en     km
en     km

រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីស្នើលាលែងពីតំណែង បន្ទាប់ពីបង្ហោះសារចុងក្រោយលើ Twitter

Share

កូឡាឡាំពួរ៖ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad បានបង្ហោះសារមួយនៅលើ Twitter ដោយបង្ហាញពីការសម្រេចចិត្តលាលែងរបស់ លោក បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ ស្នើព្រះមហាក្សត្រលាលែងចេញពីតំណែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Malay Mail នាព្រឹកថ្ងៃអង្គារនេះ។

ការសម្រេចចិត្តខាងលើរបស់លោក Dzulkefly Ahmad ធ្វើឡើងបន្ទាប់ពីការស្នើសុំលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធា​ មហាម៉ាត់ ធ្វើឡើងមិនដល់ ២៤ ម៉ោងផង។

នៅលើសារបង្ហោះលើបណ្តាញសង្គម Twitter ដែលបង្ហោះដោយលោករដ្ឋមន្រ្តីរូបនេះ គឺស្របពេលដែល សេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញ ពីអ្នកឆ្លងជំងឺ COVID-19 ដែល បានជាសះស្បើយ ពីរនាក់បន្ថែមទៀត ដោយធ្វើឱ្យចំនួនជាសះស្បើយសរុបកើនដល់២០ នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបន្ថែមទៀត អ្នកជំងឺទាំងពីរនាក់ ខាងលើគឺជាជនជាតិចិន ទទួលបានការព្យាបាលនៅឯមន្ទីរពេទ្យ Hospital Kuala Lumpur។

យ៉ាងណា លោក Dzulkefly ក៏បានអះអាងផងដែរថា នេះគឺជាសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះគឺជាសេចក្ដីថ្លែងការណ៍ចុងក្រោយ របស់ខ្ញុំក្នុងនាមជារដ្ឋមន្ត្រីសុខាភិបាល»។

ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្ម លោក Salahuddin Ayub ក៏បានចេញសេចក្ដីថ្លែងការណ៍លើប្រព័ន្ធផ្សព្វផ្សាយ ពីការសម្រេចចិត្តលាលែងចេញពីតំណែង និងសូមទោសក៏ដូចជាអរគុណដល់កសិករ និងអ្នកនេសាទទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ កំឡុងរយៈពេលនៃការបំពេញភារកិច្ច ជារដ្ឋមន្ត្រីរយៈពេលមួយឆ្នាំ និង៨ខែមកនេះ។ លោកបន្ថែមដូច្នេះថា៖« ខ្ញុំបានបំពេញភារកិច្ច និងជួយដល់កសិករ និងក្រុមអ្នកនេសាទ ក្នុងអាណិត្តជារដ្ឋមន្ត្រី …ប៉ុន្តែបើខ្ញុំបរាជ័យក្នុងការដោះស្រាយបញ្ហាខ្លះ សូមអ្នកទាំងអស់គ្នាអភ័យទោសឱ្យខ្ញុំផង»។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក មហាធៀ មហាំម៉ាត់ បានប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី រីឯព្រះមហាក្សត្រក៏បានទទួលយកលិខិត លាលែងពីតំណែងផងដែរ ប៉ុន្តែលោក មហាធៀ នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់នាយករដ្ឋមន្ត្រីថ្មី ត្រូវបានតែងតាំង រីឯគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើត៕

Share

ព័ត៌មានទាក់ទង

Image