ភ្នំពេញ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្វាយលិខិតដល់ព្រះមហាក្សត្រ ដោយបង្ហាញនូវការព្រួយបារម្ភពីសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការបំពេញការងារផងដែរ។
ការដាក់លិខិតថ្វាយព្រះមហាក្សត្រនេះធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ គឺនៅមួយថ្ងៃ ក្រោយពីមានហេតុការណ៍ប្រើអំពើហិង្សា វាយដំតំណាងរាស្រ្ត២រូបរបស់គណបក្សសង្គ្រោះជាតិឱ្យរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី២៦ខែតុលាកន្លងទៅ។
ខ្លឹមសារលិខិតបានសរសេថា អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ ដែលប្រជាពលរដ្ឋខ្មែរជាងពាក់កណ្តាលប្រទេស បានបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្តកាលពីឆ្នាំ ២០១៣នោះ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងការបំពេញការងារផ្សេងៗ ក្នុងតួនាទីនិងភារកិច្ចជាអ្នកតំណាងរាស្រ្ត។
ក្នុងខ្លឹមសារលិខិតក៏បានបង្ហាញការព្រួយបារម្ភផងដែរ ចំពោះសន្តិសុខសុវត្ថិភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេសនៅកម្ពុជា ដោយសារការបង្កអំពើហិង្សាបែបអនាធិបតេយ្យ និងអសមត្ថភាពនៃអាជ្ញាធរមានសមត្ថកិច្ច ក្នុងការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ។
តាមរយៈលិខិតនោះដែរ គណបក្សសង្គ្រោះជាតិក៏បានថ្កោលទោស ចំពោះអំពើហិង្សា ពីសំណាក់ក្រុមបាតុករ ទៅលើតំណាងរាស្ត្រ ២ រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា កាលពីថ្ងៃទី ២៦ខែតុលា ថាជាអំពើឃោរឃៅរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាការរំលោភបំពានលើអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្រ្ត ដែលត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ខែតុលា លោក គង់ សភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោក ញ៉យ ចំរើន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពុងចាម ត្រូវបានបាតុករមួយក្រុមវាយដំនៅក្រៅរបងរដ្ឋសភា បណ្តាលឱ្យរងរបួសជាទម្ងន់។ បច្ចុប្បន្នតំណាងរាស្រ្តទាំងពីររូបកំពុងសម្រាក់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៅឯប្រទេសថៃ៕