en     km
en     km

សង្គម​ស៊ី​វិល​ថា​ អាជ្ញាធរ​អនុវត្ត​ស្តង់ដារ​ ២​ ផ្សេង​គ្នា​ក្នុង​ការ​ធ្វើ​​បាតុកម្ម​

Share

ប្រ​ជា​ពល​រដ្ឋ​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​ បាន​ធ្វើ​បាតុកម្មនិង​ដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា ដើម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា កាលពីព្រឹឹកម្សិលមិញ
ប្រ​ជា​ពល​រដ្ឋ​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​ បាន​ធ្វើ​បាតុកម្មនិង​ដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា ដើម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា កាលពីដើមសប្ដាហ៍នេះ

ភ្នំពេញ៖ សង្គម​ស៊ី​វិល​បាន​លើក​ឡើង​ថា​ ការ​អនុវត្ត​ច្បាប់​លើ​ករណី​បាតុកម្ម​មាន​លក្ខណៈ​ស្តង់ដារ​ ២​ ផ្សេង​គ្នា​ ជាក់ស្តែង​ដូច​ជា​ករណី​បាតុកម្ម​ទាមទារ​ទម្លាក់​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​កាលពី​ថ្មីៗ​នេះ​ អ្នក​តវ៉ា​ហាក់​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​តវ៉ា​បញ្ចេញមតិ​ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ ដែល​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​នឹង​ក្រុម​អ្នក​តវ៉ា​មុនៗ​។​

​ទោះបី​យ៉ាងនេះ​ក្តី​សង្គម​ស៊ី​វិល​ចង់​ឃើញ​ការ​អនុវត្ត​របស់​អាជ្ញាធរ​ មានការ​បើក​ទូលាយ​ទៅ​លើ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ ដូច​ទៅ​និង​ករណី​តវ៉ា​ទម្លាក់​លោក​ កឹ​ម​ សុខា​ដែរ​។​ ​មន្ត្រី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ យល់​ឃើញ​ថា​ អាជ្ញាធរ​កម្ពុជា​បាន​អនុវត្ត​ស្ដង់ដារ​ពីរ​ ចំពោះ​ករណី​ធ្វើ​បាតុកម្ម​កន្លង​មក​។​

លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់ អង្គការលីកាដូ
លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់ អង្គការលីកាដូ

ប្រធាន​ក្រុម​ស៊ើបអង្កេត​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ លោក​ អំ​ សំអាត​ មាន​ប្រសាសន៍​ថា​ តាម​លោក​យល់​ ការ​អនុវត្ត​ច្បាប់​លើ​ករណី​បាតុកម្ម​របស់​អាជ្ញាធរ​ មាន​លក្ខណៈ​ស្តង់ដារ​ ២​ ផ្សេង​គ្នា​។​ លោក​ថា​ ជាក់ស្តែង​ដូច​ជា​ករណី​បាតុកម្ម​ទាមទារ​ទម្លាក់​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​កាលពី​ថ្មីៗ​នេះ​ អ្នក​តវ៉ា​ហាក់​មាន​សរី​ភាព​ពេញលេញ​ក្នុង​ការ​តវ៉ា​បញ្ចេញមតិ​ ដោយ​គ្មាន​ការ​រារាំង​ រឹត​បន្តឹង​ និង​មិន​មាន​របង​ដែក​បិទផ្លូវ​ ដូច​ទៅ​ករណី​ទាមទារ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃ​ទី​ខែកក្កដា​ ឆ្នាំ​ ២០១៤​ កន្លង​មក​។​

​លោក​និយាយ​ថា​៖​ «​យើង​មើលទៅ​គឺ​ឃើញ​មាន​ស្តង់ដារ​ ២​ ឆ្ងាយ​ពី​គ្នា​។​ យើង​អត់​គិតដល់​ពេល​មាន​អំពើ​ហិង្សា​ទេ​ ប៉ុន្តែ​គិត​ថា​ នៅ​ពេល​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​ បើ​យើង​បើក​ទូលាយ​ដូច​ធ្វើ​បាតុកម្ម​ ដូច​ថ្ងៃ​ទី​ ២៦​  ដោយ​សន្តិវិធី​ ដោយ​អហិង្សា​ អាហ្នឹង​បានជា​គេ​ហៅ​ថា​មាន​ស្តង់ដារ​អន្តរជាតិ​ ស្តង់ដារ​តែ​មួយ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​តាម​រដ្ឋធម្មនុញ្ញ​ គោរព​សិទ្ធិ​សេរីភាព​នូវ​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​»​។​

