en     km
en     km

សម្តេចនាយករដ្ឋមន្ត្រីជម្រុញពន្លឿនការកាត់ក្តីស្រ្តីជាប់ឃុំជាង២ម៉ឺននាក់

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជុំរុញឲ្យក្រសួងព័ន្ធពន្លឿនការកាត់ទោសអ្នកទោសដែលជាស្រ្តីឲ្យបានលឿន ខណៈដែលស្រ្តីជាប់ឃុំបច្ចុប្បន្នមានចំនួនជាង ២ម៉ឺននាក់។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តជំរុញឲ្យក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាពន្លឿននីតិវិធីកាត់ទោសស្រ្តីដែលកំពុងជាប់ឃុំឲ្យបានលឿន តែប្រសិនបើគ្មានសាលសម្រាប់បើកសវនាការគ្រប់គ្រាន់ទេ សម្តេចនឹងបើកលទ្ធភាពឲ្យ​ជួល​សណ្ឋាគារ​មក​ធ្វើ​ជា​កន្លែង​កាត់ទោស​បាន។

យោងទៅតាមគេហទំព័រ Facebook របស់សម្តេចនាយករដ្ឋមន្រ្តី ស្របពេលដែលសម្តេចបាន​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​​ការងារ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​ស្ត្រីដែលបាន​រៀបចំ​ឡើង ​នៅ​វិមាន​សន្តិភាព​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសរសេររៀបរាប់ថា៖ «​សម្តេច ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​ក្រសួង​កិច្ចការនារី​ត្រូវ​បន្ត​នូវ​កិច្ចសហការ​បន្ថែមទៀត​ជាមួយ​ក្រសួង​មហាផ្ទៃ​ក្នុងការ​តាមដាន​រឿង​ស្ត្រី​ដែលជា​ទណ្ឌិត ឬ​ជា​ពិរុទ្ធជន​ដើម្បី​ធ្វើយ៉ាងណា​ពន្លឿន​ការងារ​កាត់ក្តី​ឲ្យ​ឆាប់​រួមទាំង​ការស្វែងរក​មេធាវី​សម្រាប់​ការពារ​ស្ត្រី​ដែលជា​ពិរុទ្ធជន​នោះ​ផងដែរ​»​។ សម្តេចបានបន្តថា ​សម្តេចសុំ​ឲ្យ​ក្រសួង​យុត្តិធម៌​ត្រូវ​ពន្លឿន​ការងារ​នេះ​ដែល​បច្ចុប្បន្ននេះ​ឮថា​មាន​ជាង​ ២ ​ម៉ឺន​សំណុំរឿង​ ដែល​មិនទាន់​បាន​កាត់ក្តី​។ ដូច្នេះ​ត្រូវ​​ពន្លឿន​សំណុំ​រឿងនេះ​ឲ្យ​បាន​ឆាប់ ហើយ​បើ​ខ្វះ​សាល​សវនាការ​​កាត់ក្តី សម្តេច​​បាន​មានប្រសាសន៍​បញ្ជាក់ថា អាច​ជួល​សណ្ឋាគារ​កាត់ក្តី​តែម្តង​ទៅ​​។ បច្ចុប្បន្ននេះ ស្រ្តីដែលបានជាប់ឃុំនៅក្នុងពន្ធធនាគារគឺមានចំនួនជាង ២ម៉ឺននាក់។  

ជាការកត់សម្គាល់ ការអំពាវនាវបែបនេះរបស់សម្តេចនាយករដ្ឋមន្ត្រី គឺមិនមែនជាលើកទី១នោះទេ ក៏ប៉ុន្តែកាលពីឆ្នាំមុនសម្តេចក៏បានអំពាវនាវម្តងបែបនេះរួចម្តងមកហើយ ព្រមទាំងបានបង្កើត​ក្រុម​មេធាវី​សម្រាប់​ជួយ​ការពារ​ដល់​ស្ត្រី​ក្រីក្រថែម​ទៀតផង​។

លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចហ៊ុន សែន បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈថា ចាប់ពី​ចុង​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៩ ដល់​ដំណាច់​ឆ្នាំ​ ២០១៩ ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​បាន​ជួយ​ការពារ​ក្តី និង​ជួយ​ពិគ្រោះ​ផ្តល់យោបល់​ផ្លូវច្បាប់​នៅ​ទូទាំង​ប្រទេស​សរុប ១ ០៣៣ ករណី​។ ក្នុង​ចំនួន​នោះ​ក្រុម​មេធាវី​បានទទួល​ជួយ​ការពារ​ក្តី​ចំនួន​ ៥២​ ករណី​ ដោយ​បាន​ការពារ​បញ្ចប់​បាន​ចំនួន ២៤ ករណី​។ ក្នុងចំណោម ២៤ ករណី​នេះ ​ក្រុម​មេធាវី​បាន​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ និង​មាន​កូនតូច​ចំនួន ១៨ ករណី​។

លោកមេធាវី គី តិច បានពន្យល់ថា ក្រុម​ការងារ​របស់​លោក​បាន​ផ្សព្វផ្សាយ​តាម​វិធី​ផ្សេងៗ​ដើម្បី​ឲ្យ​ស្ត្រី​ដែល​ត្រូវការ​ជំនួយ​ផ្នែក​ផ្លូវច្បាប់​អាចទាក់ទង​មក​ក្រុម​មេធាវី​ដោយ​ផ្ទាល់ ហើយ​ក៏​ធ្វើ​កិច្ចសហការ​ជាមួយ​តុលាការ ពន្ធនាគារ ក្រសួង​កិច្ចការនារី ដើម្បី​ផ្ដល់ជូន​មេធាវី​ដល់​ស្ត្រី​ក្រីក្រ​ផងដែរ​ ដោយ១ខេត្តគឺមានមេធាវីរបស់លោកចំនួន២នាក់។​

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ស្ត្រី​ជាប់ឃុំ​មាន​ការវិវឌ្ឍ​ច្រើន​គឺ​ស្ត្រី​ភាគច្រើន​ដែល​ត្រូវបាន​តុលាការ​កាត់ទោស​រួចហើយ​ត្រូវ​បាន​ទទួល​ការលើកលែង​ទោស​ ឬ​បន្ធូរ​បន្ថយទោស​ទៅតាម​នីតិវិធី​។ ​សម្រាប់​ស្ត្រី​ដែល​នៅ​មិនទាន់​កាត់ទោស​ត្រូវបាន​ផ្ដល់​មេធាវី​ជូន​ហើយ​ស្ត្រី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ តែ​ទោះបី​ជា​យ៉ាងនេះ​ក៏ដោយ ក៏​នៅ​មាន​បញ្ហា​ប្រឈម​ដែរ​ជាពិសេស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដោយសារ​យើង​ស្ថិត​នៅក្នុង​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​គ្រឿងញៀន​ហើយ​ស្ត្រី​ភាគច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ អ៊ីចឹង​សំណុំ​រឿង​ច្រើន ធនធាន​មនុស្ស​នៅតាម​តុលាការ​របស់​យើង​នៅមាន​កម្រិត ហើយ​កម្រិត​ហេដ្ឋារចនាសម្ព័ន្ធ​របស់​តុលាការ​ក៏​មួយ​ផ្នែក​ដែរ ដោយសារ​សាលសវនាការ​មាន​តិច​ហើយ​​សំណុំ​រឿង​ច្រើន អ៊ីចឹង​យើង​មិនអាច​ធ្វើការ​ដោះស្រាយ​បាន​លឿន​​គឺ​យើង​ធ្វើជា​ដំណាក់ៗ​។

លោក​ ជិន ម៉ាលីន បានបញ្ជាក់ថា ការលើកឡើង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ដែល​ឲ្យ​ជួល​សណ្ឋាគារ​ដើម្បី​ជម្រះក្ដី​នោះ គឺមិន​មាន​អ្វី​ខុសពី​នីតិវិធី​នោះទេ នៅក្នុងករណី​សំណុំរឿង​មាន​ច្រើន​៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image