កាលពីយូរលង់ណាស់មកហើយ មនុស្សលោកតែងជួបប្រទះបាតុភូតធម្មជាតិផ្សេងៗដែលខ្លួនពុំអាចជំនះបាន។ ដោយមានការភ័យខ្លាច ចំពោះសន្តិសុខ មនុស្សចេះតែ មានសេចក្តីសង្ស័យយ៉ាងនេះយ៉ាងនោះ។ ពួកគេទាំងអស់តែងមានការសង្ស័យ អំពីកម្លាំងក្រៅខ្លួនយ៉ាងខ្លាំងក្លា ដែលអាចធ្វើឲ្យមនុស្សមានសេចក្តីសុខ ព្រមទាំងអាចធ្វើឲ្យមនុស្សមានមហន្តរាយថែមទៀតផង។ ពួកគេចាប់ផ្តើមមានជំនឿទៅលើកម្លាំងទាំងនោះរួចហើយកំណត់ឈ្មោះ និងបង្កើតជារូបរាងផ្សេងៗទៅតាមសមត្ថភាពរបស់ពួកគេ។ កម្លាំងក្រៅខ្លួនទាំងនោះបានក្លាយទៅជាទៅរំពឹង និងរលឹក។ ដើម្បីបានសេចក្តីសុខសប្បាយ ពួកគេតែងធ្វើអំពើល្អ និងធ្វើពិធីបូជាបន់ស្រន់អង្វរករ តាមរបៀបផ្សេងៗគ្នា។ ខ្មែរយើងមានជំនឿច្រើនរបៀបណាស់ ក៏ប៉ុន្តែយើងអាចបែងចែកជំនឿទាំងនេះជា២ធំៗបានគឺ៖ ជំនឿអរូប និងជំនឿដើម្បីសីលធម៌ក្នុងសង្គមខ្មែរ។ ក៏ប៉ុន្តែនៅថ្ងៃនេះ វិទ្យុស្រ្តីសូមលើកយកជំនឿអរូបយកមកធ្វើការបរិយាយតាមសេចក្តីអត្ថាធិប្បាយរបស់ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖
ជំនឿកើតមានឡើងនៅពេលមនុស្សចាប់ផ្តើមអស់ទំនុកចិត្ត និងគ្មានភាពជឿជាក់លើខ្លួនឯងជាបន្តបន្ទាប់រហូតដល់ទាមទារកម្លាំងក្រៅខ្លួនមកជួយសង្រ្គោះ។ ជំនឿអាចកើតចេញពីភាពភ័យខ្លាច រអាទៅលើអ្វីមួយ។ ជំនឿក៏អាចកើតចេញពីមនុស្សម្នាក់ ឬមនុស្សមួយក្រុមដែលមានប្រាជ្ងាខ្ពស់ជាងគេ ឬជាអ្នកខ្លាំងពូកែក្នុងប្រវត្ដិសាស្រ្តដូចជាស្តេចជាដើម ក្នុងគោលបំណងចង់ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ ដើរទៅរកផ្លូវត្រូវ ឬស្របទៅតាមគន្លងដែរគេចង់បាន។ សម្រាប់ប្រទេសកម្ពុជាយើងវិញ ខ្មែរមានជំនឿរបស់ខ្លួនជាច្រើនប្រភេទតាំងពីបុរាណកាលរៀងមក ដោយអ្នកខ្លះជឿទៅលើសត្វ ខ្លះទៀតជឿទៅលើអទិទេព និងទេវតា ឯអ្នកខ្លះទៀតជំនឿទៅលើរុក្ខជាតិនានានៅតាមតំបន់ព្រៃភ្នំជាដើម។ ក្រៅពីជំនឿអរូបទាំងនេះ ខ្មែរក៏មានជំនឿមួយចំនួនកក្នុងន័យធ្វើឲ្យសង្គមល្អប្រសើរផងដែរ ដូចជាជំនឿងបែបប្រពៃណីនៅពេលរៀបការ ពេលកើត ពេលស្លាប់ ចូលឆ្នាំ។ល។
មិនថាតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននោះទេ ជំនឿអរូបរបស់ខ្មែរត្រូវបានបែងចែកចេញជា១៦ផ្សេងគ្នា៖
១. ជំនឿលើព្រលឹងឳពុកម្តាយ
ម្តាយឳពុកមានគុណបំណាច់ធំធេងណាស់ចំពោះកូន ខ្មែរយើងបានយកលោកទាំង២ធ្វើជាព្រះរស់ខ្លួន។ នៅពេលដែលលោកទាំងពីរបានមរណភាពទៅ អ្នកដែលជាកូនតែងស្វែងរកធ្មេញរបស់លោកយកមកស្រោបមាស ឬឆ្លាក់ជព្រះពាក់ជាប់នឹងខ្លួន ក្នុងជំនឿជឿថា ព្រលឹងលោកទាំងពីរនឹងតាមថែរក្សាខ្លួនគេតរៀងទៅ។ នៅរាល់ថ្ងៃសីលកូនៗតែងដុតធូបរៀបថ្វាយផ្លែឈើ និងផ្កាជូនចំពោះមាតាបិតារបស់ខ្លួនដែរបានចែកឋានទៅ។ ជារៀងរាល់ឆ្នាំកូនចៅតែងនាំគ្នាសែនព្រេន និងបង្សុកូលនៅវត្ត ឬចេតិយឳពុកម្តាយខ្លួន ដើម្បីជាការរំលឹកគុណចំពោះលោក។
២. ព្រលឹងមេបា
ខ្មែរមានជំនឿថា នៅពេលដែលដូនតាជំនាន់ក្រោយបានស្លាប់បាត់បង់ជីវិតទៅ នៅមានព្រលឹមវិលវុលតាមថែរក្សាកូនចៅជំនាន់ក្រោយឲ្យដើរតាមគន្លងធម៌ស្របទៅតាមសីលធម៌សង្គម។ ប្រសិនបើកូនចៅជំនាន់ណាដែលប្រព្រឹត្តខុសពីសីលធម៌របស់មេបានោះ ខ្មែរមានជំនឿថា ព្រលឹងមេបានឹងខឹងសម្បារតាមមកកាច់ដាក់ទារុណកម្មឲ្យឈឺដល់សមាជិកគ្រួសារណាមួយ ដើម្បីឲ្យតាមស្រាវជ្រាវរកអ្នកដែលបានប្រព្រឹត្តកំហុស។
កំហុសចំពោះមេបាត្រូវបានគេបែងចែកចេញជា៣បែប៖
- ខុសមេបាចាស់ទុំ៖ ដោយសារកូនចៅទាស់ទែងគ្នារហូតឈប់និយាយរកគ្នា។ បើសិនជាមេបាប្រកាន់ មេបានឹងតាមកាច់ឲ្យអ្នកណាម្នាក់ឈឺ រហូតដល់មានការសែនព្រេន អង្វរករថាឈប់ប្រព្រឹត្តិទៀតទើបមេបាព្រមលើកលែងឲ្យអ្នកជំងឺនោះជាវិញ។
- ខុសមេបាក្រមុំកម្លោះ៖ ដោយសារក្រមុំបំពានលើសីលធម៌ទៅលួចរួមសង្វាសជាមួយកម្លោះណាម្នាក់ដោយមិនឲ្យម្តាយឳពុកដឹងលឺ។ បើសិនជាមានរឿងនេះមេបាខ្លះគេប្រកាន់ គេនឹងទៅតាមកាច់សមាជិកគ្រួសារណាម្នាក់ឲ្យឈឺ រហូតតាមរកស្រ្តីប្រព្រឹត្តិកំហុសនោះឃើញតាមរយៈបូលពងមាន់។ រកឃើញហើយត្រូវយកស្ត្រីនោះទៅសែនព្រេងក្នុងផ្ទះអ្នកជំងឺដើម្បីសុំខមាលទោស ទើមេបាព្រមលើកលែងឲ្យអ្នកជំងឺនោះជាសះស្បើយវិញ។
