en     km
en     km

នាយករដ្ឋមន្ត្រីថៃត្រៀមជួបសហជីពកម្មកររកវិធីកុំឲ្យសហរដ្ឋអាមេរិកព្យួរ GSP

Share

បើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។លោកប្រាយុទ្ធចាន់អ៊ូចាទទួលជួបក្រុមសហជីពកម្មករថៃនៅថ្ងៃទី០៣មីនាខាងមុខនេះដើម្បីរួមគ្នាពិភាក្សារកមធ្យោបាយ បញ្ជៀសកុំឱ្យសហរដ្ឋអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ប្រទេសថៃ ខណៈមានការព្រមានជាច្រើនថាការព្យួរនេះអាចនឹង ប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់។

ថ្លែងនៅក្នុងសិក្ខាសាលាមួយទាក់ទិននឹងប្រយោជន៍GSPអាមេរិក លោក ឆាលី ឡូយសូអុង (Chalee Loysoong) ដែលជាអនុប្រធាន គណៈកម្មាធិការសាមគ្គីភាពកម្មករថៃបានព្រមានថា ការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP អាចនឹងបង្កផលប៉ះពាល់ដល់កម្មករយ៉ាងហោចណាស់ ៤០,០០០នាក់ កំពុងបម្រើការនៅតាមឧស្សាហកម្មជាច្រើន។ ហេតុបែបនេះហើយបានជាបណ្ដាញសហជីពនៅក្នុងប្រទេសថៃ ចង់ឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធ GSP ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

សូមជម្រាបថាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ តំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសថា ខ្លួននឹងផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ថៃមានតម្លៃជាង ១.៣ពាន់លានដុល្លារ ហើយនឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ជាមួយការលុបចោលនូវការអនុគ្រោះពន្ធលើផលិតផលនាំចូលពីថៃចំនួន ៥៧៣មុខ ដែលអាចនឹងប្រឈមមុខនឹងការបង់ពន្ធ ៤.៥ភាគរយ។

ការប្រកាសលុបចោលនេះទៀតសោត ធ្វើឡើងដោយសារតែរដ្ឋាភិបាលថៃបានបរាជ័យ ក្នុងការដោះស្រាយបញ្ហារំលោភបំពានសិទ្ធិកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ និងវិស័យដឹកជញ្ជូនតាមកប៉ាល់ទំនិញ។ ដូច្នេះបើថៃចង់បានប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រឡប់មកវិញ រដ្ឋាភិបាលទីក្រុងបាងកក ត្រូវតែបង្ហាញសហគមន៍អន្តរជាតិថា ខ្លួនមានការប្ដេជ្ញាចិត្តក្នុងការលើកម្ពស់ និងការពារសិទ្ធិពលករ។

លោកRobert Pajkovskiប្រធានក្រុមសិទ្ធិកម្មករមជ្ឈមណ្ឌលសាមគ្គីភាព បានជម្រាបថាថៃជិតបាត់បង់GSPហើយពីព្រោះថៃបានបង្ហាញពីដំណើរការប្រសើរឡើងតិចតួចណាស់នៃការ​បង្ហាញពីការគោរពសិទ្ធិកម្មករ។

លោកបន្ដលើកឡើងថាបើសិនជាថៃនៅតែចង់ទទួលបានGSPជាប្រព័ន្ធអនុគ្រោះពន្ថដ៏ពិសេសនេះថៃត្រូវតែបង្ហាញទៅសហគមន៍អន្ដរជាតនូវការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ទៅលើការជម្រុញភាពប្រសើរឡើងនៃសិទ្ធិកម្មករគឺប្រតិបត្តិតាមអនុសញ្ញាអង្គការILOលេខ៨៧ដែលទទួលស្គាល់សេរិភាពសមាគមកម្មករនិងលេខ៩៨ធានាពីសិទ្ធិចរចាសមូហភាព។

