សម្តេច នាយករដ្ឋមន្រ្តី បានព្រមាន ថា ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អាចនឹងកោះហៅអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ឱ្យចូលបំភ្លឺនាពេលខាងមុខនេះ ពាក់ព័ន្ធនឹងករណីដែល
រដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថាស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ជាអ្នកដំណើរតាមនាវាទេសចរណ៍ Westerdam ដែលចាកចេញពីកម្ពុជានោះ មានជំងឺកូរ៉ូណាថ្មី ឬ Covid-19 ។
ការប្រកាសរបស់លោក នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail បានចេញប្រកាសជាថ្មីម្តងទៀតថា ស្រ្តីវ័យ៨៣ឆ្នាំជនជាតិអាមេរិកាំង មិនមានមេរោគកូរ៉ូណាថ្មីទៀតទេ ក្រោយពេលសម្រាកព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។
សម្តេចហ៊ុនសែន បានសម្តែងការសោកស្តាយចំពោះឥរិយាបទរបស់ម៉ាឡេស៊ី គឺលោកស្រីឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានចេញមកប្រកាសថា ស្រ្តីម្នាក់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំ មានឆ្លង វីរុសកូរ៉ូណាថ្មី។ សម្តេចបានចាត់ទុកថា ការប្រកាសដោយមិនច្បាស់លាស់នេះ បានដាក់បន្ទុកឱ្យកម្ពុជាខាតបង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដែលពលរដ្ឋកម្ពុជាមិនចាត់ទុកថារឿងនេះស្រាលទេ នោះទេ។
សម្តេច ហ៊ុន សែន បានរំលឹកអំពីការលំបាកដែលយន្តហោះដឹកអ្នកដំណើរ Westerdam ពីកម្ពុជាទៅកាន់ប្រទេសមួយចំនួនក្នុងនោះមានប្រទេសតួកគីផងដែរ។ សម្តេចបានបញ្ជាក់ថា «ម៉ាឡេស៊ី ត្រូវទទួលខុសត្រូវចំពោះបញ្ហាវិបត្តិមនុស្សធម៌មួយនេះ ហើយនឹងកិត្តិយសរបស់កម្ពុជា នេះមិនមែនជាការជ្រែតជ្រែកចូលកិច្ចការផ្ទះក្នុងទេ»។
ទោះជាយ៉ាងនេះក្តីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាសឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យជំងឺកូរ៉ូណាថ្មី ចូលមកទឹកដីកម្ពុជា ដោយត្រូវបន្តវិធានការដែលដាក់ចេញដោយក្រសួងពាក់ព័ន្ធ ហើយប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវមានការប្រុងប្រយ័ត្នខ្លួនឯង ប៉ុន្តែកុំឱ្យមានការភ័យខ្លាច។ សម្តេចបញ្ជាក់ថា៖ «នៅលើពិភពលោក គឺមានជំងឺភ័យខ្លាច និងការរើសអើង»។
ស្របពេលជាមួយគ្នានេះ កម្ពុជាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន បង្ខូចកម្ពុជា ករណីអនុញ្ញាតឱ្យនាវា Westerdam ចូលចត ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសច្រានចូលចំពោះសេចក្តីថ្លែងការណ៍ និងការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ដែលបានវាយប្រហារលើទឹកចិត្តសម្បុរសធម៌ និងបង្ខូចកិត្តិយសកម្ពុជា ចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។
ប្រតិកម្មក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នបរទេសមួយចំនួន បានផ្សព្វផ្សាយញុះញង់ថា ប្រទេសកម្ពុជាប្រហែលបានអនុញ្ញាតឱ្យអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណា ចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam ដែលការអនុញ្ញាតនេះ បង្កើនការរីករាលដាលវីរុសកូរ៉ូណាជាសកល។
សេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យ ក្រសួងការបរទេស បានបញញជាក់ថា៖ «អត្ថបទ និងសេចក្តីថ្លែងការណ៍មានលក្ខណៈប្រញាប់ប្រញាល់ គ្មានការយកចិត្តទុកដាក់ គ្មានវិជ្ជាជីវៈ និង មានការចោទប្រកាន់បែបនេះ បានជំរុញឱ្យមានការភ័យខ្លាច និងការភាន់ច្រលំដែលមិនគួរកើតមាន ក្នុងចំណោមសាធារណជន ពាក់ព័ន្ធទៅនឹងការរីករាលដាលនៃវីរុស COVID-19 ដែលបណ្តាលឱ្យមានការរើសអើងចំពោះអ្នកដំណើរនៃនាវា Westerdam និងមានចេតនាទុច្ចរិតមិនឱ្យតម្លៃទៅលើកាយវិការមនុស្សធម៌ និងសមត្ថភាពផ្នែកសុខាភិបាលរបស់ប្រទេសកម្ពុជា»។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ពាក់ព័ន្ធករណីស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ ដែលកាលពីមុននេះត្រូវបានគេធ្វើតេស្តរកមេរោគ COVID-19 ឃើញវិជ្ជមាន នៅប្រទេសម៉ាឡេស៊ី ត្រូវបានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ជាអាជ្ញាធរសុខភាពដែលមានការទទួលស្គាល់ជាសាកល បានបដិសេធលទ្ធផលនៃការធ្វើតេស្តនោះ និងបានបញ្ជាក់តាមរយៈអ្នកនាំពាក្យរបខ្លួន ដែលបានលើកឡើងថា «ខ្ញុំសូមធ្វើការអះអាងថា អ្នកដំណើរទាំងអស់ត្រូវបានធ្វើតេស្ត នឹងរកឃើញថាមានលទ្ធផល អវិជ្ជមាន រួមទាំងស្រ្តីវ័យ៨៣ឆ្នាំនោះផងដែរ»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់កម្ពុជា ចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកដំណើរលើនាវានោះ អាចធ្វើដំណើរដោយសុវត្ថិភាព ទៅកាន់គោលដៅប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួនវិញ។ កាយវិការរបស់កម្ពុជាបែបនេះ កើតឡើងដោយសារក្តីអាណិតអាសូរ និងមនសិការមនុស្សជាតិ ការជឿជាក់យ៉ាងជ្រាលជ្រៅទៅលើគុណតម្លៃនៃសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិ ប៉ុន្តែបន្ថែមលើនេះ កម្ពុជាក៏ប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រទៀតផង។
នាវាទេសចរណ៍អន្តរជាតិ របស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នាវានេះដឹកមនុស្សជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាលកម្ពុជា សហការជាមួយអង្គការសុខភាពពិភពលោក អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ៕
ដោយ៖ ពៅនិកា