- ខុសមេបាផ្កាប់មុខ៖ គឺកើតឡើងដោយសារប្រពន្ធផិតប្តីទៅមានសាហាយ។ ដើម្បីវែករកអ្នកប្រព្រឹត្តិគឺគេវែកមុខតែក្នុងចំណោមនារីណាដែលមានប្តីហើយតែប៉ុណ្ណោះ។
៣. ជំនឿលើជួរដំបួរ (ព្រលឹង)
ក្នុងវង្សត្រកូលនីមួយៗមានជួរជំបួរ២យ៉ាង៖
- ជួរជំបួរខាងម្តាយ ឬល្បាក់សាខាងម្តាយ ឬអារក្សខាងម្តាយ
- ជួរជំបួរខាងឳពុក ឬល្បាក់ខាងឳពុក ឬអារក្សខាងឳពុក
ខ្មែរបុរាណ កាលណាមានមនុស្សក្នុងគ្រួសារណាមួយឈឺ ហើយគ្រូទាយត្រូវត្រង់ជួរជំបួរខាងម្តាយ ឬឳពុកធ្វើគាត់តែងចាត់តាំងពិធីប្រគុំខ្មោច ឬពិធីលៀងអារក្ស ដើម្បីលួងលោលមខ្មោចជួរជំបួរឲ្យឈប់ខឹងសំបានឹងកូនចៅ ដែលបានប្រព្រឹត្តិខុសឆ្គងប៉ះពាល់ដល់ព្រលឹងដូនតាដោយមានរៀបចំសែនព្រេនកំដរដោយភ្លេងអារក្សនៅខាងលើផ្ទះ។
៤. ជំនឿលើគ្រូបាធ្យាយ
គ្រូដែលធ្លាប់មកស្តោះផ្លុំ គ្រូបង្រៀនមើលជំងឺ គ្រូបង្រៀនមន្តអាគម គ្រូបង្រៀនរបាំ តន្រ្តី គុនប្រដាល់ជាដើម គេជឿថាក្រោយពេលស្លាប់ទៅព្រលឹងលោក តែងតែនៅថែរក្សាសិស្សគណតទៅទៀត។ បើគ្រូទាយថាអ្នកជំងឺត្រូវខ្មោចគ្រូបាធ្យាយ ពិសេសគ្រូរំដោះប្រកាន់ធ្វើឲ្យឈឺ គេត្រូវលៀងគ្រូ ឬលៀងឯដី ឬលៀងចំណី ដើម្បីឲ្យលោក ផ្លុំដកពិសពរចេញពីអ្នកជំងឺ។
៥. ជំនឿលើដូនតា-អ្នកតា
ខ្មើរយើងជឿថា អ្នកតាមានកម្លាំងពូកែណាស់ មានមហិទ្ធិរឹទ្ធិអស្ចារ្យ។ អ្នកតាគឺជាបុព្វជនដែលជាអ្នកកាប់ឆ្ការព្រៃកសាងភូមិស្រុកដំបូងបង្អស់ ឬមេកន្ទ្រាញ មេទ័ពខ្លាំងពូកែដែលបានស្លាប់នៅក្នុងបព្វហេតុសង្រ្គាម។ អ្នកតាខ្លះមានខ្ទម រោង អាស្រមជាលំនៅ អ្នកតាខ្លះគ្មានលំនៅទេ។ អ្នកតាមមានឋានៈមិនស្មើគ្នាទេ មានជាន់មានថ្នាក់ទៅតាមលំដាប់លំដោយ។ អ្នកតាខ្មែរមាននៅពាសពេញប្រទេសកម្ពុជាគ្រប់ច្រកល្ហក ដូចជាតាមភូមិ វត្តអារាម វាលស្រែចំការ ព្រៃភ្នំក្រំថ្ម ទន្លេ ស្ទឹង បឹងបួរ សមុទ្រ ដើមឈើធំៗ ទីទួលខ្ពស់ៗជាដើម។
