en     km
en     km

លោក កឹម សុខាថាភស្ដុតាងរបស់លោកគ្រប់គ្រាន់ថាលោកអាចរួចខ្លួន តែមេធាវីរដ្ឋាភិបាលថាមិនអាចទេ

Share

ភ្នំពេញ៖ លោក កឹម សុខាថាភស្ដុតាងរបស់ខ្លួនដែលមេធាវីដាក់ឱ្យអង្គជំនុំជម្រះ គឺគ្រប់គ្រាន់ថាអាចនឹងដោះបន្ទុកលោកឱ្យរួចខ្លួនផុតពីការចោទប្រកាន់ ។  តែមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី ថាខ្លួនក៏មានភស្ដុតាងគ្រប់គ្រាន់មិនឱ្យលោក កឹម សុខា រួចខ្លួនទេ ។

រាយការណ៍ដោយលោក សោម លាភ

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អះអាងកាលពីមុនសវនាការនៅថ្ងៃទី ២២ មករា ថា ភស្តុតាងដែលស្នើឱ្យចៅក្រមជំនុំជម្រះទទួលនោះ អាចដោះបន្ទុករបស់លោកបាន ។

មេធាវីការពារលោក កឹម សុខា អះអាងថាដាក់ភស្ដុតាងចំនួន៣៥ ដល់ចៅក្រមជំនុំជម្រះ ។

មេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណី លោក គី តិច ក៏អះអាងថាខ្លួនមានភស្ដុតាងដែលនឹងដាក់ទៅតុលាការតាមដំណាក់កាល ដោយមិនឱ្យលោក កឹម សុខារួចខ្លួននោះទេ ។

លោក គី តិច បន្ថែមថាមិនមែនតែភស្ដុតាងរបស់ខ្លួនដែលមាននោះទេ ដែលដាក់បន្ទុកទៅលើលោក កឹម សុខា ផ្ទុយទៅវិញ ភស្ដុតាងរបស់មេធាវីការពារលោក កឹម សុខា ក៏ជាភស្ដុតាងដាក់បន្ទុក ហើយអ្វីដែលលោក សម រង្ស៊ីបង្ហោះលើទំព័រហ្វេសបុក ក៏ជាភស្ដុតាងធ្វើឱ្យលោក កឹម សុខា មិនរួចខ្លួនដែរ ។

មេធាវីការពារលោក កឹម សុខា លោកស្រីម៉េង សុភារី អះអាងថា សហមេធាវីរបស់លោក កឹម សុខា មិនមែនដាក់ភស្តុតាងទាំងដែលខ្លួនឯងមិនស្គាល់ថាភស្តុតាងដាក់បន្ទុក ឬភស្ដុតាងដោះបន្ទុកនោះទេ ។

លោកស្រីម៉េង សុភារីអះអាងទៀតថា វីដេអូរដែលមានការកាត់តពី ១ម៉ោង ៣ នាទី មកត្រឹម ២ នាទី គឺជាភស្ដុតាងដែលមានវិមតិសង្ស័យដែលជាប្រយោជន៍ដល់កូនក្ដីរបស់ខ្លួន ។

អ្វីដែលលោក កឹម សុខា និងមេធាវីរបស់លោកជឿជាក់ថានឹងឈ្នះក្ដីនេះ គឺដោយសារតែលោក កឹម​សុខា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ពីតំណាងអយ្យការនោះទេ ។

លោក ជូង ជូងី អតីតជាមេធាវីមួយរូបក្នុងចំណោមសហមេធាវីការពារលោក កឹម សុខា បានបង្ហោះលើទំព័រហ្វេសបុករបស់ខ្លួនថា តាំងពីដើមមក ក្រោមមេឃលើដី មិនដែលឮនរណាប្រព្រឹត្តបទល្មើសក្បត់ជាតិ រៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលថតវីដេអូឃ្លីបបង្ហោះតាមហ្វេសបុក វាមិនដែលមានចេះតែផ្ដេសផ្ដាស់ ។

លោក ជូង ជូងី បន្ថែមថាវីដេអូឃ្លីបនោះ មិនអាចយកមកធ្វើជាភស្ដុតាងដាក់បន្ទុកផ្ដន្ទាទោសលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសបានទេ ពីព្រោះក្នុងវីដេអូរនោះ លោក​កឹម សុខា បានជួបជុំមហាជនជាសាធារណៈ ហើយលោក កឹម សុខា បានលើកពីការតស៊ូយ៉ាងស្វិតស្វាញ ក្នុងការទាមទារឱ្យមានប្រជាធិបតេយ្យ និងការផ្លាស់ប្ដូរតាមការបោះឆ្នោតដោយអហឹង្សា ។ ផ្ទុយទៅវិញ លោកថាវីដេអូនោះគ្រាន់តែជាតម្រុយឈានទៅរកភស្ដុតាងសម្រាប់ដាក់បន្ទុកលោក កឹម សុខា តែប៉ុណ្ណោះ ។

គួររំលឹកថា រឿងក្ដីលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាព ឬឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលបាននិងកំពុងជំនុំជម្រះហើយ ខណៈចៅក្រមស៊ើបសួរចំណាយពេលប្រមាណពីរឆ្នាំស៊ើបសួរលើករណីនេះ ។ សំណុំរឿងលោក កឹម សុខា នឹងដំណើរការនីតិវិធីដោយប្រើរយៈពេលប្រមាណ ៣ ខែ ដោយក្នុងមួយសប្ដាហ៍គឺជំនុំជំជម្រះរយៈពេល ២ ថ្ងៃ គឺថ្ងៃពុធ និងថ្ងៃព្រហស្សត្តិ៍ ៕

Share

ព័ត៌មានទាក់ទង

Image