(បរទេស)៖ នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak) បានសម្រេចស្នើលាលែងពីតំណែង ខណៈពេលដែលប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្មេងខ្ចីមួយនេះ កំពុងប្រឈមនឹងបញ្ហាអស្ថិរភាពនយោបាយថ្មីផ្សេងទៀត ក្រោយពីរដ្ឋាភិបាលចម្រុះ ដែលគាំទ្រលោកត្រូវដួលរលំ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន The Guardian នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Taur Matan Ruak ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំបានផ្ញើលិខិតសុំលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តី ទៅកាន់លោកប្រធានាធិបតីរួចរាល់ហើយ » បន្ទាប់ពីបានជួបពិភាក្សា ជាមួយប្រធានាធិបតីទ័ម័រខាងកើត លោក ហ្វ្រង់ស៊ីស្កូ ហ្គូទែរែស (Francisco Guterres)។
លោកបានបញ្ជាក់បន្ថែមទៀតថា លោកកំពុងរៀបចំតុការិយាល័យរបស់ខ្លួនជាសេ្រច ប្រសិនបើការស្នើសុំនេះត្រូវបានយល់ព្រម។ លោកថានេះ គឺជាការការពារ និង រក្សាឲ្យបាននូវស្ថេរភាពនយោបាយនៅក្នុងប្រទេស។
បើទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្រ្តីទីម័រខាងកើតបានបញ្ជាក់ថា លោកបានត្រៀមខ្លួនបន្តនៅកាន់តំណែងនេះជាបណ្តោះអាសន្នសិន រហូតទាល់តែការសុំលាលែងរបស់លោកត្រូវបានទទួលយក ដើម្បីកុំឲ្យបង្កភាពរាំងស្ទះ ដល់សកម្មភាពរដ្ឋាភិបាលនៅក្នុងប្រទេស។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ស្ថានភាពនយោបាយក្នុងប្រទេសមួយនេះ គឺមានភាពរង្គោះរង្គើរបន្ទាប់ពីរដ្ឋាភិបាលបរាជ័យក្នុងការអនុម័តគម្រោងថវិកា បើទោះបីជាមានសម្លេងគាំទ្រភាគច្រើនក៏ដោយ។ វិបត្តិនេះ គឺកើតមានឡើងចាប់តាំងពីការបោះឆ្នោតជាប្រព័ន្ធនៅក្នុងឆ្នាំ ២០១៨។
បើទោះបីជា ទីម័រខាងកើតទទួលបាននូវសន្តិភាព និង ឯករាជ្យភាពពេញលេញក្តី ក៏ប៉ុន្តែស្ថានភាពនៃអស្ថិរភាពនយោបាយ និង អំពើហឹង្សាចេះតែបន្តកើតមានរហូត។
កាលពីឆ្នាំ ២០១៨ លោកប្រធានាធិបតី ហ្គូតូរ៉េស (Guterres) បានរំលាយសភាចោល ហើយបង្កើតឲ្យមានការបោះឆ្នោតថ្មី ដើម្បីបញ្ចប់ ការរាំងស្ទះនយោបាយលើលទ្ធផលបោះឆ្នោតឆ្នាំ ២០១៧។
សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត គឺជាប្រទេសដែលផ្តុំដោយកោះទីម័រពាក់កណ្តាលនៅភាគខាងកើត និង ប្រជុំកោះក្បែរនៃអាតៅរ៉ុ និង ចាកូ។ ប្រទេសមួយនេះបានទទួលឯករាជ្យភាព ពីការគ្រប់គ្រងនិងជាអាណាព្យាបាលពីប្រទេសព័រទុយហ្កាល់ នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ១៩៧៥។
លោកនាយករដ្ឋមន្រ្តី Taur Matan Ruak គឺជានាយករដ្ឋមន្រ្តីទី ៧ ឬ ដែលគេស្គាល់ថា បុរសភ្នែកមុត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៅក្នុងខែមិថុនា ឆ្នាំ ២០១៨។ លោក Taur Matan Ruak គឺជាបុរសដែលមានឥទ្ធិពលមួយផងដែរក្នុងចំណោមឥស្សរជនល្បីៗ នយោបាយលើប្រទេសប្រជុំកោះនេះ។
គួរជម្រាបថា លោក Taur Matan Ruak បានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តី នៃប្រទេសទីម័រខាងកើត កាលពីខែមិថុនា ឆ្នាំ២០១៨ ហើយលោកក៏ធ្លាប់បានធ្វើជាប្រធានាធិបតីចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ផងដែរ៕