ភ្នំពេញ៖ លោក សម រង្ស៊ី បញ្ជាក់ថាការបើកឱ្យនាវា Westerdam ចូលគឺជាការទាល់ច្រករបស់នាយករដ្ឋមន្ត្រីកម្ពុជា ដោយសារតែបើកឱ្យជនជាតិចិនចូលដោយសេរី ។ ទោះជាបែបនេះក្ដី លោកទទួចឱ្យកម្ពុជាបិទមិនឱ្យជនជាតិចិនចូលកម្ពុជា ដើម្បីសុខភាព និងអាយុជីវិតប្រជាពលរដ្ឋខ្មែរ ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនកាលពីថ្ងៃទី ១៦ កុម្ភៈថា មិនមានការជំទាស់ទៅនឹងការជួយសង្គ្រោះអ្នកដទៃទេ តែការជួយសង្គ្រោះនោះត្រូវតែគិតគូរពីសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរជាមុនសិន ។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រូវឲ្យជនជាតិចិន មកពីប្រទេសចិន រាប់រយរាប់ពាន់នាក់ ដែលអាចផ្ទុកមេរោគ វីរុសកូរ៉ូណា ចូលមកប្រទេសកម្ពុជាតាមចិត្តដូចសព្វថ្ងៃនេះទេ ។
ចំពោះការណ៍ដែលកម្ពុជាបើកឱ្យកប៉ាល់ Westerdam ចូលចតនៅក្រុងព្រះសីហនុ គឺដោយសារតែសម្ពាធអន្តរជាតិ គ្មានជម្រើសដែលបានមកពីការបើកចំហឲ្យជនជាតិចិនចូលដោយសេរី ដែលអាចនាំមកនូវជម្ងឺ បណ្តាលមកពីមេរោគវីរុសកូរ៉ូណា ចូលមកប្រទេសកម្ពុជាតាមចិត្ត ។
អតីតគណបក្សសង្រ្គោះជាតិ ក៏បានចេញសេចក្ដីអំពាវនាវពាក់ព័ន្ធនឹងការផ្ទុះជម្ងឺឆ្លងផ្លូវដង្ហើម Covid 19 នេះ ។
ក្នុងសេចក្ដីអំពាវនាវនោះ អតីតគណបក្សនេះបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាលយ៉ាងលឿននៃជម្ងឺផ្លូវដង្ហើមមួយនេះ ។
អតីតគណបក្សសង្គ្រោះជាតិថ្លែងថា ខណៈពេលដែលអន្តរជាតិមានការព្រួយបារម្ភខ្លាំងចំពោះការរីករាលដាលនេះ បែជានាយករដ្ឋមន្ត្រីកម្ពុជា មិនបានចាត់វិធានការត្រឹមត្រូវដើម្បីការពារសុវត្តិភាព និងសុខុមាលភាពប្រជាពលរដ្ឋខ្មែរពីជម្ងឺប្រភេទនេះនោះទេ ដូចជាការទុកឱ្យប្រជាពលរដ្ឋខ្មែររស់នៅកន្លែងផ្ទុះមេរោគនៅទីក្រុងវូហាន នៅបន្តបើកឱ្យមានជើងហោះហើរទៅមករវាងប្រទេសចិននិងកម្ពុជា ។
សេចក្ដីថ្ឡែងការណ៍នេះបញ្ជាក់ធ្ងន់ៗថា ពលរដ្ឋចិនរាប់ពាន់នាក់ដែលមកពីទីក្រុងវូហានចូលមក និងធ្វើដំណើរដោយសេរីនៅក្នុងប្រទេសកម្ពុជា ដោយមិនមានការពិនិត្យសុខភាពអ្នកទាំងនោះនោះទេ ។
សូមបញ្ជាក់ថា នាវាទេសចរណ៍យក្ស MS Westerdam របស់សហរដ្ឋអាមេរិក ដែលកម្ពុជាបានអនុញ្ញាតឱ្យចូលចតក្នុងក្រុងព្រះសីហនុនេះ ត្រូវបានប្រទេស និងកោះចំនួន៥ធ្វើការបដិសេធមិនឱ្យចុះចត មានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន ដោយមានការភ័យខ្លាចពីវីរុសកូរ៉ូណា ។
