ក្នុងកាលៈទេសៈដែលចិនមមាញឹកប្រៀបបានជាឱបគ្រាប់បែកកំណត់នាទីស្លាប់រស់ប្រយុទ្ធនឹងវីរុសកូរ៉ូណា រដ្ឋាភិបាលកម្ពុជាដែលជាសមមិត្តចិនបានរក្សានិស្សិត នៅក្រុងអ៊ូហានដើម្បីបង្ហាញសាមគ្គីភាពប្រយុទ្ធនឹងចិនតទល់នឹងវីរុសកូរ៉ូណា។ម្ខាងនៃការសម្រេចចិត្តនេះ ក៏លេចឡើងនូវទស្សនៈសុំឱ្យដកនិស្សិតខ្មែរត្រឡប់មក មាតុភូមិវិញជាបណ្ដោះអាសន្នហើយបញ្ចូនអ្នកជំនាញសុខាភិបាលខ្មែរទៅចិនដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណាដើម្បីជាប្រយោជន៍និងភាពចាំបាច់ពេលនេះនិងទៅអនាគតរបស់កម្ពុជារវាងភាគីចិន។
វីរុសកូរ៉ូណាបានឆក់យកជីវិតជនជាតិចិនច្រើនរាប់រយនាក់(ជាង៥០០)ទន្ទឹមនឹងអាចព្យាបាលបានសះស្បើយក្នុងចំនួនប្រហាក់ប្រហែលគ្នា។ជុំវិញតួលេខឆ្លងចូលដល់ខ្ទង់ជាង២ម៉ឺនករណី ចិនបានបើកឱ្យប្រើប្រាស់នូវមន្ទីរពេទ្យ ដែលសាងសង់យ៉ាងបន្ទាន់ក្នុងរយៈពេល១០ថ្ងៃ ហើយរំពឹងថានឹងត្រូវសាង សង់បន្ថែមទៀត។ចិនថែមទាំងបានសម្រេចចិត្តហៅទូរស័ព្ទផ្ទាល់ទៅកាន់ប្រធានអង្គការសហភាពអឺរ៉ុបដើម្បីសុំជំនួយសុខាភិបាលទៀតផង។នៅក្នុងសប្ដាហ៍នេះចិនរវល់ស្វាគមន៍ជាខ្លាំងនូវវត្តមានចុះមកត្រួតពិនិត្យផ្ទាល់នូវស្ថានភាពផ្ទុះវីរុសកូរ៉ូណានៅក្រុងអ៊ូហានពីសំណាក់អង្គការសុខភាពពិភពលោកព្រមទាំងអ្នកជំនាញសុខាភិបាលអាមេរិកផងដែរ។ស្ថិតក្នុងកាលៈទេសៈគ្រោះថ្នាក់សុខភាពពលរដ្ឋបែបនេះ ចិនត្រូវបានមើលឃើញថា គ្មានពេលឯណានៅលេងចម្បាំងយកមុខនោះទេ។
តើអ្វីទៅជាតម្រូវការបន្ទាន់របស់ចិន?