បើតាមទិន្នន័យគេហទំព័រBloomberg ថៃគឺជាទីផ្សារនាំចេញធំទី2មកកាន់សហរដ្ឋអាមេរិកក្នុងទំហំដល់ទៅ៩៦2ពាន់លានដុល្លារ។

លោកប្រាយុទ្ធកាលពីចុងឆ្នាំ២០១៩លោកក៏បានស្នើឱ្យអាមេរិកពិចារណាឡើងវិញក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធនេះផងដែរដោយលោកថាប៉ះពាល់ទាំងវិស័យសាធារណៈនិងឯកជន។

លោក Nuttachart Mekmasinអ្នកវិភាគនិងជាអ្នកស្រាវជ្រាវឯករាជ្យថៃមួយរូបបាននិយាយថាការដកប្រព័ន្ធGSPនេះមិនត្រឹមតែប៉ះពាល់លើការនាំចេញរបស់ថៃនោះទេតែវាប់ះពាល់យ៉ាងខ្លាំងដល់ភូមិសាស្រ្ដនយោបាយតំបន់រវាងថៃនិងសហរដ្ឋអាមេរិនៅពេលអនាគត។

ថៃមានឱនភាពពាណិជ្ជកម្មនឹងសហរដ្ឋអាមេរិកក្នុងទំហំ១ពាន់លានដុល្លារនៅ៩ខែដំបូងឆ្ន២០១៩ជាប្រទេសជាប់ឱនភាពពាណិជ្ជកម្មលំដាប់ទី១៤ជាមួយអាមេរិក។ គួរបញ្ជាក់ថាថៃបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធGSPពីសហភាពអឺរ៉ុបឆ្នាំ២០១៥ ហើយកំពុងចង់បានវាម្ដងទៀតគឺប្រភេទFTAវិញម្ដងខណៈវៀតណាមទើបទទួលបានវាថ្មីៗពីសហភាពនេះដោយឡែកកម្ពុជាកំពុងហៀបនឹងរបូតបាត់EBAបើចូលជាធរមាននៅខែសីហាខាងមុខនេះលើទំនិញ20មុខទំនិញគិតជាទឹកប្រាក់1ពាន់1រយលានដុល្លារចំណែកបញ្ហាប្រព័ន្ធអនុគ្រោះពន្ធអាមេរិកGSPនេះដែរកម្ពុជាប្រឈមនឹងការរបូតទៅវិញនៅចុងឆ្នាំ២០២០តាមសេចក្ដីស្នើច្បាប់របស់ព្រឹទ្ធសភាអាមេរិកពីររូបកាលពីខែកុម្ភៈឆ្នាំ២០១៩។ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នេះ​ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក ដោយ​​ឥត​បង់​ពន្ធ គិត​ជា​ទឹក​ប្រាក់​ជាង ១៨០លាន​ដុល្លារ​ក្នុង​​មួយ​ឆ្នាំៗ។

សូមជម្រាបថាកម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ Generalized System Preferences ឬ​ហៅ​កាត់​ថា GSP របស់​អាមេរិក​នេះ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៦ ជួយ​ប្រទេស​ក្រីក្រ ឲ្យ​បង្កើន​ទំហំ​ប្រាក់​ចំណូល​ក្នុង​ការ​នាំ​ចេញ​ទំនិញ ជួយ​ពង្រឹង​វិស័យ​ឧស្សាហកម្ម​ និង ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច។តាម​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​ឆ្នាំ ១៩៧៤ របស់​សហរដ្ឋ​អាមេរិក ការផ្តល់ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​មាន​ភ្ជាប់​លក្ខខណ្ឌ​ធំៗ មួយ​ចំនួន​ ដែល​ប្រទេស​នីមួយៗ ​ត្រូវ​បំពេញ​ឲ្យ​បាន​ជាដាច់ខាត​។ លក្ខខណ្ឌ​ទាំង​នោះ រួម​មាន​ការ​គោរព​សិទ្ធិ​ការងារ និង សិទ្ធិមនុស្ស​​៕ 

ប្រែសម្រួល៖ ឆោម ពៅនិកា

Share

ព័ត៌មានទាក់ទង

Image