​ចំណែកឯ​ លោក​បណ្ឌិត​ រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​មាន​ប្រសាសន៍​ថា​ ការ​តវ៉ា​ទាមទារ​ទម្លាក់​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ នៅ​មុខ​រដ្ឋ​សភាជាតិ​ កាលពី​ថ្ងៃ​ទី​២៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៥​ និង​ការ​តវ៉ា​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​កំលុង​ខែ​ កក្កដា​ ឆ្នាំ​ ២០១៤​ កន្លង​ទៅ​គឺ​ មាន​ទិដ្ឋភាព​២​ដាច់​ដោយឡែក​ពី​គ្នា​។​

​លោក​ថា​ ទិដ្ឋភាព​២​ដាច់​គ្នា​ត្រង់​ថា​ ជន​ដៃដល់​បាន​វាយដំ​តំណាងរាស្ត្រ​ ដែល​មាន​ទាំង​អភ័យឯកសិទ្ធិ​ ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​។​ លោក​រស់​ រ៉ា​វុ​ធ​ បាន​ចាត់​ទុក​ ទ​ង្វើ​នេះ​ថា​ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អ្នកនយោបាយ​ជាតិ​ និង​អន្តរជាតិ​។​

លោក​បណ្ឌិត​ រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ / រូបភាពពី RFA
លោក​បណ្ឌិត​ រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ / រូបភាពពី RFA

​លោក​ បណ្ឌិត​ រស់​ រ៉ា​វុ​ធ​បាន​បន្ត​ថា​  បើ​ទោះបីជា​អាជ្ញាធរ​ យឺតយ៉ាវ​ចាប់ខ្លួន​ជន​ដៃដល់​ ជាង​ករណី​ចាប់​តំណាងរ​ស្ត្រ​តវ៉ា​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាលនោះ​ក៏​ដោយ​ ក៏​ប៉ុន្តែ​នេះ​ប្រហែលជា​សមត្ថកិច្ច​កំពុង​តែ​ប្រមូល​ភស្តុ​តាង​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សិន​ មុន​នឹង​ចាប់ខ្លួន​ជន​ដៃដល់​។​

​លោក​មាន​ប្រសាសន៍​ថា​៖​ «​ចាប់​ច្រឡំ​ប្រសើរ​ជាង​ មិន​បាន​ចាប់​ កន្លែង​នេះ​យើង​ឃើញ​ថា​ ប្រទេស​កម្ពុជា​មានការ​អនុវត្ត​ប្រព័ន្ធ​ច្បាប់​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ហើយ​ រឿង​ថា​ ចាប់​បាន​ ឬ​មិន​បានជា​រឿង​របស់​សមត្ថកិច្ច​»​។​

​គួរ​រំឭក​ថា​ កាលពី​ព្រឹត្តិការណ៍​តវ៉ា​ទាមទារ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ពាក់កណ្ដាល​កក្កដា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ អាជ្ញាធរ​បាន​ដាក់​របង​ដែក​រារាំង​ការ​ធ្វើ​បាតុកម្ម​យ៉ាង​រឹង​មាំ​ ហើយ​ជា​ពិសេស​នោះ​ ក្រោយ​ពី​មាន​អំពើ​ហិង្សា​កើតឡើង​នៅ​ក្បែរ​ស្ពាន​នាគ​ជិត​ទីលាន​ប្រជាធិបតេយ្យ​ អាជ្ញាធរ​បាន​ចាប់​ឃាត់ខ្លួន​ និង​ដាក់​ខ្នោះ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាមៗ​។​ ចំណែកឯ​ការ​តវ៉ា​ទាមទារ​ឱ្យ​ទម្លាក់​លោក​ កឹ​ម​ សុខា​ ពី​តំណែង​ជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៥​នេះ​ គឺ​អាជ្ញាធរ​ពុំ​បាន​ដាក់​របាំង​រារាំង​ ឬ​ដាក់​កម្លាំង​សមត្ថកិច្ច​ដើម្បី​ទប់ស្កាត់​ឡើយ​៕

Share

Image
Image
Image