អ្នកដូន និងអ្នកតាដែលខ្មែរយើងនិយមគោរពមកទល់សព្វថ្ងៃនេះមានដូចជា៖ យាយទេព លោកយាយដូនតី ជំទាវម៉ៅ អ្នតាមេ ស អ្នកតាចាស់ស្រុក អ្នកតាម្ចាស់ទឹក ម្ចាស់ដី អ្នកតាទឹក បាយាប(អារក្សទឹក) អ្នកតាភ្នំ (អារក្សភ្នំ) អ្នកតាម្ចាស់ព្រៃ(អារក្សព្រៃ) អ្នកតាសួន…។
៦. ជំនឿលើបារមី
ខ្មែរយើងមានជំនឿទៅលើទសបារមី ដែលជាគុណជាតិដ៏វិសេស ដែលនាំឲ្យព្រះពោធិសត្វបានត្រាស់ដឹង ជាកម្លាំងក្រៅខ្លូនដ៏ខ្លាំងក្លា ជួយមនុស្សឲ្យបានរួចផុតពីសេចក្តីទុក្ខសព្វបែបយ៉ាង។
ភាគច្រើនបារមីច្រើននិយាយសំដីទៅរកព្រះពុទ្ធបដិមា ឬទីណាដែលមានពុទ្ធបដិមាធំៗ មានពុទ្ធបដិមាច្រើនអង្គ ដើមពោធ៍ សត្វខ្លះដែលទាក់ទងនឹងព្រះពុទ្ធ ឬទីតាំងផ្សេងៗ។ បារមីច្រើនសន្ធិតនៅក្នុងវត្ត ព្រះវិហារ ព្រះរាជវាំង ដើមពោធិ៍ធំៗ សត្វគោ សត្វអណ្តើក និងទីសការៈផ្សេងៗទៀតដូចជា ព្រះអង្គដងកើ ព្រះអង្គវិហារសួគ៌ ព្រះអង្គក្រពុំឈូក។ល។
៧. ជំនឿលើរបៀន (មន្តអាគមគាថា)
ពាក្យដែលគេរៀនតៗគ្នាមក សម្រាប់សែក ស្តោះ ផ្លុំឲ្យកើតសេចក្តីសុខ សះជាពីជំងឺ ឲ្យមានមហិរិទ្ធិជាដើម ហៅថា មន្តអាគមគាថា។ មន្តអាគមគាថា ឬរបៀន ត្រូវបានគេប្រើ និងមានរបៀបខុសៗគ្នាដូចជា៖ គាថាសម្រាប់ការពារខ្លួន គាថាសម្រាប់សូត្រស្តោះ ផ្លុំ ស្រោចទឹក គាថាបង្ការ គាថាមន្តស្នេហ៍ និងយន្តផ្សេងៗដូចជា យ័ន្តសិទ្ធិពល មានអំណាច សត្រូវខ្លបខ្លាច យ័ន្តប្រជុំធាតុ សម្រាប់បង្ការអាបធ្មប់ អំពើប្រទូសរ៉ាយ យ័ន្តតេជះ បង្ការខ្មោចព្រាយបិសាចជាដើម។ល។ ក៏ប៉ន្តែយន្ត និងគាថាទាំងអស់នេះអាចពូកែស័ក្តិសិទ្ធិទៅបានលុះត្រាតែអ្នកទទួលគាថា និងយ័ន្តទាំងនោះមានសីលធម៌ខ្ពង់ខ្ពស់ ដឹងគុណគ្រូ ឳពុកម្តាយជានិច្ច ដោយពុំឲ្យមានសេចក្តីប្រមាថឡើយ។
៨. ជំនឿលើសិរីសួស្តីជ័យមង្គល
ខ្មែរយើងជឿថាសេរីមង្គលជ័យមង្គល កើតឡើងដោយសារ ការប្រព្រឹត្តតាមពេលវេលា ដូចជាពេលព្រឹក សិរីសួស្តីនៅត្រង់មុខ ពេលថ្ងៃសិរីសួស្តីនៅត្រង់ទ្រូង និងពេលយប់សិរីសួស្តីនៅត្រង់ជើងជាដើម។ ក្រៅពីនេះ ខ្មែរជឿថាសេរីមង្គលជ័យមង្គល កើតឡើងដោយសារ ការប្រើពណ៌ត្រឹមត្រូវតាមថ្ងៃ ការគោរពដង្ហើមរស់ប្រចាំថ្ងៃ ឬក្សនៃថ្ងៃ និងខែប្រចាំឆ្នាំតាមមហាសង្រ្កាន បំរាមបុរាណ ការដើរព័ន្ធជុំវិញវត្ថុអ្វីមួយ ប្រព្រឹត្តឲ្យមានសេរីសួស្តី ឬដើម្បីសម្តែងសេចក្តីគោរពដូចជា ទក្ខិណាព័ត ឬ ទក្ខិណាវដ្ត ឬប្រទក្សិណ និងឧត្តរាព័ត ឬឧត្តរាវដ្តជាដើម។
