ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ បានអំពាវនាវដល់ មន្ត្រីក្រោម ឱវាទទូទាំង ប្រទេសប្រញាប់ផ្តល់ឯកសារពាក់ព័ន្ធនៃការប្រែប្រួលពីស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិលឱ្យបានឆាប់ៗ ដើម្បីឱ្យទាន់ពេលបើកប្រាក់បៀវត្សសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ក្រសួងពាក់ព័ន្ធនឹងការផ្ដល់ប្រាក់បៀវត្សមន្ត្រីរាជការ បានអំពាវនាវឲ្យក្រសួង ស្ថាប័ន សាលារាជធានីខេត្ត និងមន្ទីរទាំងអស់ ប្រញាប់ដាក់ឯកសារពាក់ព័ន្ធនឹងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិល ដើម្បីឱ្យក្រសួងមុខងារសាធារណៈ មានលទ្ធភាពពិនិត្យ និងបញ្ចូលទិន្នន័យទៅប្រព័ន្ធព័ត៌មានវិទ្យា។
ការអំពាវនាវនេះធ្វើឡើងតាមរយៈ លិខិតជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះកាលបរិច្ឆេទថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥។ លិខិតអំពាវនាវបញ្ជាក់ថា ស្ថាប័ន សាលារាជធានី ខេត្ត មន្ទីរទាំងអស់ ដែលមិនទាន់បានផ្ដល់ឯកសារពាក់ព័ន្ធនឹងការប្រែប្រួល ស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ឱ្យប្រញាប់ប្រគល់ឯកសារពាក់ព័ន្ធឱ្យបានឆាប់ៗពោលគឺ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។
លិខិតជូនដំណឹងដដែលបានឱ្យដឹងទៀតថា ករណីដែលមន្ត្រីក្រោមឱវាទទាំងអស់ យឺតយ៉ាវក្នុងការផ្តល់ឯកសារមិនទាន់ពេលវេលា ក្រសួងមុខងារសាធារណៈ នឹងធ្វើការបោះពុម្ពតារាងទូទាត់បៀវត្ស និងអាណត្តិបើកបៀវត្សតាមខែចាស់ ដោយសន្មតថា ពុំមានការប្រែប្រួលឡើយ។
លិខិតជូនដំណឹងក៏បានបញ្ជាក់ដែរថា ក្រសួងនឹងរៀបចំបោះពុម្ពតារាងទូទាត់ប្រាក់បៀវត្ស និងអាណត្តិបើកបៀវត្សសម្រាប់ខែវិច្ឆិកា ដល់មន្ត្រីរាជការស៊ីវិល នៅក្នុងសប្ដាហ៍ទី១ ក្នុងខែវិច្ឆិកា បន្ទាប់មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការពិនិត្យ និងរៀបចំបើកប្រាក់បៀវត្ស ដល់ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត មន្ទីរ និងអង្គភាពជំនាញ នៅក្នុងសប្ដាហ៍ទី២ ក្នុងខែវិច្ឆិកា។ ហើយយ៉ាងយូរការបើកប្រាក់បៀវត្សជូន មន្ត្រីរាជការស៊ីវិល នគរបាលជាតិ យោធិន យឺតបំផុតនៅក្នុងសប្តាហ៍ទី៣ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ ៕