ការដែលកម្ពុជាបានអនុញ្ញាតឱ្យកប៉ាល់នេះចូលចត ដែលមានភ្ញៀវទេសចរណ៍បរទេស និងបុគ្គលិកនាវាប្រមាណជាង ២០០០នាក់ ។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន អះអាងថា ការអនុញ្ញាតឱ្យកប៉ាល់នេះចូលគឺជាសកម្មភាពមនុស្សធម៌ ដោយជួយសង្គ្រោះអ្នកដែលត្រូវការការជួយសង្រ្គោះ ។
សម្ដេចហ៊ុន សែន អះអាងថា ច្បាស់ជាមិនមានការគោរពសិទ្ធិមនុស្សឡើយ បើកម្ពុជាឃើញមនុស្សអាចនឹងស្លាប់នៅនឹងមុខហើយ បែជាមិនជួយ ។ សម្ដេចថា ការគោរពសិទ្ធិរស់រានមានជីវិតមានសារៈសំខាន់ជាទីបំផុត ។
យ៉ាងណាក្រោយពីការពិនិត្យ និងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍នៅក្នុងកប៉ាល់នោះចុះចេញមកក្រៅមានការត្រួតពិនិត្យពីក្រសួងសុខាភិបាលកម្ពុជារួមទាំងមន្ត្រីនៃទូតអាមេរិកប្រចាំកម្ពុជា និងអ្នកជំនាញអន្តរជាតិមួយចំនួន ដែលបញ្ជាក់ថាអ្នកនៅលើកប៉ាល់ Westerdam នោះ មិនមាននរណាម្នាក់ផ្ទុកមេរោគកូរ៉ូណានោះទេ ។
កម្ពុជាបានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ទាំងនោះ អាចធ្វើដំណើរទៅខេត្តសៀមរាប ដើរទស្សនាតាមឆ្នេរ និងមកទីភ្នំពេញបាន ។
ផ្ទុយទៅវិញ នៅពេលដែលភ្ញៀវជនជាតិអាមេរិកនៅលើកប៉ាល់ Westerdam វ័យ ៨៣ឆ្នាំម្នាក់ចេញពីកម្ពុជា ទៅប្រទេសម៉ាឡេស៊ី អាជ្ញាធម៌ម៉ាឡេស៊ី បានរកឃើញថា មានផ្ទុកមេរោគ Covid 19 រហូតដល់ទៅពីរលើក ក្រោយកម្ពុជាទទួចឱ្យពិនិត្យម្ដងទៀតដោយសារការពិនិត្យលើកទី ១ ឃើញលទ្ធផលវិជ្ជមាន ។
ការណ៍នេះ ធ្វើឱ្យអតីតគណបក្សសង្រ្គោះជាតិ ថាប្រព័ន្ធសុខាភិបាលនៅកម្ពុជានៅមានកម្សោយខ្លាំង ដែលជាការមិនអាចការពារសុវត្តិភាព និងសុខុមាលភាពប្រជាជនកម្ពុជានោះទេ ។
បើទោះបីជាបែបណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រជាជនកម្ពុជាកុំមានការព្រួយបារម្ភខ្លាំងពេកចំពោះបញ្ហាជម្ងឺនេះ គ្រាន់តែមានស្មារតីការពារខ្លួនឯងដោយអនាម័យជាប់ជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ដោយឡែក មកទល់ពេលនេះ កម្ពុជាមិនមានការបិទជើងហោះហើរ ពីចិនមកកម្ពុជានោះទេ ដោយហេតុថានាយរដ្ឋមន្ត្រីកម្ពុជាអះអាងថា ការបិទជើងហោះហើរពីបរទេស ពិសេសគឺប្រទេសចិនហាក់ដូចជាការសម្លាប់ សេដ្ឋកិច្ចកម្ពុជាយ៉ាងជាក់ច្បាស់ ៕
អត្ថបទ៖ សោមលាភ