៩. ជំនឿលើវត្ថុស័ក្តសិទ្ធ
ខ្មែរមានជំនឿលើរបស់ស័ក្តសិទ្ធិជាច្រើនដូចជា ចែកាច់ ខ្នាយតាន់ នាងពួន កណ្តាញ់ ឬសក់ដាញ់។ ខ្មែរជឿថារបស់ស័ក្តសិទ្ធិទាំងនេះអាចជួយអ្នកថែរក្សាទាំងអស់ឲ្យរួចផុតពីគ្រោះភ័យអន្តរាយផ្សេងៗ។
១០. ជំនឿលើថ្នាំស័កសិទ្ធិ
ខ្មែរមានជំនឿថា នៅលើលោកនេះគឺមានថ្នាំគង់ ដែលអាចជួយឲ្យមនុស្សមានភាពរឹងមាំ ស្បែកគង់កាប់មិនមុតដុតមិនឆេះជាដើម។ ថ្នាំគង់មានច្រើនប្រភេទណាស់ដូចជាថ្នាំគង់បានមកពីការដាំស្លផ្នែកផ្សេងៗនៃរុក្ខជាតិពិសេសៗ បញ្ចូលគ្នាតាមថ្ងៃពិសេសដោយមានការសូត្របាលីព័ទ្ធសីមាពេលស្ល និងសូត្រដាស់ថ្នាំមិនពេលបៀម។ ថ្នាំគង់កើតមកពីអំពើសែកមន្ត វង្សដានមេអាពាត់ លើប្រទាលពិសេស។ កាលណាគេឆីប្រទាលនោះគេនឹងមានស្បែកស្វិតកាប់មិនមុត។ ថ្នាំគង់កើតពីអំពីនៃការត្រាំផ្នែករុក្ខជាតិ និងសត្វពិសេសក្នុងស្រា១ស្រះ ដោយមានព័ទ្ធសីមារៀបរណ្តាប់គ្រូ និងសូត្របាលីរាល់ពេលផឹក ពេលដែលផឹកអស់អ្នកនោះនឹងមានស្បែកគង់ និងថ្នាំគង់ជាច្រើនប្រភេទទៀតដូចជាថ្នាំគង់វាយមិនស្លាប់ ថ្នាំគង់កើតពីការត្រាំប្រមាត់សត្វ៧ប្រភេទ ថ្នាំគង់កើតពីការលាយគ្នា នៃឬសឈើពិសេសៗជាច្រើនយ៉ាងដោយមានព័ទ្ធសីមាជាដើម។
១១. ជំនឿលើគ្រូទាយ
កាលពីជំនាន់មុន នៅក្នុងភូមិនីមួយៗ អ្នកភូមិបានចាត់ទុកគ្រូទាយជាទីប្រឹក្សាសំខាន់ណាស់ ព្រោះគាត់ចេះក្បួនទាយ ជួយគេក្នុងពេលមានអាសន្ន ពេលមានបុណ្យទាន ឬ ពេលធ្វើពិធីតាមទំនៀមទំលាប់ប្រពៃណីផ្សេងៗ។ ជួនកាលនៅពេលបាត់គោក្របី គេទៅរកគ្រូទាយគន់គូររកទិសដើម្បីឲ្យឃើញវិញ ពេលមានបញ្ហានៅក្នុងគ្រួសារ គេទៅរកគ្រូឲ្យគន់គូរមើលជោគជាតារាសី ដើម្បីធ្វើពិធិលើករាសី រំដោះគ្រោះ យោងគ្រោះជាដើម ពេលខ្លះគេទៅរកគ្រូឲ្យជួយគន់គូរមើលទិសនៃគ្រូពេង ឬក៏នៅពេលដែលគេរៀបអាពាហ៍ពិពាហ៍គេទៅរកគ្រូគន់គូរមើលពីថ្ងៃល្អវេលាល្អសម្រាប់គូរសា្វមី ភរិយាក៏មាន។
