ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជុំរុញឲ្យក្រសួងព័ន្ធពន្លឿនការកាត់ទោសអ្នកទោសដែលជាស្រ្តីឲ្យបានលឿន ខណៈដែលស្រ្តីជាប់ឃុំបច្ចុប្បន្នមានចំនួនជាង ២ម៉ឺននាក់។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តជំរុញឲ្យក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាពន្លឿននីតិវិធីកាត់ទោសស្រ្តីដែលកំពុងជាប់ឃុំឲ្យបានលឿន តែប្រសិនបើគ្មានសាលសម្រាប់បើកសវនាការគ្រប់គ្រាន់ទេ សម្តេចនឹងបើកលទ្ធភាពឲ្យជួលសណ្ឋាគារមកធ្វើជាកន្លែងកាត់ទោសបាន។
យោងទៅតាមគេហទំព័រ Facebook របស់សម្តេចនាយករដ្ឋមន្រ្តី ស្របពេលដែលសម្តេចបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីដែលបានរៀបចំឡើង នៅវិមានសន្តិភាពថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសរសេររៀបរាប់ថា៖ «សម្តេច ហ៊ុន សែន ក៏បានជំរុញឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការបន្ថែមទៀតជាមួយក្រសួងមហាផ្ទៃក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជនដើម្បីធ្វើយ៉ាងណាពន្លឿនការងារកាត់ក្តីឲ្យឆាប់រួមទាំងការស្វែងរកមេធាវីសម្រាប់ការពារស្ត្រីដែលជាពិរុទ្ធជននោះផងដែរ»។ សម្តេចបានបន្តថា សម្តេចសុំឲ្យក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះដែលបច្ចុប្បន្ននេះឮថាមានជាង ២ ម៉ឺនសំណុំរឿង ដែលមិនទាន់បានកាត់ក្តី។ ដូច្នេះត្រូវពន្លឿនសំណុំរឿងនេះឲ្យបានឆាប់ ហើយបើខ្វះសាលសវនាការកាត់ក្តី សម្តេចបានមានប្រសាសន៍បញ្ជាក់ថា អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ។ បច្ចុប្បន្ននេះ ស្រ្តីដែលបានជាប់ឃុំនៅក្នុងពន្ធធនាគារគឺមានចំនួនជាង ២ម៉ឺននាក់។
ជាការកត់សម្គាល់ ការអំពាវនាវបែបនេះរបស់សម្តេចនាយករដ្ឋមន្ត្រី គឺមិនមែនជាលើកទី១នោះទេ ក៏ប៉ុន្តែកាលពីឆ្នាំមុនសម្តេចក៏បានអំពាវនាវម្តងបែបនេះរួចម្តងមកហើយ ព្រមទាំងបានបង្កើតក្រុមមេធាវីសម្រាប់ជួយការពារដល់ស្ត្រីក្រីក្រថែមទៀតផង។
លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចហ៊ុន សែន បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈថា ចាប់ពីចុងខែកុម្ភៈឆ្នាំ ២០១៩ ដល់ដំណាច់ឆ្នាំ ២០១៩ ក្រុមមេធាវីស្ម័គ្រចិត្តបានជួយការពារក្តី និងជួយពិគ្រោះផ្តល់យោបល់ផ្លូវច្បាប់នៅទូទាំងប្រទេសសរុប ១ ០៣៣ ករណី។ ក្នុងចំនួននោះក្រុមមេធាវីបានទទួលជួយការពារក្តីចំនួន ៥២ ករណី ដោយបានការពារបញ្ចប់បានចំនួន ២៤ ករណី។ ក្នុងចំណោម ២៤ ករណីនេះ ក្រុមមេធាវីបានជួយស្ត្រីមានផ្ទៃពោះ និងមានកូនតូចចំនួន ១៨ ករណី។
លោកមេធាវី គី តិច បានពន្យល់ថា ក្រុមការងាររបស់លោកបានផ្សព្វផ្សាយតាមវិធីផ្សេងៗដើម្បីឲ្យស្ត្រីដែលត្រូវការជំនួយផ្នែកផ្លូវច្បាប់អាចទាក់ទងមកក្រុមមេធាវីដោយផ្ទាល់ ហើយក៏ធ្វើកិច្ចសហការជាមួយតុលាការ ពន្ធនាគារ ក្រសួងកិច្ចការនារី ដើម្បីផ្ដល់ជូនមេធាវីដល់ស្ត្រីក្រីក្រផងដែរ ដោយ១ខេត្តគឺមានមេធាវីរបស់លោកចំនួន២នាក់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា សំណុំរឿងពាក់ព័ន្ធនឹងស្ត្រីជាប់ឃុំមានការវិវឌ្ឍច្រើនគឺស្ត្រីភាគច្រើនដែលត្រូវបានតុលាការកាត់ទោសរួចហើយត្រូវបានទទួលការលើកលែងទោស ឬបន្ធូរបន្ថយទោសទៅតាមនីតិវិធី។ សម្រាប់ស្ត្រីដែលនៅមិនទាន់កាត់ទោសត្រូវបានផ្ដល់មេធាវីជូនហើយស្ត្រីមួយចំនួនទៀតត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក្រោមការត្រួតពិនិត្យរបស់តុលាការ។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានបញ្ហាប្រឈមដែរជាពិសេសពាក់ព័ន្ធនឹងគ្រឿងញៀនដោយសារយើងស្ថិតនៅក្នុងយុទ្ធនាការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនហើយស្ត្រីភាគច្រើនពាក់ព័ន្ធនឹងគ្រឿងញៀន។ អ៊ីចឹងសំណុំរឿងច្រើន ធនធានមនុស្សនៅតាមតុលាការរបស់យើងនៅមានកម្រិត ហើយកម្រិតហេដ្ឋារចនាសម្ព័ន្ធរបស់តុលាការក៏មួយផ្នែកដែរ ដោយសារសាលសវនាការមានតិចហើយសំណុំរឿងច្រើន អ៊ីចឹងយើងមិនអាចធ្វើការដោះស្រាយបានលឿនគឺយើងធ្វើជាដំណាក់ៗ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដែលឲ្យជួលសណ្ឋាគារដើម្បីជម្រះក្ដីនោះ គឺមិនមានអ្វីខុសពីនីតិវិធីនោះទេ នៅក្នុងករណីសំណុំរឿងមានច្រើន៕
អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា