ភ្នំពេញ៖ សង្គមស៊ីវិលបានលើកឡើងថា ការអនុវត្តច្បាប់លើករណីបាតុកម្មមានលក្ខណៈស្តង់ដារ ២ ផ្សេងគ្នា ជាក់ស្តែងដូចជាករណីបាតុកម្មទាមទារទម្លាក់អនុប្រធានទី១ នៃរដ្ឋសភាកាលពីថ្មីៗនេះ អ្នកតវ៉ាហាក់មានសេរីភាពពេញលេញក្នុងការតវ៉ាបញ្ចេញមតិ ស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលមានលក្ខណៈខុសគ្នាទៅនឹងក្រុមអ្នកតវ៉ាមុនៗ។
ទោះបីយ៉ាងនេះក្តីសង្គមស៊ីវិលចង់ឃើញការអនុវត្តរបស់អាជ្ញាធរ មានការបើកទូលាយទៅលើសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដូចទៅនិងករណីតវ៉ាទម្លាក់លោក កឹម សុខាដែរ។ មន្ត្រីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យល់ឃើញថា អាជ្ញាធរកម្ពុជាបានអនុវត្តស្ដង់ដារពីរ ចំពោះករណីធ្វើបាតុកម្មកន្លងមក។
ប្រធានក្រុមស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាមលោកយល់ ការអនុវត្តច្បាប់លើករណីបាតុកម្មរបស់អាជ្ញាធរ មានលក្ខណៈស្តង់ដារ ២ ផ្សេងគ្នា។ លោកថា ជាក់ស្តែងដូចជាករណីបាតុកម្មទាមទារទម្លាក់លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភាកាលពីថ្មីៗនេះ អ្នកតវ៉ាហាក់មានសរីភាពពេញលេញក្នុងការតវ៉ាបញ្ចេញមតិ ដោយគ្មានការរារាំង រឹតបន្តឹង និងមិនមានរបងដែកបិទផ្លូវ ដូចទៅករណីទាមទាររំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទីខែកក្កដា ឆ្នាំ ២០១៤ កន្លងមក។
លោកនិយាយថា៖ «យើងមើលទៅគឺឃើញមានស្តង់ដារ ២ ឆ្ងាយពីគ្នា។ យើងអត់គិតដល់ពេលមានអំពើហិង្សាទេ ប៉ុន្តែគិតថា នៅពេលធ្វើបាតុកម្មជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ បើយើងបើកទូលាយដូចធ្វើបាតុកម្ម ដូចថ្ងៃទី ២៦ ដោយសន្តិវិធី ដោយអហិង្សា អាហ្នឹងបានជាគេហៅថាមានស្តង់ដារអន្តរជាតិ ស្តង់ដារតែមួយ និងការគោរពសិទ្ធិមនុស្ស និងតាមរដ្ឋធម្មនុញ្ញ គោរពសិទ្ធិសេរីភាពនូវការបញ្ចេញមតិរបស់ពលរដ្ឋ»។
ចំណែកឯ លោកបណ្ឌិត រស់ រ៉ាវុធ សាស្ត្រាចារ្យវិទ្យានយោបាយមានប្រសាសន៍ថា ការតវ៉ាទាមទារទម្លាក់លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា នៅមុខរដ្ឋសភាជាតិ កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០១៥ និងការតវ៉ារំដោះទីលានប្រជាធិបតេយ្យ កាលពីកំលុងខែ កក្កដា ឆ្នាំ ២០១៤ កន្លងទៅគឺ មានទិដ្ឋភាព២ដាច់ដោយឡែកពីគ្នា។
លោកថា ទិដ្ឋភាព២ដាច់គ្នាត្រង់ថា ជនដៃដល់បានវាយដំតំណាងរាស្ត្រ ដែលមានទាំងអភ័យឯកសិទ្ធិ ធានាដោយរដ្ឋធម្មនុញ្ញ ឱ្យរងរបួសធ្ងន់ធ្ងរ។ លោករស់ រ៉ាវុធ បានចាត់ទុក ទង្វើនេះថា បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកនយោបាយជាតិ និងអន្តរជាតិ។
លោក បណ្ឌិត រស់ រ៉ាវុធបានបន្តថា បើទោះបីជាអាជ្ញាធរ យឺតយ៉ាវចាប់ខ្លួនជនដៃដល់ ជាងករណីចាប់តំណាងរស្ត្រតវ៉ារំដោះទីលានប្រជាធិបតេយ្យកាលនោះក៏ដោយ ក៏ប៉ុន្តែនេះប្រហែលជាសមត្ថកិច្ចកំពុងតែប្រមូលភស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយសិន មុននឹងចាប់ខ្លួនជនដៃដល់។
លោកមានប្រសាសន៍ថា៖ «ចាប់ច្រឡំប្រសើរជាង មិនបានចាប់ កន្លែងនេះយើងឃើញថា ប្រទេសកម្ពុជាមានការអនុវត្តប្រព័ន្ធច្បាប់របស់ខ្លួនបានត្រឹមត្រូវហើយ រឿងថា ចាប់បាន ឬមិនបានជារឿងរបស់សមត្ថកិច្ច»។
គួររំឭកថា កាលពីព្រឹត្តិការណ៍តវ៉ាទាមទាររំដោះទីលានប្រជាធិបតេយ្យកាលពីពាក់កណ្ដាលកក្កដា ឆ្នាំ២០១៤ កន្លងទៅ អាជ្ញាធរបានដាក់របងដែករារាំងការធ្វើបាតុកម្មយ៉ាងរឹងមាំ ហើយជាពិសេសនោះ ក្រោយពីមានអំពើហិង្សាកើតឡើងនៅក្បែរស្ពាននាគជិតទីលានប្រជាធិបតេយ្យ អាជ្ញាធរបានចាប់ឃាត់ខ្លួន និងដាក់ខ្នោះក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិភ្លាមៗ។ ចំណែកឯការតវ៉ាទាមទារឱ្យទម្លាក់លោក កឹម សុខា ពីតំណែងជាអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥នេះ គឺអាជ្ញាធរពុំបានដាក់របាំងរារាំង ឬដាក់កម្លាំងសមត្ថកិច្ចដើម្បីទប់ស្កាត់ឡើយ៕