ការសាងសង់មន្ទីរពេទ្យក្នុងល្បឿននិងពេលវេលាលឿនបំផុត ការសុំនិងស្វាគមន៍ជំនួយសុខាភិបាលពីអង្គការពិភពលោកនិងរដ្ឋបរទេស ដូចជាស្រោមដៃម៉ាស រាប់លាន ការដឹកពលរដ្ឋចិនពីបរទេសមកអ៊ូហានវិញ បង្ហាញថាចិនត្រូវការជំនួយបច្ចេកទេសសុខាភិបាលជាងមុខមាត់ការទូត។អ្នកអត្ថាធិប្បាយនិយមដ៏ល្បីល្បាញមួយរូបក្នុងវេទិកាហ្វេសប៊ុកកម្ពុជា លោកសូរសមយុទ្ធថាចិន ប្រហែលពុំមានពេលវេលា ដើម្បីកំដរអ្នកណាម្នាក់ ឬប្រទេសណាមួយ ដើម្បីលេងចម្បាំងយកមុខ (face politics/ personal fighting) ឌឺដងគ្នា ឡើយ។ បរិបទនេះ, ប្រហែលចិន ត្រូវការ ជំនួយបច្ចេកទេស (technical assistance) ជាង មុខមាត់ការទូត (diplomatic face)។លោកបន្ដថាទោះមុខមាត់ការទូតសំខាន់តែគុណតម្លៃនយោបាយរបស់ចិនក៏មិនខុសពីរដ្ឋដទៃដែលមានវិធានការការពារអាយុជីវិតពលរដ្ឋគេដែរ គឺ ប្រទេសមួយ យកជីវិតមនុស្សជាធំ ឬ ផលប្រយោជន៍ជាតិជាធំ គឺសុទ្ធតែជាជម្រើស។ អ្នកអត្ថាធិប្បាយសង្គមរូបនោះបន្ដថាការរួមសុខរួមទុក្ខបង្ហាញសាមគ្គីភាពមិនអាចបង្ហាញត្រង់ៗបែបនយោបាយដូរសាច់ទេដោយអាចមានវិធីផ្សេងព្រោះបរិបទនៃសង្គមសតវត្សថ្មីគេនិយាយពីប្រយោជន៍។
មាគ៌ាទាញប្រយោជន៍ក្នុងស្ថានភាពចាំបាច់នៃទំនាក់ទំនងកម្ពុជានិងចិន
ជាការពិតនិស្សិតកម្ពុជាជាធនធានមនុស្សដ៏កម្រដែលទទួលបានឱកាសដើម្បីទៅសិក្សារៀនសូត្រនៅបរទេសតែការទប់ទល់នឹងជំងឺដូចការសម្រេចចិត្តថ្នាក់ដឹកនាំកម្ពុជាដំបូងឡើយធ្វើឱ្យពួកគេតូចចិត្តផងលើកទឹកចិត្តគ្នាផងតែនៅប្រាថ្នាចង់មកកាន់កម្ពុជាវិញឱ្យបានឆាប់គឺលុះតាមមតិទូទៅថាវីរុសមិនស្គាល់សញ្ជាតិគ្មានមិត្តភាពឡើយតែយ៉ាងណាទើបការប្រើមធ្យោបាយការពារគឺប្រសើរជាងព្យាបាល។ចំពោះអាហារូបករណ៍ជាសត្យានុម័តគឺជាអានុភាពនិងវិសាលភាពនៃកិច្ចព្រមព្រៀងដែលរដ្ឋនិងរដ្ឋចរចាគ្នា ករណីដែលប្រទេសមីយ៉ាន់ម៉ា ប៉ាគីស្ថាន ឥណ្ឌូនេស៊ីបានជម្លៀសនិស្សិតចេញពីអ៊ូហានទំនងរដ្ឋាភិបាលនៃប្រទេសនោះបានសម្រេចចិត្តត្បិតជាឯកត្តោភាគីតែក៏មិនមានការបដិសេធមិនបើកឱ្យចេញពីដ្ឋាភិបាលចិនព្រោះចិនបែបថ្លឹងថ្លែងបានស្របនឹងឆន្ទៈជាសុវត្ថិភាពធនធានមនុស្សរដ្ឋមួយផងដែរ។យ៉ាងណាក៏ដោយបុព្វបុរសខ្មែរបានលំអានឱ្យអ្នកជំនាន់ក្រោយមិនអាចបំបាត់ចោលនូវចិត្តធម៌និងមនុស្សធម៌ដែលដក់ក្នុងដួងស្មារតីមនុស្សខ្មែរ ប៉ុន្ដែត្រូវយល់ពីកាលៈទេសៈ ឧបសគ្គ និង ឱកាសផងដែរ ដែលលោកថា ឈើកោងធ្វើកង់ ឈើត្រង់ធ្វើទូក។បែបណាក្ដីក្រោយពេលប្រមុខរដ្ឋាភិបាលកម្ពុជាប្រាថ្នាទៅសួរសុខទុក្ខនិស្សិតខ្មែរនៅអ៊ូហានមិនបានសម្រេចរួមនឹងការបញ្ចូនថវិកាឧបត្ថម្ភពីរដ្ឋាភិបាលគឺតំណាងនិស្សិតមួយរូបក៏បានបង្ហោះវីឌីអូវិជ្ជមានដោយក្ដីសង្ឃឹមទៅមុខពោលគឺសហការបានល្អនឹងរដ្ឋបាលសាលាដើម្បីអនាម័យសុខភាពខ្លួនលដែល្អប្រសើរជាធម្មតា។
