ភ្នំពេញ៖ បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ការធ្វើជំនួញអាជីវកម្មគឺកាន់តែមានភាពងាយស្រួល និងកើនឡើង។ ក្នុងនោះបណ្តេញសង្គមក៏ជាប្រភពមួយដែលអាចឲ្យមនុស្សជាតិទាំងអស់នៅលើពិភពលោក អាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនបាន។ ដោយឡែកថ្វីត្បិតតែមានភាពគាប់ប្រសើរយ៉ាងនេះក្តី ក៏នៅតែមានចំណុចអវិជ្ជមានមួយចំនួនផងដែរ ទាក់ទងទៅនឹងការធ្វើអាជីវកម្មONLINEនេះ តួយ៉ាងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានស្រ្តីខ្មែរមួយចំនួនបានស្លៀកពាក់ស៊ិចស៊ីជ្រួលហួស បញ្ចេញអស់កេរខ្មាសក្នុងបំណងទាក់ទាញចំនួនអ្នកទស្សនា ដែលសកម្មភាពទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។ ស្របពេលជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យចាត់វិធានការជាបន្ទាន់ចំពោះអ្នកទាំងនោះ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍ពីព័ត៌មាននេះ៖
ថ្លែងទៅកាន់មន្ត្រីជាច្រើននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនៅវិមានសន្តិភាពកាលព្រឹកថ្ងៃច័ន្ទ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាឲ្យចាត់វិធានការចំពោះការ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរខ្មាសដើម្បីទាក់ចំនួនអ្នកចូលមើល ដែលសកម្មភាពទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។
សម្តេច ហ៊ុន សែន បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្តេចថា សម្តេចបានបង្គាប់ឲ្យក្រសួងមហាផ្ទៃធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យា ដើម្បីពិនិត្យមើល និងចាត់វិធានការលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួនដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន។ បញ្ហានេះបានពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់ឲ្យធ្វើបែបដែរ។
សម្តេចបានព្រមានថា សម្តេចនឹងចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួនដែលបានស្លៀកពាក់សិចស៊ីជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ (Live) លក់ផលិតផលរបស់ខ្លួននៅលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសថ្លៃថ្នូររបស់ស្ត្រីកម្ពុជាផងដែរ។
ការលើកឡើងបែបនេះរបស់សម្តេចនាយករដ្ឋមន្ត្រី គឺដោយសារតែកាលពីពេលកន្លងមកនេះ ការលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គមFACEBOOKជាពិសេសផលិតផលថែរក្សាសម្រស់ ឬកែសម្ផស្សជាដើម ដែលនៅពេលនេះគឺកំពុងមានប្រជាប្រិយភាព និងសម្ទុះខ្លាំងឡើងអមជាមួយនឹងអ្នកលក់តាមអនឡាញទាំងនោះ បានទាក់ទាញអ្នកទស្សនាតាមរយៈការបង្ហាញភាពសិចស៊ីខ្លាំង ដោយការស្លៀកពាក់មិនសូវមានការបិទបាំងជាដើម។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកបានថ្លែងសាទរប្រាប់សារព័ត៌មានក្នុងស្រុកចំពោះគោលការណ៍ដែលប្រមុខរាជរដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងប្រៃសណីយ៍បិទចំពោះការ Live លក់ផលិតផលតាមអនឡាញបញ្ចេញអស់កេរខ្មាសស្ត្រីនេះ។
លោកថ្លែងបន្តថា៖ «ជាក់ស្ដែងបច្ចុប្បន្នមានករណីយកកេរខ្មាសភាពសិចស៊ីជ្រុលនិយមមកធ្វើជាដើមទុនទាក់ទាញលើអាជីវកម្មដោយគ្មានក្រមសីលធម៌ និងកំពុងបានពង្រីកឥទ្ធិពលឲ្យមានបាតុភាពប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌របស់ខ្មែរដែលគួរមានវិធានការយ៉ាងតឹងរ៉ឹងបំផុត»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងជារួមបន្ទាប់ពីទទួលបានបទបញ្ជាថ្មីនេះ ក្រសួងព័ត៌មានកំពុងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីដាក់ចេញវិធានការជាក់លាក់រួមគ្នាណាមួយក្នុងការទប់ស្កាត់ការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរខ្មាសនេះ។
លោកបញ្ជាក់ថា៖ «នេះជាការពិតក្រសួងព័ត៌មានកំពុងតែរួមគ្នា ដើម្បីអនុវត្តនូវបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនេះផងដែរ ព្រោះតែកិច្ចនេះត្រូវការក្រសួងពាក់ព័ន្ធច្រើនចូលរួម ដើម្បីដោះស្រាយបញ្ហាចំពោះមុខថា តើគួរអនុវត្តដោយរបៀបណា?»៕
អត្ថបទដោយកញ្ញា អ៊ុំ ច័ន្ទលក្ខិណា