១២. ជំនឿលើសត្វ
ខ្មែរក៏ដូចជាជនជាតិដ៏ទៃដែរ ជឿថាមានតំណខ្សែរស្រឡាយពីដូនតា ដែលជាសត្វ។ ខ្មែរយើងជឿថា ដើមតំណខ្មែរស្រឡាយរបស់ខ្លួន គឺជាសត្វពស់ ឬនាគ។ ក្រៅពីនេះមានសត្វមាន់ សត្វគោ បង្កួយ ក្របី ដំរី ក្អែប ជាដើម។ កាលពីជំនាន់ដើម បើអ្នកណាគេជឿទៅលើសត្វណាមួយហើយ គេត្រូវតែគោរពបូជាទៅលើសត្វនោះ ព្រោះសត្វនោះនិងផ្តល់សេចក្តីសុខឲ្យគេ ហើយគេហាមមិនឲ្យប៉ះពាល់សត្វនោះជាដាច់ខាតបើពុំនោះទេ អ្នកនោះនឹងត្រូវរងគ្រោះដោយឧបទ្រពចង្រៃផ្សេងៗ។ ក្រៅពីនេះខ្មែរក៏មានជំនឿទៅលើសកម្មភាពផ្សេងៗរបស់សត្វផងដែរ ដូចជាសំលេងរបស់សត្វ សំលេងខ្លែងស្រាក សម្លេងទីទុយ ឬក៏ជាសកម្មភាពជឿទៅលើសត្វរត់ចូលផ្ទះ ឧ. ឆ្កែ ឆ្មារត់ចូលផ្ទះនាំលាភសំណាងដល់ម្ចាស់ផ្ទះជាដើម ការជឿទៅលើសំបុកសត្វ និងត្រណមដែលទាក់ទងនឹងសត្វដំរីជាដើម។
១៣. ជំនឿលើខ្លែង
ខ្មែរក៏មានជំនឿទៅលើការបង្ហោះខ្លែងផងដែរ ចាស់ៗជឿថាការបង្ហោះខ្លែងគឺជាកិច្ចការដែលដឹងគុណដល់ព្រះពាយ ដែលបានផ្តល់ជាខ្យល់ដង្ហើមដល់ការរស់នៅ។ តែប្រសិនបើខ្លែងធ្លាក់លើផ្ទះអ្នកណានោះគេមានជំនឿថា ខ្លែងធ្លាក់លើដំបូលផ្ទះអ្នកណា នឹងនាំគ្រោះកាចដល់ម្ចាស់ផ្ទះ នោះគេត្រូវឲ្យម្ចាស់ខ្លែងធ្វើពិធីបង្កក់ប្រសិទ្ធិលើករាសីឲ្យម្ចាស់ផ្ទះ។
១៤. ជំនឿលើព្រះ
ខ្មែរមានជំនឿទៅលើព្រះភ្លើង ព្រះពាយ ព្រះគង្គា ព្រះធរណី ព្រះពៃស្រពណ៍ និងព្រះគោជាដើម។ ក្រៅពីការមានជំនឿទៅលើរឿងខាងលើនេះ ខ្មែរក៏មានជំនឿទៅលើយន្តផងដែរ ដែលយ័ន្តនេះគេនិយមយកមកប្រើនៅពេលដែលស្រុកកើតមានសង្រ្គាម ឬមុនពេលចេញទៅច្បាំង ដើម្បីទុកជាវត្ថុស័កសិទ្ធិការពារខ្លួន។
ជំនឿទាំងអស់នេះបានកើតឡើងមកជាយូរយារណាស់មកហើយ ជំនឿខ្លះនៅតែមានប្រតិបត្តិដល់បច្ចុប្បន្ន និងជំនឿខ្លះទៀតក៏បានសាបរលាបទៅតាមសម័យកាលរួចទៅហើយ៕
អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា