en     km
en     km

ទូតចិន៖ចិនមើលឃើញកម្ពុជាជាមិត្តដ៏ពិតប្រាកដគឺថាកាលៈទេសៈលំបាកទើបស្គាល់មិត្តភក្តិពិតប្រាកដ

Share

(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានស្ដែងការកោតសរសើរ កម្ពុជា ជាមិត្តដែលស្គាល់ទុក្ខលំបាក នៅពេលមិត្តមួយរបស់ខ្លួនជួបអាសន្ន។ ការថ្លែងដូចនេះ របស់មន្ត្រីចិ​ន ទំនងឆ្លើយតបនឹងសម្ដេចហ៊ុនសែនដែលប្រកាស​មិនបិទជើងហោះ​ហើរនិងមិន​ទៅទទួល​និស្សិត​ខ្មែរ​ពីចិននោះទេទោះជាប្រឈមនឹងវិរុស ​កូរ៉ូណាដ៏កំណាចក៏ដោយ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្ដីរាយការណ៍៖

ការ ថ្លែងរបស់ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា គឺជាការតបទឹកចិត្តដ៏ភក្តីភាពរបស់លោក វ៉ាង វិនធាន ចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្តែងសមានចិត្តដ៏ស្មោះស រួមប្រយុទ្ធជំងឺផ្លូវដង្ហើម «កូរ៉ូណា» ជាមួយប្រទេសចិន ដោយលោកបានពោលនូវប្រយោគមួយឃ្លាថា «មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ»

លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងទៀតថាសម្តេចហ៊ុនសែន និងរាជរដ្ឋាភិបាលកម្ពុជា បានតស៊ូឈរជាមួយប្រជាជនចិន ចាប់ដៃគ្នាប្រឆាំងនឹងជំងឺវីរុសមួយនេះ ក្នុងខណៈដែលប្រទេសចិន កំពុងជួបនឹងបញ្ហាជំងឺវីរុសកូរ៉ូណា យើងខ្ញុំពិតជារំភើបជាខ្លាំង ត្រូវតែចងចាំក្នុងក្រអៅបេះដូងជានិច្ច»

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០កន្លងទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវជំហរដ៏ច្បាស់លាស់មួយឆ្លើយតបទៅនឹងបញ្ហាជំងឺផ្លូវដង្ហើម «កូរ៉ូណា» ដែល កំពុងវាយប្រហារនៅប្រទេសចិន និងរីករាតត្បាតនៅជុំវិញពិភពលោក។ ដើម្បីចូលរួមដោះស្រាយការលំបាករបស់ចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា សម្តេច បានប្រកាសរក្សាជើងហោះហើររវាងប្រទេសចិន និងកម្ពុជា ព្រមទាំងមិនជម្លៀសមន្ត្រីទូត និងនិស្សិតខ្មែរពីប្រទេសចិននោះឡើយ។

————សូមជម្រាបស្តាប់ប្រសាសន៍របស់សម្តេចហ៊ុនសែន————

ឆ្លើយតបនឹងជំហដ៏មុតមាំរបស់សម្តេច ហ៊ុន សែន, លោក វ៉ាង វិនធាន បានលើកឡើងថា ភាគីចិនវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមានចិត្តរបស់សម្តេច ដែលមានចំពោះរដ្ឋាភិបាល និងប្រជាជនចិន។

លោក វ៉ាង វិនធាន បានលើកឡើងថា កាយវិការរបស់សម្តេច ហ៊ុន សែន បានបង្ហាញឱ្យឃើញថាកម្ពុជា ជា «មិត្តដែកថែប» នៃប្រទេសចិនពិតប្រាកដមែន ហើយចិន និងកម្ពុជា ពិតជាសហគមន៍ជោគវាសនារួមដែល «ដកដង្ហើមរួមគ្នា និងរួមលំបាកជាមួយគ្នា» យ៉ាងពិតប្រាកដ។

យ៉ាងណា នៅក្នុងបទសំភាសន៍ជាមួយ​វិទ្យុ​ស្ត្រីកា​លថ្ងៃទី៣០ មករា នូវសំណួរ ដែលសួរថា យល់ថា យល់ដូចម្ដេចដែរ កម្ពុជា មិនបាន​បិទ​ជើង​ហោះ ​ជាមួយប្រទេសចិន ខណៈប្រទេស​ផ្សេងៗទៀត​បាន​​បិទអស់ហើយនោះ  លោកឯមសុវណ្ណា រ៉ា  អ្នកវិភាគបញ្ហាសង្គម ហាក់យល់ស្របផងនិងមិនយល់ស្របផង។ លោកថា ពេលខ្លះមេដឹកនាំអាចគិតត្រូវ តែពេលខ្លះ ត្រូវមើលប្រទេសជិតខាង និងទំនោអន្តរជាតិ ។ លោកថា ការដឹងគុណមិត្តភាព គឺមានគ្រប់ពេល ។

———- សូមជម្រាបស្តាប់បទសម្ភាសន៍របស់លោក ឯម សុវណ្ណារ៉ា —————

ប្រទេស ដែលបានបិទព្រំដែន ជាមួយចិន គឺមានកូរ៉េខាងជើង ជាមហាមិត្តចិន ជាប្រវត្តិសាស្ត្រ ប្រទេស​ឡាវ  ប្រទេសរុស្ស៊ី  ម៉ុងហ្គោលី ភូមា និងវៀតណាម។ ចំណែក ប្រទេសបិទជើងហោះហើរ ជាមួយចិន គឺ ជប៉ុន រុស្ស៊ី  ម៉ុងហ្គោលី ភូមា វៀតណាម អាមេរិក អាល្លឺម៉ង់ អង់គ្លេស កូរ៉េខាងត្បូង សិង្ហបុរី អ៊ីតាលី តួកគី និងប្រទេសមួយចំនួនទៀត។

ជាការកត់សម្គាល់ យោងតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិន បានប្រកាសថា មកដល់ពេលនេះ មានអ្នកស្លាប់ដោយសារវីរ៉ុសកូរ៉ូណា ចំនួន៣៦១នាក់ ខណៈអ្នកផ្ទុកមានចំនួនជាង ១,៧២០០នាក់និងឆ្លង ២៧ប្រទេស ហើយ ១២២នាក់ ដែលឆ្លងមេរោគនេះ នៅក្រៅប្រទេសចិន៕

Share

ព័ត៌មានទាក់ទង

Image