យ៉ាងណាក៏ដោយអ្នកនិពន្ធកម្ពជានិយមផ្ដល់នូវទស្សនៈជាឧទាហរណ៍មួយដែលអាចទៅរួចនិងថ្លៃថ្នូរសម្រាប់បុគ្គលនិងជាតិដែលលោកថានោះគឺ ការជួយ។ការជួយនេះគឺការរៀបចំបុគ្គលិកពេទ្យជំនាញ ពេទ្យស៊ីវិលក៏ដោយ ពេទ្យយោធាក៏ដោយ មួយក្រុម គ្នា ៥នាក់ ឬ ១០នាក់ ឬ ៥០នាក់ ហើយចំណាយលុយ ៥ លាន ទៅ ១០ លានដុល្លារ ដើម្បីសហការ បញ្ជូនពួកគេ ទៅក្នុង កម្លាំងពេទ្យអន្តរាគមន៍ របស់ ប្រទេសចិន ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រយៈពេល ៣០ថ្ងៃ។
អ្នកនិពន្ធបានរៀបរាប់ថាទង្វើនេះបង្ហាញនូវសាមគ្គីភាពប្រកបដោយភាពវៃឆ្លាតត្រូវប្រយោជន៍និងភាពចាំបាច់ នៃការជួយ ការរួមសុខរួមទុក្ខ រួមមិត្តភាពពិតដោយហេតុថាកម្ពុជា នឹងបានរៀនសូត្រពីបណ្តាក្រុមគ្រូពេទ្យជាច្រើន ក្នុងពិភពលោក លើបច្ចេកទេសវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង។ ចំណេះដឹងនេះ នឹងជួយឱ្យកម្ពុជា អភិវឌ្ឍវិស័យវេជ្ជសាស្ត្ររបស់ខ្លួន ក្នុងវិស័យជំងឺឆ្លង និងការទប់ស្កាត់ បានយ៉ាងល្អ ទៅថ្ងៃក្រោយ។ ប្រសិនបើ អាចមានពេទ្យជំនាញកម្ពុជាមួយក្រុមតូច ចូលរួមក្នុងយុទ្ធនាការនេះ ក៏ប្រហែលមានប្រយោជន៍ច្រើន ក្នុង នយោបាយសុខាភិបាល ដែរ។
តែយ៉ាងណាក៏ដោយវិទ្យុស្រ្ដីមិនបានទាន់សុំការបំភ្លឺពីរដ្ឋាភិបាលជុំវិញទស្សនៈផ្ដល់ជូនពីលោកសូរសមយុទ្ធនោះទេ។
គណៈកម្មាធិការជាតិចិននៅថ្ងៃអង្គារទី៤កុម្ភៈតាមរយៈកាសែតចិនប្រចាំថ្ងៃបានជម្រាបថាបុគ្គលិកពេទ្យដែលប្រមូលបានទូទាំងចិនចំនួន៦០០០នាក់បានបញ្ចូនទៅខេត្តហ៊ូប៉ី។ខណៈប្រទេសជាច្រើនបានជម្លៀសពលរដ្ឋរបស់ពួកគេចេញ ចិនហាក់ប្រយុទ្ធយ៉ាងឯកោ នឹងជំងឺនេះដោយពុំមានសកម្មភាពចូលរួមសកម្មប្រយុទ្ធការពារប្រយោជន៍របស់ពួកគេឱ្យចេញពីចិននោះទេ។បើសិនណាកម្ពុជាបញ្ចូនអ្នកជំនាញសុខាភិបាលទៅចិន នោះកម្ពុជាបានបង្ហាញឱ្យពិភពលោកឃើញថាអ្វីជាគំរូនៃការលះបង់ប្រកបដោយធម៌មេត្តាជាមេរៀនជាក់ស្ដែងមួយសម្រាប់ពិភពលោកដែលប្រកាន់យកអភិក្រមនៃគោលដៅអភិវឌ្ឍន៍ចីរកាល ថាដើម្បីប្រជាជន វិបុលភាព សន្ដិភាព ដៃគូអន្ដរជាតិ និងផែនដីដែលពួកយើងកំពុងរស់នៅមួយនេះ៕
អត្ថបទអត្ថាធិប្បាយ៖ឆោម ពៅនិកា