en     km
en     km

មន្រ្តីរដ្ឋាភិបាល អះអាងថាគ្មានលុយក្រោមតុនៅក្នុង ស្ថាប័នក្រសួងពាណិជ្ជកម្មឡើយ

Share

ឆ្លើយ​តប​នឹង​ការ​​រក​ឃើញ​របស់​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ថា​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ ​នៅ​ព្រឹក​​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​នេះ​ប្រធាន​នាយក​ដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​បាន​អះ​អាង​ថា​ កន្លង​មក​ក្រសួង​ពាណិជ្ជកម្ម​ មិន​បាន​​ប្រព្រឹត្តិ​​​អំពើ​ពុក​​រលួយ​​ក្នុង​​ស្ថាប័ន​នេះ​​ ដូច​ការ​លើក​ឡើង​របស់​អង្គការ​​សង្គម​ស៊ីវិល​នោះ​ឡើយ​។

« មិន​មាន​ការ​​ប្រព្រឹត្តិ​​​អំពើ​ពុក​​រលួយ​កើត​មាន​​ក្នុង​ក្រសួង​​ពាណិជ្ជ​កម្ម​នោះ​ឡើយ​​នា​ពេល​កន្លង​មក​។ ចំពោះ​ការ​​ចុះ​បញ្ជី​​ពាណិ​ជ្ជ​​កម្ម​​ជា​​មួយ​​ម្ចាស់​​អាជីវកម្ម​នោះ​ គឺ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​បង់​ប្រាក់​តាម​រយៈ​​ធនា​គារ​ មិន​មែន​តាម​រយៈ​មន្រ្តី​ពាណិជ្ជកម្ម​ ជា​អ្នក​ទទួល​លុយ​នោះ​ទេ »។​ នេះ​ជា​អះ​អាង​របស់ ​លោក​ ឱម​ តារា​ឬទ្ធិ​ ប្រ​ធាន​​នាយកដ្ឋាន​​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ នៅ​ក្នុង​សន្និ​សិទ​ថ្នាក់​ជាតិ​ស្តី​អំពី​ « សុច្ចរិត​ភាព​ធុរកិច្ច​ » នា​ព្រឹក​​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​នេះ​។

លោក ឱម តារាឬទ្ធិនៅក្នុងសន្និសិទថ្នាក់ជាតិស្តីអំពី “ សុច្ចរិតភាពធុរកិច្ច ”​
លោក ឱម តារាឬទ្ធិនៅក្នុងសន្និសិទថ្នាក់ជាតិស្តីអំពី “ សុច្ចរិតភាពធុរកិច្ច ”​

ក្រៅ​ពី​នោះ ​លោក​ ឱម​ តារា​ឬទ្ធិ​ បាន​បន្ត​ទៀត​ថា​ ក្រសួង​ពាណិជ្ជកម្ម​កំពុង​តែ​ដំណើរ​ការ​ចុះ​​បញ្ជី​ពាណិជ្ជកម្ម​​តាម​ប្រព័ន្ធ​​អន​ឡាញ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ ពេល​ចុះ​បញ្ចី​ពាណិជ្ជកម្ម​ និង​លុប​បំបាត់​អំពើ​ពុក​រលួយ​​ជាដើម​។ លោក​ថា យ៉ាង​​យូរ​​បំផុត​ប្រព័ន្ធ​អនឡាញ​នេះ​ នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​​ចុង​ឆ្នាំ​ ២០១៥​ខាង​​មុខ​នេះ​។ មន្រ្តី​នៃ​​ក្រសួង​ពាណិជ្ជ​កម្ម​រូប​នេះ​បញ្ជាក់​ទៀត​ថា​ រហូត​មក​ដល់​បច្ចុប្បន្ន​​នេះ​​មាន​​​ក្រុមហ៊ុន​​ទាំង​​ខ្នាត​​តូច​ ធំ ​និង​មធ្យម​បាន​​ទៅ​ចុះ​បញ្ជី​​នៅ​​​ក្រសួង​ពាណិជ្ជកម្ម​ប្រមាណ​​៣​ម៉ឺន​ក្រុមហ៊ុន​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ លោក​ ឱក​ សេរី​ សោភក្តិ៍ ​បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សន្និ​សិទ្ធិ​ថ្នាក់​ជាតិ​នោះ​ថា​ « សកម្មភាព​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​នៅ​តែ​កើត​មាន​ឡើង​​ដដែល ​បើ​ទោះ​ជា​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ឋ​អនឡាញ​ហើយ​ក៏​ដោយ​»​។ ​លោក​បាន​រៀប​រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​ « ​សេវាកម្ម​​បង់​ថ្លៃ​ក្រៅ​ផ្លូវ​ការ​ឬ​លុយ​ក្រោម​តុ​នោះ​មាន​ច្រើន​ថែម​ទៀត​ផង​ ជា​ពិសេស​នៅ​ពេល​ដែល​ម្ចាស់​​អាជីវ​កម្ម​​ទៅ​​សុំ​ចុះ​បញ្ជី​ក្រុមហ៊ុន​ជា​ដើម​នោះ​​ » ។

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​មាន​ប្រសាសន៍​ផង​ដែរ​ថា​ ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​ ឬ​លុយ​ក្រោម​តុ​នេះ​ រដ្ឋា​ភិបាល​ត្រូ​វតែ​មា​ន​ការ​កំ​ណែ​ទម្រង់​ប្រព័ន្ធ​តុលា​ការ​​​ឲ្យ​ឯករាជ្យ​ ហើយ​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ទូលំ​ទូលាយ​​ទៅ​ដល់​ប្រ​ជា​ពលរដ្ឋ​ ព្រម​ទាំង​អ្នក​ពាក់​​ព័ន្ធ​​ក្នុង​ការ​ចុះ​ បញ្ជី​ពាណិជ្ជកម្ម​នេះ​ជា​ដើម​។ ​មិន​តែ​ប៉ុណ្ណោះ​ក្រសួង​ត្រូវ​តែ​ធ្វើ​យ៉ាង​​ណា​​ឲ្យ​មាន​​តម្លា​ភាព​ ជា​ពិសេស​​​​រដ្ឋា​ភិបាល​ត្រូវ​កាត់​ទោស​ចំពោះ​ជន​ណា​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ជា​ដាច់​ខាត់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ របាយ​ការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លា​ភាព​កម្ពុជា​ (TI) ​នៅ​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​នេះ​ បង្ហាញ​ថា ​អំពើ​ពុក​រលួយ​ ជា​តថភាព ​មួយ​មិន​អាច​​ចៀស​រួច​បាន​ឡើយ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​​នៅ​​ប្រទេស​​កម្ពុជា​។ ម្យ៉ាង​វិញ​ទៀត​ សហគ្រាស​ធន​តូច​ និង​មធ្យម​ជា​ច្រើន​​ចូល​​ចិត្ត​​ប្រតិ​បត្ត​ការ​​​ក្រៅ​ផ្លូវការ​ ហើយ​នៅ​ក្នុង​ចំណោម​ សហគ្រាស​ចំនួន​១០០​ ដែល​បាន​ស្ទង់​មតិ​នោះ​ មាន​តែ​៦១​​សហ​គ្រាស​​​ប៉ុណ្ណោះ​ដែល​បាន​ទៅ​ចុះ​បញ្ជី​នៅ​ក្នុង​ ក្រសួង​ពាណិជ្ជកម្ម​ ឬ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​៕

 

Share

Image
Image
Image