបន្តថា កម្ពុជាគួរ​​កំណត់​ទិសដៅ FTA ទ្វេភាគី​ឲ្យ​កាន់តែច្រើន ហើយ​ប្រទេស​ចិន​ត្រូវការ​ដៃគូ​មាន​សក្ដានុពល​ខ្លាំង​ ដែលនេះ​គឺជា​​ទីផ្សារ​មួយ​មាន​ប្រជាជន​ជាង​ ១ ​ពាន់​លាន​នាក់ និង​ជា​សេដ្ឋកិច្ច​លំដាប់​លេខ​ ១ ​របស់​ពិភពលោក​ទាក់ទង​នឹង​អំណាច​ការទិញ​។

ជាការកត់សម្គាល់ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​ចំនួន​ប្រហែល​ ៧,៤ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨ ​កើនឡើង​ពី​ ៦,០៤ ​ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ​ ២០១៧​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​៕

Share

ព័ត៌មានទាក់ទង

Image