en     km
en     km

សហភាពសហជីពកម្ពុជាស្នើក្រសួងលុបចោលគម្រោងកែប្រែច្បាប់កាត់បន្ថយប្រាក់ការងារវេនយប់

Share

ភ្នំពេញ៖ សហភាពសហជីពកម្ពុជាស្នើឱ្យក្រសួងការងារ លុបចោលគម្រោងធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ ដែលកាត់បន្ថយអត្រាប្រាក់ការងារវេនយប់ ឱ្យស្មើការងារវេនថ្ងៃ  ។  ក្រសួងការងារអះអាងថា ការគ្រោងវិសោធនកម្មនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ក្នុង​គោលបំណង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ចកម្ពុជា  ។

រាយការណ៍ដោយលោក សោម​ លាភ

សហភាពសហជីពកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ១៤ មករា ឆ្នាំ ២០២០ ដោយបង្ហាញនូវការមិនពេញចិត្ត មិនគាំទ្រ​ និងច្រានចោលចំពោះគម្រោងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលគ្រោងធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ ។

ការគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារនេះ គឺនៅត្រង់មាត្រា ១៤៤ថ្មី ដោយកែសម្រួលអត្រាប្រាក់ឈ្នួលការងារវេនយប់ ឱ្យស្មើនឹងអត្រាបា្រក់ឈ្នួលវេនថ្ងៃ ដែលជាការធ្វើឱ្យបាត់បង់ប្រយោជន៍កម្មករនិយោជិត ។

កាលពីឆ្នាំ ២០១៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ ត្រង់មាត្រា ១៤៤ នេះរួចម្ដងមកហើយ ពាក់ព័ន្ធទៅនឹងប្រាក់ឈ្នួលបន្ថែមម៉ោង និងការងារវេនយប់ ពី ១៥០ % ទៅ ១៣០% នៃប្រាក់ឈ្នួលវេនថ្ងៃ ដែលនេះជាការបាត់បង់ផលប្រយោជន៍សម្រាប់កម្មករនិយោជកម្ដងរួចទៅហើយ ។ នេះបើតាមសេចក្ដីប្រកាសដដែលបានបញ្ជាក់ ។

កាលពី​ថ្ងៃ​ ៩ មករា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​លិខិត​មួយ​ដោយ​បញ្ជាក់ថា ក្រសួង​ការងារ​កំពុង​រៀបចំ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​លើ​ការកែសម្រួល​អត្រា​ប្រាក់​ឈ្នួល​វេន​ការងារ​យប់នេះ ។

នៅក្នុង​លិខិត​នោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បញ្ជាក់ថា ការកែប្រែដើម្បីជាការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ក្នុង​គោលបំណង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ចកម្ពុជា ។

តែយ៉ាងណា សហភាពសហជីពកម្ពុជាហៅការគ្រោងធ្វើវិសោធនកម្មច្បាប់នេះថា ជាជម្រើសដ៏អាក្រក់ ដែលធ្វើឱ្យបាត់បង់ប្រយោជន៍កម្មករដែលធ្វើការវេនយប់ជាបន្តបន្ទាប់ ដែលនេះសរបញ្ជាក់ឱ្យឃើញថា ការវិសោធនកម្មនេះ ធ្វើឡើងដើម្បីផ្គាប់ចិត្តថៅកែក្រុមហ៊ុន ដោយមិនគិតពីផលប្រយោជន៍ និងទុក្ខលំបាករបស់កម្មករនិយោជិត ពិសេសគឺកម្មករនិយោជិតវេនយប់ ។

ចំពោះការវិសោធនកម្មនេះ គឺក៏នឹងធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់កម្មករនិយោជិត វេនថ្ងៃផងដែរ ដែលធ្វើការបន្ថែមម៉ោង ។

សេចក្ដីប្រកាស ដែលចុះហត្ថលេខាដោយលោករ៉ុង ឈុននេះ បានស្នើឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លុបចោលនូវគម្រោងធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ មាត្រា ១៤៤ថ្មីនេះ  ដើម្បីជាការរក្សាផលប្រយោជន៍ដល់កម្មករនិយោជិត ។

