en     km
en     km

ធនាគាជាតិ និង ក្រសួងកិច្ចការនារីចាប់អនុវត្តគម្រោងការលើកកម្ពស់ស្រ្តីផ្នែកចំណេះដឹងហិរញ្ញវត្ថុ

Share

ក្រុងភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង ក្រសួងកិច្ចការនារី បានដាក់ចេញនូវគម្រោងមួយស្តីពី ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់ស្រ្តី យល់ដឹងពីការប្រើប្រាស់ឌីជីថលផ្សារភ្ជាប់ទៅនឹងធុរកិច្ចស្រ្តី និង លើកកម្ពស់ស្រ្តីក្នុងវិស័យសហគ្រិនភាពនៅកម្ពុជា ក្រោមជំនួយថវិកាពីក្រុមហ៊ុនវីសា។

ដោយពិនិត្រឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ក្រសួងកិច្ចការនារី និង ធនាគាជាតិនៃកម្ពុជាក្នុងភាពជាដៃគូក្រោមជំនួយថវិកាពីក្រុមហ៊ុនវីសា បានដាក់ចេញនិងអនុវត្តគម្រោង «ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និង ស្រ្តីសហគ្រិនភាព» ដែលធ្វើឡើងនាព្រឹកថ្ងៃទី​ ១៦ មករា ឆ្នាំ ២០២០។

ការបញ្ជ្រៀបចំណេះដឹងនេះ គឺក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និង ស្រ្តីសហគ្រិនឲ្យមានចំណេះដឹងនិងពង្រឹងធុរកិច្ចរបស់ស្រ្តី បង្កើនផលិតភាព និង ប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមនៅក្នុងប្រទេសកម្ពុជា។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានបង្ហាញពីចំណាប់អារម្មណ៍សោមន្សរីករាយ ក្នុងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងនិងពង្រីកការលើកកម្ពស់ចំណេះដឹងផ្នែកហរិញ្ញវត្ថុសម្រាប់ស្រ្តី និង សហគ្រិនស្រ្តី។

លោកស្រីបានបន្ថែមទៀតថា៖ កន្លងមក សហគ្រិនស្រ្តីភាគច្រើនទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សហគ្រាសខ្នាតមីក្រូ គឺងាយទទួលរងនូវភាពរងគ្រោះ និង ពិបាកក្នុងការរីកលូតលាស់។ ស្រ្តីដែលជាម្ចាស់សហគ្រាស ឬ អ្នកគ្រប់គ្រងសហគ្រាសកំពុងជួបប្រទះឧបសគ្គជាច្រើនក្នុងធុរកិច្ច​ ដែលចាំបាច់ត្រូវការចំណេះដឹងពីហិរញ្ញវត្ថុដើម្បីធ្វើការដោះស្រាយវិបត្ត និង ការរៀបចំផែនការប្រកបដោយប្រសិទ្ធិភាព​ និង សក្កិសិទ្ធភាព។

លោកស្រីបានដាក់ក្តីរំពឹងថា គម្រោងនេះ នឹងចូលរួមកាត់បន្ថយស្រ្តីដែលពុំបានទទួលការគាំទ្រផ្នែកហរិញ្ញវត្ថុ ដោយស្របទៅនឹងលទ្ធភាពរបស់យុទ្ធសាស្រ្តជាតិស្តីពី បរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។

ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងចំណេះដឹងហិរញ្ញវត្ថុ ជាកិច្ចការរួមគ្នាផ្តល់ការគាំទ្រទៅវិញទៅមកដើម្បីប្រយោជន៍រួម ទាំងវិស័យសាធារណៈ និង វិស័យឯកជន។

លោកស្រី នាវ​ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានលើកឡើងថា គម្រោងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនេះសម្រាប់ស្រ្តី និង ស្រ្តីសហគ្រិនភាព គឺជាឧបករណ៍យ៉ាងសំខាន់ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និង កាត់បន្ថយកង្វះលទ្ធភាពក្នុងការខ្ចីពីសេវាហិរញ្ញវត្ថុរបស់ស្រ្តី។

លោកស្រីថា៖ ការបង្កើនលទ្ធភាពគឺជាការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្តាលពី ២៧ភាគរយ មក ១៣ ភាគរយ និង ពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩ ភាគរយទៅ ៧០ ភាគរយ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាព គ្រួសារ និង គាំទ្រកំណើនសេដ្ឋកិច្ច។

ចំណែកឯ លោកស្រី  ជុំ ម៉ូនីកា នាយិកា ក្រុមហ៊ុនវីសា ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ក្រុមហ៊ុនវីសា បានចូលរួមចំណែកសហការជាមួយធនាគារជាតិនៃកម្ពុជាលើចំណេះដឹងហិរញ្ញវត្ថុនេះ គឺចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ។

លោកស្រីថា៖ សកម្មភាពនៃការបែងចែកចំណេះដឹងហិរញ្ញវត្ថុនេះ គឺយើងបានចូលរួមសហការនៅទូទាំងពិភពលោកមិនមែនតែនៅកម្ពុជានោះទេ ហើយឥឡូវក៏បានដាក់បញ្ជូលចំណេះដឹងនៅក្នុងអេបកម្មវិធីទូរស័ព្ទ សម្រាប់កុមារ (NBC EDUCATION APP) ហើយយើងនឹងបន្តសហការក្នុងរយៈពេលវែងជាមួយរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ភាពប្រកួតប្រជែងជាសាកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ ២០១៩ ភាពប្រកួតប្រជែងរបស់កម្ពុជាគឺស្ថិតនៅក្នុងលំដាប់ទី ១០៦ ក្នុងចំណោម ១៤១ ប្រទេស។ នៅកម្ពុជាស្រ្តីតែងតែត្រូវបានចាត់ទុកជាមនុស្សដ៏សំខាន់ក្នុងការរក្សាទុក និងគ្រប់គ្រងថវិកានៅក្នុងគ្រួសារ។ ហេតុនេះនៅពេលស្រ្តីមានចំណេះដឹងហិរញ្ញវត្ថុល្អប្រសើរ វានឹងបានជួយឱ្យតួនាទីរបស់ស្រ្តី ក្នុងការគ្រប់គ្រងថវិកានៅក្នុងគ្រួសារកាន់តែមានភាពល្អប្រសើរជាងមុន៕

Share

ព័ត៌មានទាក់ទង

Image