ភ្នំពេញ៖ សម្ដេច ស ខេង ថ្លែងថានគរបាលជាតិ ជានគរបាលធ្វើអ្វីៗដើម្បីជាតិ មិនមែនដើម្បីបក្ស ឬក្រុមណាមួយនោះទេ ដូចនេះនគរបាលទាំងអស់ ត្រូវអនុវត្តន៍តួនាទីប្រកបដោយវិជ្ជាជីវៈ ដោយអនុវត្តន៍តាមច្បាប់ដោយមិនរើសមុខចំពោះអ្នកប្រព្រឹត្តខុស ។
រាយការណ៍ដោយ លោក សោម លាភ
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ថានគរបាលជាតិ ជានគរបាលធ្វើអ្វីៗដើម្បីជាតិ មិនមែនដើម្បីបក្សនោះទេ ដូចនេះនគរបាលទាំងនោះ ត្រូវអនុវត្តន៍តួនាទីប្រកបដោយវិជ្ជាជីវៈ ដោយអនុវត្តន៍តាមច្បាប់ដោយមិនរើសមុខចំពោះអ្នកប្រព្រឹត្តខុស ។
សម្ដេចថាអាជ្ញាធរមានសមត្ថកិច្ច ពិសេសគឺស្នងការ ឬអធិការកិច្ច ត្រូវស្រាវជ្រាវ និងត្រួតពិនិត្យបទល្មើស តាមរយៈការទទួលពាក្យបណ្ដឹង និងស្រាវជ្រាវដោយខ្លួនឯង បើទោះបីជាដឹងតាមរយៈសារព័ត៌មានក៏ដោយ ដើម្បីដោះស្រាយដែលជាតួនាទីរបស់ខ្លួន ។
សម្ដេចបន្ថែមថា នរគបាលជាតិត្រូវចូលរួមថែរក្សា និងសហការណ៍ជាមួយអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់ជម្ងឺផ្លូវដង្ហើម ដែលមានដើមកំណើតមកពីប្រទេសចិន តាមច្រកទ្វារព្រុំដែន និងតាមអាកាសយានដ្ឋានអន្តរជាតិផ្សេងៗ ។
ក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ៧១ ចែងថា មន្ត្រីនគរបាលយុត្តិធម៌ទទួលបណ្ដឹងទាមទារ និងបណ្ដឹងបរិហារ រួមទាំងត្រួតពិនិត្យបទល្មើសទាំងឡាយ ។
មន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្ដែង និងស៊ើបអង្កេតបឋម ឬបទល្មើសមិនជាក់ស្ដែង ។
បើតាមការអង្កេត មតិសង្គមស៊ីវិល និងពីមជ្ឈដ្ឋានមួយចំនួនតែងតែលើកឡើងថា អាជ្ញាធរអនុវត្តន៍ច្បាប់នៅកម្ពុជា មានភាពលំអៀង និទណ្ឌភាព ពិសេសគឺប្រើវិសាលភាពច្បាប់ គ្របដណ្ដប់ដល់មន្ត្រី និងសកម្មជនអតីតគណបក្សប្រឆាំង ៕