សូមបញ្ជាក់ថា ការគ្រោងវិសោធនកម្មច្បាប់ស្ដីពីការងារនេះ ត្រង់មាត្រា ១៤៤ គឺជាការកាត់បន្ថយប្រាក់ឈ្នួលនៃការបន្ថែមម៉ោងរបស់កម្មករវេនថ្ងៃ និងការងារវេនយប់ពី ១៣០% មក ១០០% វិញ ។

កាលពីថ្ងៃទី ១៣ មករា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្ដីពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ ។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ មករា នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយមានការជួយជាជំនួយបច្ចេកទេស ពីអង្គការអន្តរជាតិខាងការងារ ILO ។

សិក្ខាសាលាត្រីភាគីនេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងភាគីសហជីពចំនួន ១៨រូប តំណាងភាគីនិយោជក ឬថៅកែចំនួន ១៧ រូប និងដៃគូររបស់ក្រសួងចំនួន ១១ រូប ដោយមានគោលបំណងដូចជា ដោយកែសម្រួលបញ្ញត្តិ​ពាក់ព័ន្ធនឹងការងារវេនយប់របស់កម្មកររោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការលើសពី១ វេនជាប្រចាំ ។

ការវិសោធនកម្មនេះ គឺដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូចជា រោងចក្រផលិតបរិក្ខាអគ្គីសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារ ដើម្បីជាការបង្កើនការងារជូនប្រជាពលរដ្ឋ ។

ជាងនេះ ដើម្បីពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទបុគ្គល ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបទៅនឹងតម្រូវការរបស់ភាគីវិវាទជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សម្ដៅលើកកម្ពស់ផលិតភាពការងារ និងពង្រីកភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងតំបន់ និងពិភាពលោក តាមរយៈការលុបការឈប់សម្រាកនៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ។

ច្បាប់ស្ដីពីការងារឆ្នាំ ១៩៩៧ មាត្រា ១៤៤ ចែងថា ពាក្យថាយប់ក្នុងច្បាប់នេះ មានន័យថារយៈពេល១១ម៉ោងបន្តបន្ទាប់គ្នាយ៉ាងតិចក្នុងនោះត្រូវមានពេលពីម៉ោង ២២ ឬម៉ោង ១០ ដល់ម៉ោង ៥ ភ្លឺ ។ ក្រៅពីការងារបន្តបន្ទាប់ដែលក្រុមកម្មករផ្លាស់វេនគ្នាធ្វើការជួនថ្ងៃជួនយប់ ការងារនៃសហគ្រាសអាចមានធ្វើមួយផ្នែកនៃពេលវេនយប់ជានិច្ច ។ ការងារវេនយប់ត្រូវឱ្យឈ្នួលតាមអត្រាដែលកម្រិតក្នុងមាត្រា ១៣៩ នៃច្បាប់នេះ ។

មាត្រា ១៣៩ នៃច្បាប់ដដែលចែងថា ក្នុងករណីមានការប្រញាប់ខុសពីធម្មតា តម្រូវឱ្យកម្មករនិយោជិតធ្វើការបន្ថែមក្រៅម៉ោងពេលធម្មតា ម៉ោងបន្ថែមទាំងនេះ ត្រូវឱ្យឈ្នួលតាមអត្រាតំឡើង ៥០ % ។ ប្រសិនបើធ្វើការបន្ថែមនៅពេលឈប់ ឬថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍ត្រូវផ្ដល់ប្រាក់បន្ថែមតាមអត្រាតំឡើង១០០% ។

បើតាមសារាចរលេខ១៨៥ កបសរ ស្ដីពីប្រាក់ឈ្នួលការងារវេនយប់ ធ្វើឡើងកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ បញ្ជាក់ថាកម្មករនិយោជិតដែលធ្វើការនៅពេលយប់ ទោះបីធ្វើការប្ដូរវេនគ្នាក្ដី កម្មករទាំងនោះត្រូវបានប្រាក់ឈ្នួលស្មើនឹង ១៣០ % នៃប្រាក់ឈ្នួលការងារប្រចាំថ្ងៃ ៕

Share

ព័ត៌មានទាក់ទង

Image